មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថាគម្រោងការចរចានោះមិនមានការប្រែប្រួលទេ ៖ «ស្អែកយើងរៀបចំចេញដូចធម្មតា គ្រាន់តែជំហរកម្ពុជានៅដដែល...» ។
មន្ត្រីខ្មែរដែលគ្រោងនឹងធ្វើដំណើរនៅថ្ងៃស្អែកបានឲ្យដឹងថា គណៈប្រតិភូខ្មែរដែលមានចំនួន១០នាក់ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ នឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រទៅឈប់នៅប៉ោយប៉ែត ហើយនឹងធ្វើដំណើរពីប៉ោយប៉ែតតាមរថយន្តទៅជួបចរចាជាមួយគណៈប្រតិភូថៃដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពថៃ លោក ប៊ុនស្រាង ណុបប្រាឌីត នៅក្នុងខេត្តស្រះកែវ ។
ដំណើរបម្រុងជួបចរចារបស់គណៈប្រតិភូប្រទេសទាំង២ គឺដើម្បីដោះស្រាយបញ្ហាជម្លោះមួយនៅឯវត្តក្បែរតំបន់ប្រាសាទព្រះវិហារខ្មែរ ដែលភាគីប្រទេសទាំងពីរបានអះអាងថាជាដីរបស់គេរៀងៗខ្លួន ។
មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថាទោះបីជានៅពេលនេះមានព័ត៌មានស្តីពីការបង្កើនកម្លាំងទ័ពរបស់ថៃក៏ដោយ ក៏កម្ពុជានៅតែរក្សាជំហរអត់ធ្មត់ដដែល ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «យើងបានដឹងហើយថា ទាំងកម្ពុជាទាំងថៃប្ដេជ្ញាចៀសវាងការប៉ះទង្គិចគ្នាដោយអាវុធ ។ អ៊ីចឹងផលប្រយោជន៍ ទោះថៃកើនក្ដី ក៏យើងអត់មានត្រូវការកើនអីទេ...» ៕
