រឿង DJ អាណូ នៅតែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង

រហូត​មក​ដល់​ពេល​នេះ DJ អាណូ នៅតែ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​ដែល​ត្រូវ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​នាង​អះអាង​ថា មិន​ដែល​ឃើញ​នាង​ទៅ​ធ្វើការ​និង​មិន​អាច​ទាក់ទង​បាន។

0:00 / 0:00

ពិធីការនី​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ដែល​ជា​មិត្ត​របស់​កញ្ញា សួន ភក្តី ហៅ អាណូ បាន​ឲ្យ​ដឹង​ថា តាំង​ពី​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថា DJ អាណូ ត្រូវ​គេ​ឆូត​នឹង​ផ្លែ​ឡាម​មក នាង​ទើបតែ​បាន​ឃើញ​មួយ​ភ្លែត​នៅ​ពេល​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​តែ​ប៉ុណ្ណោះ បន្ទាប់​មក​ក៏​មិន​អាច​ទាក់ទង​នាង​បាន​ហើយ​ក៏​មិន​ដឹង​ថា​នាង​នៅ​ទី​ណា​ដែរ។

កញ្ញា សួន ភក្តី ហៅ អាណូ ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​រៀបចំ​បង្ហាញ​មុខ​ឆ្លើយ​បំភ្លឺ​នឹង​ពាក្យ​ចចាមអារ៉ាម​និង​អ្នក​កាសែត​ដែល​លេច​ឮ​ថា នាង​ត្រូវ​ប្រពន្ធ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​បាន​ចាប់​យក​ទៅ​ឆូត​នឹង​ផ្លែ​ឡាម​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា។ DJ អាណូ បាន​បដិសេធ​ថា​នោះ​មិន​មែន​ជា​ការ​ពិត​ទេ។ នាង​ថែម​ទាំង​គំរាម​ថា​នឹង​ប្តឹង​អ្នក​សារព័ត៌មាន​ទៀត​ផង។

DJ អាណូ បាន​បញ្ជាក់​ថា ៖ «ទី​១ គឺ​មាន​អារម្មណ៍​ស្រងាក​ចិត្ត ថា​ហេតុ​អី​បាន​ជា​អ្នក​កាសែត​ទូទៅ​គួរ​ណាស់​តែ​សរសេរ​លើក​ទឹក​ចិត្ត​សិល្បករ សិល្បការិនី បើ​សិន​ជា​សរសេរ​អ៊ីចឹង​ដដែល​ចាំ​ឃើញ​ពិត ឃើញ​នឹង​ភ្នែក មាន​រូបភាព​ដែល​មាន​ឡាម មាន​ឈាម ឬ​ក៏​រូបភាព​អប​លក្ខណ៍​ផ្សេងៗ ចាំ​យក​មក​ចុះ​ថា​នេះ​គឺ​ជា​រឿង​ពិត។ នាង​ខ្ញុំ​គ្រាន់​តែ​និយាយ​ថា នាង​ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្ដឹង»

ប្រធាន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ លោក ខាំពូន កែវមុន្នី ក៏​បាន​លើក​ឡើង​ក្នុង​ការបង្ហាញ​មុខ​របស់​អាណូ​នោះ​ដែរ​ថា នាង​បាន​សុំ​ច្បាប់​ពី​ការងារ​ដើម្បី​ទៅ​សួរ​សុខទុក្ខ​បង​ប្អូន​នៅ​ក្រៅ​ប្រទេស​ដោយ​នាង​សុំ​ឲ្យ​លាក់​ជា​សម្ងាត់​ទើប​លោក​មិន​ដែល​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​អំឡុង​ពេល​នាង​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​នោះ។

បង​ប្រុស​របស់​អាណូ ឈ្មោះ សួន យុទ្ធធ្យា ប្រាប់​ថា​បច្ចុប្បន្ន​នាង​ទៅ​ធ្វើការ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ជា​ធម្មតា។

