មេធាវីជួយការពារក្តី ឲ្យ ខៀវ សំផន រួមមានមេធាវីខ្មែរ គឺលោក សាយ បុរី និងមេធាវីជនជាតិបារាំងឈ្មោះ Jacques Verges ជាអ្នកវែកញែកទាញហេតុផល ប្រឆាំងនឹងការឃុំឃាំង ខៀវ សំផន ខណៈរង់ចាំការកាត់ក្តីពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
ក៏ប៉ុន្តែ អង្គបុរេជំនុំជម្រះនៃតុលាការខ្មែរក្រហម បានសម្រេចលើកសវនាការនេះ ទៅថ្ងៃក្រោយ តាមសំណើររបស់លោក ខៀវ សំផន ព្រោះថា មេធាវីបរទេសការពារក្តីជនជាតិបារាំង Jacques Verges បានបដិសេធមិនបំពេញតួនាទីរបស់ខ្លួន ដោយសំអាងថា សំណុំឯកសារជាច្រើន ពុំមានប្រែ ឬក៏ពុំមានជាភាសាបារាំង ដែលជាភាសារបស់ខ្លួន និងជាភាសាផ្លូវការមួយក្នុងចំណោមភាសាផ្លូវការ៣របស់តុលាការខ្មែរក្រហមនោះ ។
ស្តីពីរឿងនេះ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក រាជ សម្បត្តិ បានមានប្រសាសន៍ឲ្យដឹងទៀតថា នឹងមានការព្រមានចំពោះមេធាវីបារាំងរូបនេះផងដែរ ៖ «ទាក់ទងនឹងរឿងហ្នឹងដែរ អង្គបុរេជំនុំជម្រះក៏បានសម្រេចថានឹងធ្វើលិខិតមួយដើម្បីព្រមានទៅដល់សហមេធាវីដែលជាបរទេសរបស់ លោក ខៀវ សំផន ហ្នឹង ប៉ុន្តែតុលាការមិនបានលម្អិតថា តើតុលាការនឹងព្រមានពីបទអ្វីខ្លះទេ គ្រាន់តែនៅក្នុងពេលព្រឹកមិញនេះ នៅពេលដែលចប់សវនាការបណ្ដោះអាសន្នហ្នឹង គឺលោក Jacques Verges ហ្នឹង ដែលជាសហមេធាវីជនជាតិបារាំង របស់គាត់ហ្នឹង គាត់បានប្រកាសថា តុលាការនេះមិនអាចប្រព្រឹត្តទៅបានទេ ដរាបណាមិនបានប្រែសំណុំឯកសារចំនួន ១៦០០០ទំព័រ ជាពិសេសភាសាបារាំង ។ ហើយមួយទៀត គាត់ថាតុលាការហ្នឹងបានសម្រេចថាឲ្យលោក ខៀវ សំផន ហ្នឹងស្វែងរកមេធាវីថ្មី ហើយកិច្ចការហ្នឹងគាត់យល់ថាជាការរំលោភសិទ្ធិរបស់គាត់ ហើយគាត់នឹងដាក់ពាក្យបណ្ដឹងដាក់អីអ៊ីចឹង ប៉ុន្តែដល់ពេលខាងអង្គបុរេជំនុំជម្រះហ្នឹងគាត់យល់ថាគេមិនបានស្នើ លោក ខៀវ សំផន ហ្នឹងរកមេធាវីទេ តែគេប្រាប់ទៀតថា លោក ខៀវ សំផន គួរតែជម្រាបជូនមេធាវីរបស់គាត់ឲ្យសហការជាមួយគាត់ ដើម្បីការពារខ្លួនគាត់ នៅពេលដែលគាត់កំពុងតែទទួលការចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាមហ្នឹង ។ ហើយបើសិនជាសហមេធាវីអន្ដរជាតិរបស់គាត់មិនសហការជាមួយគាត់ទេ គឺគាត់ហ្នឹងមានសិទ្ធិរកមេធាវីអន្ដរជាតិថ្មី ដើម្បីការពាររូបគាត់ ។ កន្លែងហ្នឹងគឺធ្វើឲ្យលោក Jacques Verges គាត់មានការខឹងយ៉ាងខ្លាំង ហើយគាត់បានប្រកាសថា នេះជាលើកទីមួយហើយក្នុងអាជីពគាត់ជាមេធាវី ដែលត្រូវគេវាយតម្លៃគាត់យ៉ាងទាបអ៊ីចឹង» ។
តុលាការបានសម្រេចថានឹងកំណត់កាលបរិច្ឆេទថ្មីសម្រាប់ការជំនុំជម្រះពាក្យស្នើសុំនៅក្រៅឃុំរបស់លោក ខៀវ សំផន នៅពេលក្រោយ ៕
