សង្គមស៊ីវិល​ជំរុញ​ឲ្យ​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ទាមទារ​សំណង​ជា​រួម

សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ជំរុញ​ឲ្យ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ចាប់ផ្ដើម​បង្ហាញ​ពី​សំណង​ជា​រួម​ដែល​ខ្លួន​ចង់​បាន​ពី​សាលាក្ដី​កាត់ទោស​ខ្មែរ​ក្រហម។

0:00 / 0:00

ការជំរុញ​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​សិក្ខាសិលា​មួយ​ស្ដីពី​សំណង​ជួសជុល​សម្រាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ក្នុង​ដំណើរការ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​កាត់ទោស​ខ្មែរ​ក្រហម ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ ២០០៨ នា​ទីក្រុង​ភ្នំពេញ។

ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ធន សារ៉ាយ បាន​មាន​ប្រសាសន៍ថា​គោលបំណង​នៃ​ការបង្កើត​សិក្ខាសិលា​នេះ​ឡើង គឺ​ដើម្បី​យល់​ដឹង​ពី​សំណង​ជា​រួម​ដែល​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ចង់​បាន ហើយ​ថា​ការផ្ដល់​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ តែ​ចាំបាច់​ត្រូវ​បាន​សំណង​ជា​រួម​ដល់​ជន​រងគ្រោះ។

លោក ធន សារ៉ាយ បាន​ឲ្យ​ដឹង​ថា ៖ «ការស្វែងរក​យុត្តិធម៌​ដោយ​គ្រាន់តែ​ការធ្វើ​ទោស ដាក់​ទោស ផ្ដន្ទាទោស ដល់​អ្នក​ដឹកនាំ​ខ្មែរ​ក្រហម​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​ដូច​ជា​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​ទេ។ អ៊ីចឹង​ហើយ​ការ​ដែល​ផ្ដល់​នូវ​សំណង​ជា​រួម​នេះ​ដល់​ជន​រងគ្រោះ​ទើប​អាច​ឲ្យ​ដំណើរការ​នៃ​ការស្វែងរក​យុត្តិធម៌​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​បាន»

ប្រធាន​អង្គភាព​ជន​រងគ្រោះ​របស់​សាលាក្ដី​ខ្មែរក្រហម លោកស្រី គាត បុផល បាន​ឲ្យ​ដឹង​ថា​សាលាក្ដី​ខ្មែរ​ក្រហម​ក៏​បាន​ផ្ដល់​សិទ្ធិ​ដល់​ជន​រងគ្រោះ​ក្នុង​ការដាក់​ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​ឲ្យ​មាន​សំណង​ផ្លូវ​ចិត្ត​និង​សំណង​សមូហភាព។

មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​ថា យោង​តាម​វិធាន​ផ្ទៃក្នុង បើសិន​ជា​មាន​សំណង នោះ​ជា​សំណង​សមូហភាព​ឬ​សំណង​និមិត្ត​រូប។ លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​ទៀត​ថា សាលាក្ដី​នៅ​មិន​ទាន់​បាន​សិក្សា​ឲ្យ​ស៊ីជម្រៅ​ពី​បញ្ហា​សំណង​សមូហភាព​នោះ​នៅ​ឡើយ​ទេ។

លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​ថា ៖ «សាលាក្ដី​នៅ​មិន​ទាន់​បាន​គិត​ស៊ីជម្រៅ ថា​តើ​សំណង​ដែល​មាន​លក្ខណៈ​ជា​សមូហភាព​ហ្នឹង​គឺ​ជា​អ្វី ឬ​ក៏​ជា​ស្អី​នៅ​ឡើយ​ទេ។ ហើយ​នៅ​ថ្ងៃ​នេះ​នៅ​ខេត្ត​កំពង់ចាម​ប្រជាជន​ក៏​បាន​លើក​ឡើង​ពី​រឿង​សំណង​ច្រើន​ដែរ។ គឺ​ថា​យើង​នឹង​ពាំនាំ​ពាក្យពេចន៍​របស់​ពួក​គាត់​ហ្នឹង​ទៅ​ប្រាប់​ជូន​ក្រុម ដូច​ជា​សហ​ព្រះរាជអាជ្ញា»

លោក ហ៊ីស្សាម មូសារ ជំនួយការ​ប្រធាន​សមាគម​អាដហុក និង​ជា​មន្ត្រី​សម្រប​សម្រួល​កម្មវិធី​ទាក់ទង​ការកាត់​ក្ដី​ខ្មែរ​ក្រហម និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​របស់​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា​គម្រោង​នៃ​ការប្រមូល​មតិ​ជុំវិញ​ការទាមទារ​សំណង​ជា​រួម​នោះ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​មួយ​ខែ ហើយ​លទ្ធផល​នៃ​ការសិក្សា​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​តុលា ឆ្នាំ ២០០៨ ខាង​មុខ​នេះ ហើយ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ក៏​ដូច​ជា​រាយការណ៍​ជូន​ទៅ​សាលាក្ដី​កាត់​ទោស​ខ្មែរ​ក្រហម។

លោក ហ៊ីស្សាម មូសារ បាន​ឲ្យ​ដឹង​ទៀត​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ទទួល​ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​សំណង​ចំនួន​៤០០​បណ្ដឹង។

អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី បាន​មាន​ប្រសាសន៍​ថា​អ្វី​ដែល​លោក​ចង់​បាន​គឺ​យុត្តិធម៌ ៖ «សំខាន់​ខ្លាំង​ចង់​បាន​តែ​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​បាត់បង់​ជីវិត​ទៅ»

គួរ​ជម្រាប​ថា​ក្នុង​របប​ខ្មែរ​ក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ដើម​ឆ្នាំ​១៩៧៩ មាន​ប្រជាជន​ប្រមាណ​១​លាន​៧​សែន​នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​ការងារ​ហួស​កម្លាំង ការសម្លាប់​រង្គាល ជំងឺ និង​កង្វះ​ចំណី​អាហារ៕