ទោះ​ជា​យ៉ាង​ណា​អ្នក​សារព័ត៌មាន​បាន​អះអាង​ថា ពួក​គាត់​នៅតែ​បន្ត​តាមដាន​ករណី DJ អាណូ បន្ទាប់ពី​អាណូ​បាន​ចេញ​មុខ​បដិសេធ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ និង​បាន​គំរាម​ថា​ប្តឹង​អ្នក​សារព័ត៌មាន​មក​នោះ។

ចាងហ្វាង​កាសែត​រស្មីកម្ពុជា លោក ប៉ែន សុមិទ្ធិ បាន​អះអាង​ថា ករណី​រឿង​អាណូ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា ការផ្សព្វផ្សាយ​របស់​កាសែត​លោក​កន្លង​មក​គឺ​ផ្នែក​លើ​ប្រភព​ត្រឹមត្រូវ​អាច​ជឿជាក់​បាន ចំណែក​ឯ​ការបកស្រាយ​របស់​កញ្ញា អាណូ តាម​កញ្ចក់​ទូរស្សន៍​នោះ​ហាក់​ដូច​ជា​ការរៀប​ឆុត​ឆាក​មក​សម្ដែង​តែ​ប៉ុណ្ណោះ។

ចំណែក​ឯ​ប្រភព​ដែល​អាច​ជឿ​បាន​នោះ​គឺ​ការចេញ​ផ្សាយ​របស់​វឹបសាយថ៍​វៀតណាម ហើយ​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​នោះ​គឹ​ហេតុ​អ្វី​បាន​ជា DJ អាណូ ទៅ​ជួប​សម្ភាស​ជាមួយ​នឹង​ទស្សនាវដ្ដី​អង្គរធំ​មុន​ទូរទស្សន៍​ដែល​ខ្លួន​ធ្វើការ​ជាមួយ​នោះ។

លោក ប៉ែន សុមិទ្ធិ បាន​ឲ្យ​ដឹង​ថា ៖ «នៅ​ក្នុង​បទសម្ភាសន៍​ហ្នឹង​ទៀត​ក៏​មាន​រឿង​ច្រើន​ដែល​មិន​អាច​នឹង​ជឿ​បាន ដូច​ជា​ករណី​ថា​សុំ​ច្បាប់ ទោះ​បី​ជា​មាន​ការអះអាង​ពី​អគ្គនាយក​របស់​ទូរទស្សន៍​ក៏​ដោយ។ ករណី​ខាង​ដើម​នាង​ហ្នឹង​ទៅ​ណា? នាង​ហ្នឹង​គឺ​គាត់​អត់​បញ្ជាក់​អី​ទាំងអស់។ យើង​ចាំបាច់​ត្រូវតែ​មាន Investigated report»

លោក ប៉ែន សុមិទ្ធិ ក៏​បាន​បន្ថែម​ប្រភព​ដែល​លោក​អាច​ជឿ​ទុក​ចិត្ត​បាន​ថា ៖ «ប្រភព​ភាគ​ច្រើន​បំផុត​គឺ​ថា​យើង​បាន​ពី​អ្នក​ដែល​ធ្វើការ... ដែល​គួរ​ឲ្យ​ជឿ​បាន។ គឺ​យើង​ជឿ​ទៅ​លើ​ការសរុប​នៃ​ប្រភព​ផ្សេងៗ​គ្នា​ទាំងអស់​ចូល​គ្នា​ទៅ យើង​អាច​ជឿ​បាន​ថា​វា​អ៊ីចឹង»

លោក​បន្ត​ថា គ្រប់​អ្នក​សារព័ត៌មាន​ទាំងអស់​បាន​សរសេរ​រឿង​របស់​នាង​មាន​បំណង​អាណិត​ជួយ​ការពារ​នាង​ប្រសិន​បើ​រឿង​នោះ​កើត​ឡើង​ចំពោះ​នាង​ពិត​ប្រាកដ​នោះ។

