មន្ត្រី​បក្ស​សិទ្ធិ​មនុស្ស​នៅ​ស្វាយរៀង​គ្រោង​ដាក់​ពាក្យ​ប្ដឹង​មេ​ឃុំ

មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​ខេត្ត​ស្វាយរៀង គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ប្ដឹង​មេ​ឃុំ​ម៉ឺនជ័យ​ថា បាន​ទម្លាក់​និង​បំផ្លាញ​ស្លាក​គណបក្ស​របស់​ខ្លួន ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​នៅ​ថ្ងៃ​ស្អែក​នេះ ទោះ​បី​ជា​ស្លាក​គណបក្ស​ដែល​បាត់​ត្រូវ​បាន​រក​ឃើញ​និង​លើក​ស្លាក​ឡើង​វិញ​ក្រោយ​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស​រដ្ឋបាល និង​អង្គការ​សង្គម​ស៊ីវិល ។

លោក អ៊ុំ វណ្ណផាត អនុ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ខេត្ត​ស្វាយរៀង​បាន​បញ្ជាក់​ថា ស្លាក​គណបក្ស​សិទ្ធិ​មនុស្ស​មួយ​នៅ​ក្នុង​ឃុំ​ម៉ឺនជ័យ ស្រុក​រំដួល ត្រូវ​បាន​ផ្តួល​រំលំ​នៅ​ថ្ងៃ​ទី​២៥ ក្រោយ​ការ​គំរាម​ផ្ទាល់​ពី​លោក​មេ​ឃុំ​ម៉ឺន​ជ័យ​មួយ​យប់ ដោយ​លោក​យល់​ថា​ការ​បាត់​ស្លាក​នេះ​ពិត​ជា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​លោក​មេ​ឃុំ ។

លោក អ៊ុំ វណ្ណផាត បាន​ឲ្យ​ដឹង​ថា ៖ «គំរាម​កុំ​ឲ្យ​ខ្ញុំ​ដាក់ ខ្ញុំ​ថា​ខ្ញុំ​ត្រូវតែ​ដាក់​ពីព្រោះ​ខ្ញុំ​មាន​ច្បាប់​ពី​ក្រសួង​មហាផ្ទៃ ខ្ញុំ​នឹង​មាន​សិទ្ធិ​លើក​ស្លាក គាត់​ថា​អត់​ទេ គាត់​នឹង​ទម្លាក់ ។ ដល់​ជាក់ស្ដែង​យើង​លើក​ពេល​ល្ងាច ព្រលឹម​ឡើង​ឃើញ​ធ្លាក់​អ៊ីចឹង​មែន»

លោក អ៊ុំ វណ្ណផាត បាន​បញ្ជាក់​ថា​លោក​នឹង​ដក​ពាក្យ​បណ្តឹង​វិញ ដរាបណា​មេ​ឃុំ​ព្រម​សារភាព​និង​លើក​ពី​មូលហេតុ​ដែល​ធ្វើ​បែប​នេះ ។ លោក​នៅ​មាន​បំណង​ចង់​បាន​សំណង​ការ​ខូត​ខាត និង​ការ​គោរព​ច្បាប់ និង​នីតិ​វិធី​បោះឆ្នោត​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

លោក ម៉ៃ រឿន មេ​ឃុំ​ម៉ឺនជ័យ​ដែល​ត្រូវ​ចោទ​ប្រកាន់​ដោយ​គណបក្ស​សិទ្ធិមនុស្ស​បាន​បកស្រាយ​ថា ៖ «គាត់​ក៏​មិន​បាន​យក​លិខិត​ស្នាម​ឲ្យ​ខ្ញុំ​មើល ខ្ញុំ​ក៏​ជួប​គាត់​រយៈពេល​ខ្លី​ចុង​ក្រោយ​ល្ងាច​ហើយ​ទេ ឯ​គាត់​ដើរ​ដាក់​ហើយ​ទៅ​ហើយ ហើយ​ដល់​មាន​បញ្ហា​បាត់បង់​ឬ​យ៉ាង​ម៉េច​យ៉ាង​ម៉ា គាត់​ចោទប្រកាន់​ខ្ញុំ ដល់​អ៊ីចឹង​ទៅ​ខ្ញុំ​សុំ​យោបល់​ខាង​លើ​ថា យើង​មិន​បាច់​នេះ​ទេ ព្រោះ​យើង​មិន​ទៅ​ពាក់ព័ន្ធ​ផង ហើយ​ស្លាក​ដែល​បាត់​ហ្នឹង​ក៏​ឃើញ​វិញ​ដែរ ខាង​សមត្ថកិច្ច​គេ​រក​ឃើញ មិន​ដឹង​នរណា​យក​ទៅ​ចោល ?»

លោក សូរ្យ ទិត្យ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ស្វាយរៀង​យល់​ថា នេះ​ជា​ការ​សន្និដ្ឋាន​ដែល​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់ ដូច្នេះ​វា​ពិបាក​នៅ​ក្នុង​ការ​ដាក់​បន្ទុក​ណាស់ តែ​ប្រសិន​បើ​រកឃើញ​ថា​បុគ្គល​ណា​មួយ​បាន​ទម្លាក់​ស្លាក​គេ​ពិត​មែន ជន​នោះ​ពិត​ជា​មាន​ទោស​ទៅ​តាម​បទបញ្ជា​និង​នីតិ​វិធី​នៃ​ការ​បោះ​ឆ្នោត ។

លោក សូរ្យ ទិត្យ បាន​មាន​ប្រសាសន៍​ថា ៖ «គ្រាន់តែ​ជា​ការ​សន្និដ្ឋាន យើង​អត់​មាន​ភស្តុតាង​អត់​មាន​សាក្សី ហើយ​ចោទ​ប្រកាន់​គេ វា​ពិបាក​ដែរ​អា​ហ្នឹង ។ យើង​ទម្លាក់​ស្លាក​គេ យើង​ត្រូវតែ​មាន​ទោស ហើយ​ទោស​កម្រិត​ណាៗ​នោះ វា​ចែង​ទៅ​លើ​អំពើ​ល្មើស​របស់​បុគ្គល»

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ខុមហ្វ្រែល លោក គល់ បញ្ញា យល់​ថា​ការ​ដាក់​ទណ្ឌកម្ម​និង​ពិន័យ វា​ជា​ជំហាន​ក្រោយ​ទេ តែ​លទ្ធផល​ដែល​ល្អ​បំផុត​គឺ​ការ​លើក​ស្លាក​របស់​គណបក្ស​ឡើង​វិញ ។

លោក គល់ បញ្ញា បាន​បញ្ជាក់​ថា ៖ «ទោះបី​បាន​ផ្សះផ្សា​ក៏ដោយ ប៉ុន្តែ​រឿង​ហ្នឹង​ត្រូវតែ​ដាក់​ទោស ក្នុង​ន័យ​ថា កុំ​ឲ្យ​មាន​រឿង​ហ្នឹង​កើត​អ៊ីចឹង​ទៀត ព្រោះ​ខ្ញុំ​គិត​ថា មាន​អី​ដែល​គណបក្ស​អាច​ដំណើរការ​នៃ​ការ​ប្ដឹងផ្តល់​ហ្នឹង​ទៅ ប៉ុន្តែ​តាម​ធម្មតា​ការ​ដាក់​ទណ្ឌកម្ម​លើ​បញ្ហា​ហ្នឹង​អាច​បញ្ហា​រឿង​រដ្ឋបាល​រឿង​អី»

តាម​ការ​បញ្ជាក់​របស់​អនុ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ខេត្ត​ស្វាយរៀង លោក អ៊ុំ វណ្ណផាត បាន​ឲ្យ​ដឹង​ថា ស្លាក​គណបក្ស​សិទ្ធិមនុស្ស​នៅ​ក្នុង​ខេត្ត​មាន​ចំនួន​៣០០​ស្លាក ដោយ​រាប់​បញ្ជូល​ទាំង​ស្លាក​ក្រដាស ក្រណាត់ និង​ស្លាក​ដែក ។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ស្លាក​ទាំង​នោះ​ត្រូវ​បាន​គេ​លួច​បាត់ កាច់​បំបាក់​នៅ​កន្លែង និង​វ៉ៃ​កម្ទេច​ចោល​ប្រហែល ២០​ស្លាក ។

មន្រ្តី​គណបក្ស​សិទ្ធិមនុស្ស​ដដែល​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​បណ្តឹង​ចំនួន​២ នឹង​ទៅ​ដល់​ការិយាល័យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​នៅ​ព្រឹក​ស្អែក​នេះ ដោយ​រួម​ទាំង​បណ្តឹង​ដូច​គ្នា​មួយ​ករណី​ទៀត នៅ​ឃុំ​ដូនស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ៕