ថ្លែងក្នុងបទសម្ភាសន៍កាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ លោក យ៉ងសាំង កុមារ បានឲ្យដឹងថា កសិករដែលប្រកបរបរកសិកម្មទាំងនោះ បច្ចុប្បន្ននៅមានស្រូវក្នុងជង្រុកខ្លះអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានតែក្នុងអំឡុងពីរខែទៀត គឺចាប់ពីខែឧសភារហូតដល់ពាក់កណ្តាលខែកក្កដាខាងមុខនេះ ក៏ប៉ុន្តែកសិករទាំងនោះនឹងប្រឈមទៅនឹងការទិញអង្ករក្នុងរយៈពេលពីខែទៀតនេះ ។
លោក យ៉ងសាំង កុមារ បានមានប្រសាសន៍ថា ៖ «ក្នុងរយៈពេល ២-៣ខែទៅមុខទៀតហ្នឹង គឺគួរតែរដ្ឋាភិបាលមានអង្ករ មានអង្ករដើម្បីព្រលែងលក់ក្នុងតម្លៃថោក ដើម្បីវាទាញតម្លៃហ្នឹង កុំឲ្យវាឡើងខ្ពស់ឲ្យវាធ្លាក់ចុះមកបន្តិចទៅ អ៊ីចឹងវាអាចជួយសម្រាលហើយ ។ នៅដើមរដូវហ្នឹងគួរតែជំរុញឲ្យគាត់ធ្វើស្រែដើមរដូវ ព្រោះរដូវវស្សាវាអាចធ្វើបានពីរដង ដើមរដូវមួយសាទៅ ច្រូតប្រហែលជាខែ៨ ខែអីហ្នឹង បន្ទាប់មកវាអាច ២-៣ខែទៀត ប៉ុន្តែអាហ្នឹងវាអាស្រ័យលើរបបទឹកភ្លៀង កន្លែងដែលវាជិតប្រភពទឹកអីដែរណា៎ ។ អ៊ីចឹងបើយើងជំរុញអ៊ីចឹងទៅ យើងអាចធ្វើឲ្យបរិមាណស្រូវ អង្ករ វាអាចកើនដល់រាប់ម៉ឺនតោន... ជួយសម្រាលដែរ» ។
រដ្ឋាភិបាលកម្ពុជាកាលពីពេលកន្លងទៅថ្មីៗនេះ បានប្រកាសផ្អាកលក់និងនាំអង្ករចេញទៅក្រៅប្រទេសក្នុងរយៈពេល ២ខែ ដើម្បីទប់ស្កាត់ការខ្វះអង្ករនៅក្នុងស្រុកបន្ទាប់ពីកម្ពុជាទទួលរងឥទ្ធិពលអតិផរណាឡើងខ្ពស់នាពេលបច្ចុប្បន្ននេះ ។
បើតាមលោក យ៉ងសាំង កុមារ វិធានការបណ្តោះអាសន្នរបស់រដ្ឋាភិបាលអាចជួយបានខ្លះពិតប្រាកដមែន ក៏ប៉ុន្តែតម្លៃទំនិញផ្សេងៗនៅលើទីផ្សារនៅតែឡើងថ្លៃដដែល ។
លោកស្រី ហេង សុខនារី ជាអ្នកលក់បាយសម្លនៅជិតផ្សារបឹងកេងកង ក្រុងភ្នំពេញ បានត្អូញត្អែរថា មុខទំនិញគ្រប់ប្រភេទបានឡើងថ្លៃមួយទ្វេជាពីរ ៖ «សាច់ជ្រូកពីមុនមួយគីឡូក្រាមថ្លៃ ១ម៉ឺនរៀល សព្វថ្ងៃឡើងរហូតដល់ ១៨០០០រៀល សាច់សុទ្ធថ្លៃ ២ម៉ឺនរៀល សាច់បីជាន់ថ្លៃ ១៧០០០រៀល បន្លែបង្ការឡើងជាងពាក់កណ្តាល ពី ១០០០រៀលក្នុង១គីឡូក្រាមឡើងរហូតដល់ជាង ៣០០០រៀល» ។
លោកស្រីបានបន្តថា តម្លៃអតិផរណាលើទីផ្សារបានធ្វើឲ្យការលក់ដូរបាយសម្លរបស់លោកស្រីជួបឧបសគ្គខើចភ្ញៀវនៅពេលលោកស្រីលក់ឡើងថ្លៃ ដើម្បីទប់នឹងតម្លៃទំនិញទីផ្សារដែលកំពុងហក់ឡើង ។
លោក សុខ ស៊ីណា អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានមានប្រសាសន៍ថា វិធានការដែលត្រូវដោះស្រាយ ដើម្បីទប់ស្កាត់អតិផរណាគេចាំបាច់ត្រូវបញ្ចុះតម្លៃប្រេងសាំង តាមរយៈការកាត់បន្ថយពន្ធ ហើយយុទ្ធសាស្រ្តយូរអង្វែង គឺត្រូវពង្រីកផលិតកម្មក្នុងស្រុក ។ សក្កដានុពលផលិតកម្មក្នុងស្រុកទាំងនោះ មានដូចជាការបង្កើនការដាំដុះពោត សណ្តែក និងដំណាំស្រូវ ។ល។
លោក សុខ ស៊ីណា បានឲ្យដឹងថា ៖ «កាលណាយើងផលិតក្នុងស្រុកឲ្យបានច្រើនទៅ គឺយើងកាត់បន្ថយការនាំចូល ។ កាលណាកាត់បន្ថយការនាំចូល គេហៅថា Imported Inflation ហ្នឹង វាកាត់បន្ថយបានច្រើន ព្រោះប្រទេសយើង យើងប្រើទំនិញក្រៅស្រុកហ្នឹងច្រើនណាស់ ។ ដូច្នេះមានតែយើងពង្រីកផលិតកម្មស្រុកយើងឲ្យបានច្រើន កាត់បន្ថយការនាំចូល» ។
ដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងគោលដៅទប់ស្កាត់អតិផរណាក្នុងស្រុក រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសា បានសម្រេចមិនយកពន្ធលើសម្ភារៈកសិកម្ម និងឧបករណ៍កសិកម្មទាំងអស់ដែលនាំចូលមកពីក្រៅប្រទេស តាមសំណើរបស់ក្រុមហ៊ុនវិនិយោគឯកជនក្នុងស្រុក ។
លោក យ៉ងសាំង កុមារ បានមានប្រសាសន៍ថា ការលើកលែងពន្ធជាការល្អសម្រាប់វិស័យកសិកម្ម ប៉ុន្តែវាសម្រាប់តែក្រុមឈ្មួញមានដីធំៗ ទំនងមិនផ្តល់ប្រយោជន៍ដល់កសិករតូចតាចទេ ៕