និពន្ធ​នាយក​របស់​កាសែត​កោះសន្តិភាព លោក សែម ផលគុណ បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា លោក​បាន​ទទួល​ព័ត៌មាន​ថា អាណូ​ត្រូវ​គេ​ឆូត​នឹង​ផ្លែម​ឡាម​នោះ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ម្នាក់​មុន​នឹង​ពាក្យ​ចចាមអារ៉ាម​ទៀត ប៉ុន្តែ​លោក​មិន​ទាន់​ចុះ​ផ្សាយ បន្ទាប់​ពី​លោក​ធ្វើការ​ស៊ើបអង្កេត​ជាមួយ​នឹង​ក្រុម​គ្រួសារ​ដោយ​គ្មាន​ការសហការ​និង​នៅ​កន្លែង​ធ្វើការ​របស់​នាង ទើប​លោក​សម្រេច​ថា​ចុះ​ផ្សាយ។

លោក សែម ផលគុណ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ដឹង​គេ​ប្រាប់​មក​តាម​អ្នក​ជិតស្និទ្ធ​អី​ខ្លះ​គេ​ខ្សឹប​ប្រាប់​អ៊ីចឹង ប៉ុន្តែ​ខ្ញុំ​ធ្វើ​មិន​ដឹង​មិន​ឮ​ព្រោះ​វា​អត់​មាន​ហេតុផល​អី​សោះ ស្រាប់​តែ​ទស្សនាវដ្ដី​មួយ​ចេញ​ផ្សាយ។ ទស្សនាវដ្ដី​មួយ​ចេញ​ផ្សាយ​ខ្ញុំ​ក៏​ឲ្យ​គេ​ជាវ​យក​មក​មើល​ទៅ ខ្ញុំ​មើល​ហេតុផល​អស់​ហ្នឹង​ទៅ គេ​អះអាង​ថា​ប្រភព​ច្បាស់ការណ៍​ណាស់ ហើយ​វា​ស៊ីសង​ទៅ​នឹង​ពាក្យ​ចចាអារ៉ាម​ដែល​ខ្ញុំ​ឮ​មុន​ហ្នឹង​ទៀត ខ្ញុំ​ដឹង​មុន​ហ្នឹង​ទៀត វា​ដូច​ប្រហាក់​ប្រហែល​គ្នា​ក៏​ខ្ញុំ​ចាប់​អារម្មណ៍​ពី​បញ្ហា​ហ្នឹង។ ខ្ញុំ​បាន​មក​ខ្ញុំ​ទុក​ទៀត ខ្ញុំ​មិន​ទាន់​ផ្សាយ​ម៉េច​ទេ ខ្ញុំ​មើល​សិន ព័ត៌មាន​យើង​មិន​មែន​ចេះតែ​យើង​អង្គុយ​ស្រមៃ​នឹក​ឃើញ​ទេ ហើយ​យើង​បាន​ទៅ​តាម​សួរ​ដល់​ប្រភព​ដើម​របស់​នាង​ទៀត​គឺ​ទូរទស្សន៍​ហ្នឹង​ហើយ ផ្សាយ​ដំណើរ​របស់​ខ្ញុំ​អ៊ីចឹង សួរ​ទៅ​ខាង​ហ្នឹង​គេ​បដិសេធ​គេ​ថា​គេ​អត់​ដឹង​អត់​ឮ​អី​ទេ ការងារ​ហ្នឹង​គឺ​តាម​លំដាប់​អ៊ីចឹង​ទេ មិន​បាន​ប្រឌិត​អី​មួយ​ទេ»

ចាងហ្វាង​ការផ្សាយ​ទស្សនាវដ្ដី​ខ្មែរអប្សរា លោក អ៊ិន សុផាណ្ណា មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​លោក​កំពុង​ព្យាយាម​ជួប DJ អាណូ ដោយ​ផ្ទាល់ បើ​សិន​ជា​នាង​ជា​មនុស្ស​ស្អាតស្អំ នាង​មិន​គួរ​គេច​មុខ​ពី​អ្នក​សារព័ត៌មាន​នោះ​ទេ។

