ហ៊ុន សែន មិន​ទាន់​អនុញ្ញាត​ឲ្យ​កូន​ចូល​ប្រឡូក​ក្នុង​នយោបាយ

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈ​ពី​ព្រឹក​មិញ​នេះ នៅ​ឯ​ខេត្ត​សៀមរាប​ថា លោក​មិន​ទាន់​អនុញ្ញាត​ឲ្យ​កូន​ប្រុស​បង្កើត​ម្នាក់ ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នោះ​ឡើយ ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ នៅក្នុង​ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប បដិសេធ​ការ​និយាយ​ថា កូន​ប្រុស​របស់​លោក​ឈ្មោះ ហ៊ុន ម៉ាណែត ឈរ​ឈ្មោះ​ជា​បេក្ខភាព​តំណាងរាស្ត្រ​នៅ​មណ្ឌល​សៀមរាប ។

លោក​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ៖ «មិនមែន​ឲ្យ​ធ្វើ​នាយក​រដ្ឋមន្ត្រី​ជំនួស​ឱពុក​ទេ ឲ្យ​ធ្វើ​មនុស្ស​បន្ត​ជំនួស​ឱពុក​ម្ដាយ ។ ពាក្យ​ចចាមអារ៉ាម​ពី​មុន​ថា ហ៊ុន ម៉ាណែត នឹង​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​ខេត្ត​សៀមរាប បាន​បញ្ចប់​ទៅ​ហើយ ព្រោះ​គេ​ចុះឈ្មោះ​អស់​ទៅ​ហើយ ។ ខ្ញុំ​ព្រះករុណា​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​កូន​នេះ​ឈរ​ឈ្មោះ​ក្នុង​ពេល​ដែល​ឱពុក​នៅ​ជ្រងោ​នៅ​នេះ​ទេ ។ ឲ្យ​ធ្វើ​ទាហាន​ធ្វើ​ចុះ ព្រោះ​អា​ហ្នឹង​កាតព្វកិច្ច​ខ្លួន​ត្រូវ​ការពារ​ជាតិ ។ ដល់​ពេល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ប្រកាស​ថា មិន​ឲ្យ​ធ្វើ​នយោបាយ ស្រាប់តែ​អា​មួយ​នោះ​វា​មក​ប្រដៅ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ថា "លោក ហ៊ុន សែន មិន​គួរ​រារាំង​សិទ្ធិ​នយោបាយ​របស់​កូន" នែ៎! វា​ទៅ​ជា​អ៊ីចេះ»

លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា លោក ហ៊ុន ម៉ាណែត ក្រៅ​ពី​ធ្វើ​កិច្ចការ​យោធា​នឹង​អាច​ប្រឡូក​ក្នុង​សកម្មភាព​មនុស្សធម៌ និង​ការ​ធ្វើ​បុណ្យ​ទាន ៕