រោងចក្រចម្រាញ់ប្រេងកាតនោះគេគ្រោងសាងសង់ចាប់ពីឆ្នាំ២០១៣ ដោយប្រើរយៈពេលប្រមាណ ៣៦ខែ ឬ ៣ឆ្នាំ និងត្រូវចំណាយថវិកាសរុបជាង ២.៣០០លានដុល្លារអាមេរិក។
មន្ត្រីក្រុមហ៊ុនបានឲ្យដឹងថា គម្រោងនេះប្រកាសឡើងជាផ្លូវការ ក្រោយពីក្រុមហ៊ុនបានធ្វើការសិក្សាលម្អិតអំពីទីផ្សារ និងបរិស្ថាននៅមុនការសាងសង់នោះ។
រោងចក្រនេះគេគ្រោងសាងសង់នៅលើទីតាំងស្ថិតនៅចន្លោះខេត្តកំពត និងខេត្តព្រះសីហនុ ដែលមានសមត្ថភាពចម្រាញ់ប្រេងកាតចំនួនជាង ៥លានតោនក្នុងមួយឆ្នាំៗ ដើម្បីលក់នៅក្នុងស្រុក និងនាំចេញទៅប្រទេសក្នុងតំបន់។ ការដំឡើងរោងចក្រចម្រាញ់ប្រេងនេះ នៅគ្រាដែលកម្ពុជា តែងតែនាំចូលប្រេងឥន្ធនៈចំនួនជាង ១លានតោនក្នុងមួយឆ្នាំៗពីប្រទេសវៀតណាម ថៃ និងប្រទេសសិង្ហបុរី។
ក្រុមហ៊ុនឯកជនចំនួនពីរដែលបានចុះហត្ថលេខាជាមួយអាជ្ញាធរជាតិប្រេងកាតកម្ពុជា នោះ មានដូចជា ទី១ ក្រុមហ៊ុនក្នុងស្រុកឈ្មោះ ខេមបូឌា ប៉េត្រូលែម ស៊ីមិខល (Cambodian Petroleum Chemical Co. Ltd) និងក្រុមហ៊ុនរបស់ប្រទេសចិន ឈ្មោះ ស៊ីណូម៉ាច ឆៃណា ផឺហ្វិច ម៉ាឆិនើរី អ៊ីនដាស់ទ្រី (Sinomach China Perfect Machinery Industry Co. Ltd)។
រដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន និងជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រេងកាតកម្ពុជា បានមានប្រសាសន៍ក្រោយពីបានចុះហត្ថលេខានោះថា រោងចក្រចម្រាញ់ប្រេងកាតនេះ គឺជាការជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៖ «អីចឹង នេះជាធុរកិច្ចមួយយ៉ាងធំ ដែលតម្រូវឲ្យអ្នកធ្វើហ្នឹងគណនាបច្ចេកវិទ្យាខ្ពស់ និងទំហំទុនដាក់ហ្នឹងធំគ្រប់គ្រាន់ និងការប្រកួតប្រជែងទៅថ្ងៃអនាគត»។
អគ្គនាយកនៃក្រុមហ៊ុនចិន លោក ចាង ស៊ូកាង (Zhang Sugang) បានមានប្រសាសន៍ជាភាសាចិន ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា ក្រុមហ៊ុនប្រើប្រាស់ឧបករណ៍ទំនើបៗ និងបច្ចេកវិទ្យាទំនើបៗក្នុងការចម្រាញ់ប្រេងកាតនៅកម្ពុជា នេះ៖ «ស្របពេលដែលចំណងមិត្តភាពកម្ពុជា-ចិន មានការរីកចម្រើនកាន់តែស៊ីជម្រៅឥតឈប់ឈរនាប៉ុន្មានឆ្នាំកន្លងមកនេះ សហគ្រាសចិន កាន់តែច្រើនបានចូលរួមចំណែកក្នុងការកសាងប្រទេសកម្ពុជា។ ក្រុមហ៊ុន ស៊ីណូម៉ាច ឆៃណា ផឺហ្វិច ម៉ាឆិនើរី អ៊ីនដាស់ទ្រី ដែលជាសម្ព័ន្ធរបស់ក្រុមហ៊ុន ឆៃណា ណេសិនណល ម៉ាឆិនើរី អ៊ីនដាស់ទ្រី (China National Machinery Industry) មានសុទិដ្ឋិនិយមអំពីស្ថានភាពវិនិយោគនៅកម្ពុជា និងចូលរួមយ៉ាងសកម្មក្នុងគម្រោងវិស្វកម្មផ្គត់ផ្គង់សម្ភារៈ និងសាងសង់រោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា»។
ដោយឡែក តំណាងក្រុមហ៊ុនកម្ពុជា លោក ម៉ៅ ចិត្រាវុទ្ធ បានមានប្រសាសន៍ថា មានការចរចា និងសិក្សា គឺស៊ីរយៈពេលសរុប ៧ឆ្នាំកន្លងមក រហូតដល់មានការចុះហត្ថលេខានេះ៖ «អ្នកឧកញ៉ាប្រធានក្រុមហ៊ុន (លោក ស៊ីវ គង់ទ្រីវ) សូមថ្លែងអំណរគុណចំពោះដៃគូរបស់យើង ដែលមកពីប្រទេសចិន ដែលបានធ្វើការងារធំៗយ៉ាងច្រើនជាមួយគ្នា ហើយឈានដល់ការផ្តល់ការទុកចិត្តធ្វើឲ្យយើងឈានដល់ការចុះហត្ថលេខាជាមួយគ្នានៅថ្ងៃនេះ»។
គម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា នេះ គឺនៅស្របពេលដែលគម្រោងការបូមយកប្រេងកាតនៅបាតសមុទ្រកម្ពុជា ដោយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ឈ្មោះ សឺវរ៉ុន (Chevron) នោះ ត្រូវបានពន្យារពេលពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ វិញ។
ប្រធានអាជ្ញាធរប្រេងកាតកម្ពុជា លោក សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា ការរាវរកប្រេងកាតដោយក្រុមហ៊ុនមួយចំនួននៅតែបន្ត ប៉ុន្តែនៅមិនទាន់មានលទ្ធផលនៅឡើយ។ រីឯការចរចាលើបញ្ហាពន្ធដារ និងប្រាក់ចំណូលពីប្រេងកាតនោះ នឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។
កន្លងមក អង្គការសង្គមស៊ីវិល រាប់ទាំងអង្គការសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាននៅកម្ពុជា បានទាមទារឲ្យរដ្ឋាភិបាលគ្រប់គ្រងប្រាក់ចំណូលធនធានប្រេងកាតឲ្យមានប្រសិទ្ធភាព និងតម្លាភាព ដោយជៀសវាងនូវអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
