ក្រុម​អាវ​លឿង​ថៃ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បដិសេធ ICJ លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ទីក្រុង​ឡាអេ (La Hague) ប្រទេស​ហុឡង់ដ៍ (Netherlands) គ្រោង​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា ត្រូវ​ត​ទល់​ជាមួយ​ភាគី​ថៃ នៅ​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

0:00 / 0:00

ប៉ុន្តែ​នៅ​មុន​ពេល​សវនាការ នៅ​ក្នុង​ប្រទេស​ថៃ លេច​ឡើង​នូវ​ការ​តវ៉ា​មួយ​ពី​សំណាក់​ក្រុម​សម្ព័ន្ធ​ប្រជាជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ឬ​ហៅ​ថា​ក្រុម​អាវ​លឿង និង​បាន​ស្នើ​រដ្ឋាភិបាល​ថៃ អោយ​ច្រាន​ចោល​សេចក្ដី​សម្រេច​ណា​មួយ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ករណី​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ការ​ស្នើ​ឡើង​នោះ​ថា​ជា​លេស​ដើម្បី​បង្កើត​ភាព​ចលាចល​ផ្នែក​នយោបាយ​ថ្មី​មួយ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​ប្រទេស​ថៃ នឹង​មិន​អាច​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​សេចក្ដី​សម្រេច​ណា​មួយ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ទាក់​ទិន​នឹង​សំណុំ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ ដរាប​ណា​ប្រទេស​ថៃ នៅ​តែ​ជា​សមាជិក​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ពុធ ទី៩ ខែ​មករា ថា ប្រទេស​ថៃ ត្រូវ​ទទួល​ខុស​ត្រូវ​ដាច់​ខាត​ចំពោះ​មុខ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ក្នុង​នាម​ជា​ប្រទេស​សមាជិក។

កាល​ពី​ថ្ងៃ​អង្គារ ទី៨ មករា កាសែត​ថៃ បាន​ចុះ​ផ្សាយ​ថា សម្ព័ន្ធ​ប្រជាជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ឬ​ហៅ​ថា​ក្រុម​អាវ​លឿង បាន​ដាក់​សំណើ​ផ្លូវ​ការ​មួយ​ទៅ​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra)។ ក្នុង​សំណើ​នោះ មាន​ចំនួន ៧​ចំណុច ដោយ​ទាម​ទារ​អោយ​រដ្ឋាភិបាល​ថៃ ច្រាន​ចោល​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​ថា​តុលាការ​នេះ​ពុំ​មាន​យុត្តាធិការ​លើ​សំណុំ​រឿង​ចម្រូង​ចម្រាស់​នៃ​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ឡើយ។ ជា​មួយ​គ្នា​នេះ ក្រុម​អាវ​លឿង​បាន​គំរាម​ទុក​ជា​មុន​ថា ពួក​គេ​នឹង​បង្កើត​ជា​ការ​តវ៉ា​ធំ​មួយ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ទទួល​ការ​ស្នើសុំ។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មាន​ប្រសាសន៍​ថា ករណី​ប្រាសាទ​ព្រះវិហារ នយោបាយ​របស់​ប្រទេស​ថៃ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ទាម​ទារ​អោយ​កម្ពុជា យល់​ព្រម​ដោះស្រាយ​ជម្លោះ​តាម​រយៈ​ការ​ចរចា​ទ្វេ​ភាគី នៅ​ពេល​ដែល​ប្រទេស​ថៃ បាន​ដឹង​ជា​មុន​ហើយ​ថា​នឹង​បរាជ័យ​ជា​ថ្មី​ទៀត​នៅ​តុលាការ​អន្តរជាតិ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ប្រកាស​ថា សវនាការ​លើ​សំណុំ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ ដែល​ភាគី​កម្ពុជា ជា​អ្នក​ដើម​បណ្ដឹង​នោះ នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។ ការ​ប្រកាស​នោះ គឺ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំងហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី តំណាង​ឲ្យ​ភាគី​កម្ពុជា បាន​ដាក់​ពាក្យ​បណ្ដឹង​ថ្មី​មួយ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មេសា ឆ្នាំ​២០១១ កន្លង​ទៅ ដោយ​សុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បក​ស្រាយ​សាលក្រម​នៃ​តុលាការ​នេះ ដែល​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ដែល​កាត់​អោយ​កម្ពុជា ឈ្នះ​ក្ដី​លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។