កាលពីរសៀលថ្ងៃសៅរ៍ ទី ២៦ កញ្ញា ត្រូវនឹងព្រឹកថ្ងៃអាទិត្យ ម៉ោងនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងនោះ ក៏បានថ្លែងក្នុងលំដាប់លំដោយ ក្រោយលោកនាយករដ្ឋមន្ត្រីប្រទេសស្រីលង្កា និងមុនលោកឧបនាយករដ្ឋមន្ត្រីប្រទេសចាម៉ៃកា បង្ហាញអំពីជំហររបស់កម្ពុជាជុំវិញវិបត្តិពិភពលោក ជូនមហាសន្និបាត អ.ស.ប. លើកទី៦៤ ដែលប្រព្រឹត្តទៅនាបូរីញូវយ៉កនេះ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងជារដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃរាជាណាចក្រកម្ពុជា បានជម្រាបមហាសន្និបាតអង្គការសហប្រជាជាតិអំពីការចូលរួមយកចិត្តទុកដាក់នៃប្រទេសកម្ពុជា ចំពោះវិបត្តិទាំងឡាយដែលពិភពលោកកំពុងប្រឈមមុខ។
លោកបានលើកឡើងបញ្ហាធំៗមួយចំនួនដែលពិភពលោកកំពុងជួបប្រទះ «គ្រប់ៗគ្នាមានក្ដីកង្វល់ចំពោះវិបត្តិមួយចំនួនដែលពិភពលោកយើងកំពុងតែប្រឈមមុខ។ វិបត្តិទាំងនោះមានរួមទាំងវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកលលោក ការប្រែប្រួលអាកាសធាតុ ភាពអសន្តិសុខ ម្ហូបអាហារ និងថាមពល ព្រមទាំងការគំរាមកំហែងពីអំពើភេរវកម្ម និងអាវុធប្រហល័យលោកជាដើមផង»។
ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចសកលលោក លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងអំណរគុណចំពោះប្រទេសឧស្សាហកម្ម២០ ដែលបានប្រជុំគ្នានៅទីក្រុងភិតស៍ប៊ើក (Pittsburgh) កន្លងផុតទៅ ២ថ្ងៃមុននេះ និងការប្រជុំមួយទៀតនៅទីក្រុងឡុងដ៍ កាលពីខែមេសា កន្លងទៅ ដើម្បីការពារសង្គម ដែលប៉ះពាល់ដល់វិបត្តិសេដ្ឋកិច្ចនេះ។
រីឯវិបត្តិដែលបណ្ដាលមកពីការប្រែប្រួលបរិយាកាសវិញ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានជម្រាបមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៦៤ យោងតាមការបង្ហាញពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានឲ្យដឹងថា ការប្រែប្រួលបរិយាកាសនេះនឹងធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាក្រុមប្រទេសផលិតស្រូវអង្ករធំជាងគេក្នុងពិភពលោកនោះ បាត់បង់ចំណូលក្នុងស្រុកប្រចាំឆ្នាំរហូតដល់ជិត ៧%។
ចំពោះប្រទេសកម្ពុជា ដែលមានពលរដ្ឋជាង ៨០% ប្រកបរបរកសិកម្មនោះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានមានប្រសាសន៍ថា កម្ពុជាបានចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនេះ តាំងពីឆ្នាំ ២០០៣ មកម្ល៉េះ។ ទាក់ទងនឹងបញ្ហាសន្តិភាពពិភពលោកវិញ លោកបានថ្លែងគាំទ្រលោកប្រធានាធិបតី អូបាម៉ា នៃសហរដ្ឋអាមេរិក ដែលកាលពីថ្ងៃពុធ កន្លងទៅនេះ អំពាវនាវឲ្យបញ្ឈប់ការរីកសាយនៃអាវុធនុយគ្លេអ៊ែរ ដើម្បីឲ្យពិភពលោកនេះមិនបាច់មាននុយគ្លេអ៊ែរទៀតឡើយ។
លោកអំពាវនាវចំពោះប្រទេសកូរ៉េខាងជើង ឲ្យត្រឡប់ចូលមកកាន់តុចរចាជាមួយភាគីជាថ្មីវិញ ហើយថាការចរចានេះគឺជាវេទិកាសមរម្យបំផុតសម្រាប់កាលៈទេសៈនេះ។ លោកក៏បានជំរុញឲ្យបក្សពួកច្បាំងគ្នាទាំងឡាយនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងប្រើអំពើហិង្សានោះឲ្យឈប់ប្រើប្រាស់កម្លាំងយោធាជាបន្ទាន់ ដើម្បីបើកផ្លូវឲ្យមានដំណោះស្រាយសន្តិភាព ដោយការកសាងឡើងដោយរដ្ឋប៉ាឡេស្ទីនមួយ ដែលរស់នៅជាប្រទេសសន្ដានព្រៀងលានដ៏ល្អជាមួយប្រទេសអ៊ីស្រាអ៊ែល ប្រកបដោយសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរនេះ។
ទាក់ទងនឹងកំណែទម្រង់នៃអង្គការសហប្រជាជាតិវិញ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានសុំឲ្យពិភពលោកកែលម្អអង្គការកំពូលពិភពលោកមួយនេះ ដោយផ្អែកទៅលើផលប្រយោជន៍សន្តិភាព និងសន្តិសុខ ព្រមទាំងការអភវិវឌ្ឍនៃសហគមន៍អន្តរជាតិ ហើយមិនគប្បីកែទម្រង់ ដើម្បីបានជាផលប្រយោជន៍នៃប្រទេសណាមួយឡើយ៕