លោក អ៊ិន សុផាណ្ណា បាន​ឲ្យ​ដឹង​ថា ៖ «រឿង​ហ្នឹង​គេ​អាច​ចាត់ទុក​ជា​រឿង​ប្រឌិត​ហើយ ព្រោះ​គ្រួសារ​មិន​អាច​ចេញ​មុខ ហើយ​រឿង​វា​ធ្វើ​ឲ្យ​ចលាចល ហើយ​ក្នុង​ហ្នឹង​មាន​ទាំង​ខាង​អ្នក​គ្រប់គ្រង​បុគ្គលិក​របស់​គាត់​អត់​ចេញ​មុខ។ អា​ហ្នឹង​ធ្វើ​ឲ្យ​រឿង​វា​ច្របូក​ច្របល់ ហើយ​អា​ហ្នឹង​មិន​មែន​សារព័ត៌មាន​អ្នក​បង្កើត​ឯណា អា​ហ្នឹង​ខាង​មហាជន​ដែល​គាំទ្រ​អ្នក​បង្កើត អ៊ីចឹង​អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​ព័ត៌មាន​ហ្នឹង វា​ទាល់​ខាង​ប្រធាន​របស់​គាត់​អ៊ីចឹង ទទួល​ដឹង​ខុស​ត្រូវ ហើយ​យើង​ទប់ទល់​សភាពការណ៍​អ៊ីចឹង​ហើយ​បាន​ជា​យើង​ឡើង​ចេញ​មក​បដិសេធ បន្ទោស​ទេ ហើយ​នៅ​បន្ត​ស៊ើបអង្កេត​រឿង​ហ្នឹង ពិសេស​ចង់​ជួប​សាមី​ខ្លួន​តែម្ដង»

បើ​តាម​វឹបសាយថ៍ VietNamNet Bridge បាន​សរសេរ​កាលពី​ពេល​ថ្មីៗ​នេះ​ថា មុន​ពេល DJ អាណូ ចូល​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម អាណូ​បាន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ក្នុង​ទីក្រុង​ភ្នំពេញ។ វឹបសាយថ៍​នោះ​ក៏​បាន​សរសេរ​ទៀត​ថា អាណូ​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ឈ្មោះ The French-Vietnamese នៅ​ក្រុង​ហូជីមិញ នាង​បាន​ជា​ពី​ស្នាម​របួស​ក្នុង​រយៈពេល​មួយ​សប្តាហ៍។ វឹបសាយថ៍​នោះ​បន្ត​ថា យោង​តាម​ស្នាម​របួស​នៅ​លើ​ដង​ខ្លួន​របស់​នាង​គឺ​នាង​មិន​អាច​បន្ត​អាជីព​ជា​ពិធីការិនី​នៅ​តាម​កញ្ចក់​ទូរស្សន៍​ទៀត​បាន​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ The French-Vietnamese នៅ​ក្រុង​ហូជីមិញ សួរ​ថា​តើ DJ អាណូ បាន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​នោះ​ដែរ​ទេ? អ្នក​ទទួល​ទូរស័ព្ទ​ឆ្លើយ​ថា គេ​មិន​អាច​ជម្រាប​ព័ត៌មាន​នេះ​បាន​ទេ​សូម​ឲ្យ​សួរ​ទៅ​ក្រុម​គ្រួសារ​របស់​នាង​ទៅ។

ចំណែក​ឯ​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​បាន​បដិសេធ​ថា លោក​មិន​បាន​ដឹង​រឿង​ថា​អាណូ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​នោះ​ទេ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការចោទ​ប្រកាន់​របស់ DJ អាណូ ថា នៅ​ប្រទេស​កម្ពុជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​មិន​បាន​គោរព​ក្រម​សីលធម៌​ពិត​មែន ប៉ុន្តែ​ក៏​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​គោរព​តាម​វិជ្ជាជីវៈ​របស់​ពួក​គេ​ត្រឹមត្រូវ​ហើយ​ការផ្សាយ​របស់​ពួក​គេ​អាច​ទទួល​យក​បាន៕