នាយក​រដ្ឋមន្ត្រី​សន្យា​ថា​នឹង​ពង្រឹង​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា

ក្នុង​ឱកាស​ចូលរួម​ខួប​អនុស្សាវរីយ៍​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៥៥ នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ថា លោក​នឹង​ពង្រឹង​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា។

មាន​ប្រសាសន៍​ក្នុង​ពិធី​ហែ​ក្បួន​ព្យុហយាត្រា​នៅ​ក្រុង​ភ្នំពេញ នា​ឱកាស​ខួប​រំឭក​បុណ្យ​ឯករាជ្យ​ជាតិ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​លើក​ឡើង​ចំ​ទៅ​ដល់​ទំនាស់​ព្រំដែន​ទេ ក៏ប៉ុន្តែ​លោក​សន្យា​ថា​នឹង​ជំរុញ​ទៅ​មុខ​ដោយ​មាន​ការកែ​ទម្រង់​កងទ័ព​ផង​ ដើម្បី​ធានា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ផ្នែក​ការពារ​ទឹក​ដី​ម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​ក្នុង​នីតិកាល​ទី​៤​នេះ​នឹង​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​សកម្ម​នូវ​កម្មវិធី​កំណែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ធានា​បាន​នូវ​កិច្ច​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​នូវ​អធិបតេយ្យ​និង​បូរណភាព​ទឹក​ដី សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ក្នុង​នោះ​អទិភាព​ចម្បង​នឹង​ត្រូវ​ផ្តោត​លើ​ការបន្ត​ពង្រឹង​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ក្លាយ​ទៅ​ជា​កង​កម្លាំង​មាន​វិជ្ជាជីវៈ​ជំនាញ​មាន​សមត្ថភាព​ក្នុង​ការបន្ត​វេន មាន​បច្ចេក​វិជ្ជា​និង​សម្ភារៈ​សមស្រប គោរព​ប្រតិបត្តិ​ច្បាប់​ម៉ឺងម៉ាត់ គោរព​សិទ្ធិ​មនុស្ស មាន​ទឹក​ចិត្ត​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះ​មហាក្សត្រ ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​បូរណភាព​ទឹក​ដី​និង​ឧត្ដម​ប្រយោជន៍​ជាតិ​និង​ប្រជាជន»

ទាក់ទង​នឹង​ការពង្រឹង​វិស័យ​កងទ័ព​រដ្ឋសភា​គ្រោង​នឹង​អនុម័ត​ថវិកា​ជាតិ​ចំនួន​២០០០​លាន​ដុល្លារ​អាមេរិក​ក្នុង​នោះ​មាន​៥០០​លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​វិស័យ​យោធា។

ការថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ខាង​លើ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​មាន​ការប្រឈម​ផ្នែក​យោធា​រវាង​កម្ពុជា​និង​ថៃ​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ហើយ​ដែល​កាលពី​ខែ​មុន​មាន​ការផ្ទុះ​អាវុធ​បណ្តាល​ឲ្យ​មាន​ការបារម្ភ​អំពី​សង្គ្រាម​នៅ​ព្រំដែន​នោះ​ផង៕