អតីត​សាស្រ្ដាចារ្យ​អក្សរសាស្រ្ដ​ខ្មែរ កេង វ៉ាន់សាក់ ទទួល​មរណភាព

អតីត​សាស្រ្ដាចារ្យ​អក្សរសាស្រ្ដ​ខ្មែរ​ដ៏​ល្បីល្បាញ លោក កេង វ៉ាន់សាក់ បាន​ទទួល​មរណភាព​ទៅ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ នា​ក្រុង​ម៉ុងមរ៉ង់ស៊ី (Montmorency) ចម្ងាយ​ប្រមាណ​ជា​១៣​គីឡូម៉ែត្រ​ខាង​ជើង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។
ដោយ សាន សុវិទ្យ
2008-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក កេង វ៉ាន់សាក់ អតីត​សាស្រ្ដាចារ្យ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដែល​ជា​អ្នក​ប្រឌិត​ពុម្ព​អក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលីលេខ និង​ធ្លាប់​និពន្ធ​សៀវភៅ​ស្រាវជ្រាវ​វប្បធម៌​អក្សរសាស្រ្ដ​ខ្មែរ​រឿង​ល្ខោន កំណាព្យ និង​រឿង​ខ្លីៗ​ជា​ច្រើន តាំង​ពី​ទសវត្សរ៍ ឆ្នាំ​១៩៤០​មក​នោះ បាន​ទទួល​មរណភាព​ក្នុង​អាយុ​៨៤​ឆ្នាំ នា​មន្ទីរពេទ្យ​ក្រុង​ម៉ុងមរ៉ង់ស៊ី កាលពី​ម៉ោង​១២:១៥​នាទី​រសៀល។

អ្នក​ជិតស្និទ្ធ​របស់​លោក​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ទទួល​អនិច្ចកម្ម​ដោយសារ​ជំងឺ​ទឹក​ចូល​សួត ៖ «ព្រោះ​ពី​ម្សិលមិញ​ហ្នឹង គាត់​ទៅ​ពេទ្យ ពេល​ព្រឹក​ហ្នឹង ដូច​ថា​ចេះ​តែ​ក្ដៅ​ខ្លួន​ស្រៀវស្រាញៗ ដូច​ថា ឈឺ​៤​ថ្ងៃ​ទៅ​ហើយ។ ពេទ្យ​គេ​ឲ្យ​សម្រាក​នៅ​កន្លែង​សង្រ្គោះ​បន្ទាន់ រួច​ទៅ​គេ​មើល​ខ្លួន​គាត់​អ៊ីចឹង​ទៅ ហើយ​បាន​ព្រឹក​មិញ​ខ្ញុំ​ហៅ​គាត់ គេ​ថា​គាត់​នៅ​ក្នុង Coma (សភាព​ភ្លឹក) ហើយ​សួរ​ថា ត្រូវ​ជា​បង​ប្អូន​អី​ត្រូវ​ទៅ​ជួប​គាត់ បើ​ថា​ចង់​ជួប​គាត់​ទៅ​មើល​គាត់​ហ្នឹង មុន​គាត់​ខូច។ ដល់​ហើយ​ទៅ ម៉ោង​១២:២០ គេ​ទូរស័ព្ទ​មក​ប្រាប់​ខ្ញុំ​ថា​គាត់​ខូច​ទៅ​ហើយ»

លោក កេង វ៉ាន់សាក់ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ផ្ដល់​កិច្ចសម្ភាសន៍​ពិសេស​ជូន​វិទ្យុ​អាស៊ីសេរី​ជា​ប្រចាំ ដែល​ក្នុង​នោះ​លោក​តែងតែ​អធិប្បាយ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​រក​ឃើញ​របស់​លោក​ស្ដីពី​ប្រវត្តិសាស្រ្ដ​ទាក់ទង​នឹង​ប្រទេស​កម្ពុជា​និង​ការស្រាវជ្រាវ​អំពី​កម្រង​ពាក្យ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​អក្សរសាស្រ្ដ​ខ្មែរ។

អ្នក​ជិតស្និទ្ធ​របស់​លោក​បាន​ឲ្យ​ដឹង​ថា លោក កេង វ៉ាន់សាក់ មាន​បណ្ដាំ​ចុង​ក្រោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​យក​ធាតុ​របស់​លោក​ទៅ​បញ្ចុះ​ក្នុង​ចេតិយ​ម្ដាយ​របស់​លោក​នៅ​ប្រទេស​កម្ពុជា។

ក្រុម​គ្រួសារ​របស់​លោក កេង វ៉ាន់សាក់ នៅ​មិន​ទាន់​ជូន​ដំណឹង​ថា តើ​គេ​នឹង​រៀបចំ​ធ្វើ​ពិធី​បុណ្យ​សព​នៅ​វេលា​ណា​ថ្ងៃ​ណា​នៅ​ឡើយ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល