ផាន សូផាត ៖ លោក សាវយុត កាលពីពេលថ្មីៗនេះគឺបន្ទាប់ពីមានការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃ គឺថាមានគ្រាប់បានប៉ះទៅលើវត្ថុបុរាណនៅតំបន់ប្រាសាទព្រះវិហារហ្នឹង តើខាងអង្គការយូណេស្កូមានស៊ើបអង្កេតជុំវិញបញ្ហានេះដែរឬទេ?
សាវយុត ៖ សូមជម្រាបថា កាលពីព្រឹកមិញបន្ទាប់ពីការលើកទង់ចំនួន៣នៅលើដងខ្ពស់ៗសន្លឹមនោះ គឺខាងគណៈកម្មការយូណេស្កូ ជាតិកម្ពុជា ហើយនិងមន្រ្តីរដ្ឋាភិបាលកម្ពុជា រួមនឹងអាជ្ញាធរជាតិព្រះវិហារផងនោះមិនបានបោះបង់ចោលនូវរឿងរ៉ាវដែលមានការអះអាងថា កងទ័ពថៃបានបាញ់កាំភ្លើងមកប៉ះចំទីប្រាសាទត្រង់នាគថ្មនិងជណ្ដើរនោះនៅឡើយទេ។
កាលពីព្រឹកមិញ លោក ហង្ស សុទ្ធ ដែលជាអគ្គលេខាធិការរបស់អាជ្ញាធរជាតិព្រះវិហារ បានមានប្រសាសន៍ថា ទោះយ៉ាងណារឿងនេះនៅបន្តធ្វើការស៊ើបអង្កេតនៅឡើយ ។ ហើយកាលពីព្រឹកមិញមានទាំងជំនាញរបស់អាជ្ញាធរខាងមើលទ្រព្យផង គឺបានជូនគណៈប្រតិភូទៅពិនិត្យមើលកន្លែងស្លាកស្នាមទាំងនោះ ហើយបានបញ្ជាក់ថា អាវុធដែលបានបាញ់នោះគឺប្រភេទ M79 ហើយមានទិសដៅបាញ់មកពីខាងកងទាហានថៃច្បាស់លាស់។
ផាន សូផាត ៖ ដូច្នេះ តើខាងមន្រ្តី ក៏ដូចជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលបានទៅសង្កេតមើលនៅក្នុងការលើកទង់ហ្នឹង តើគេមានការចាប់អារម្មណ៍យ៉ាងម៉េចដែរ ថាតើការលើកទង់ហ្នឹងអាចធ្វើឲ្យមានការពារផលបះពាល់ដល់ការផ្ទុះសង្រ្គាមអាចនឹងប៉ះពាល់ដល់ប្រាសាទបុរាណ?
សាវយុត ៖ កាលពីព្រឹកមិញនៅក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលដែលប្រជាពលរដ្ឋខ្មែរស្គាល់ច្បាស់ជាងគេ ក្នុងចំណោមនោះគឺប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ធន សារាយ បានទៅដល់ទីនោះដែរ ដែលលោកបានទៅចូលរួមនៅក្នុងនោះ។ ហើយលោកបានមានប្រសាសន៍ថា លោកមានការសប្បាយចិត្តនៅពេលដែលឃើញទង់របស់អង្គការយូណេស្កូរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក ហើយនិងទង់ហាមឃាត់នៅក្នុងគ្រាមានអាសន្នដើម្បីការពារប្រាសាទព្រះវិហារក្នុងខណៈដែលកងទ័ពទាំងសងខាងកំពុងតែប្រឈមមុខដាក់គ្នាដោយអាវុធ ហើយមានការប៉ះទង្គិចគ្នាធ្វើឲ្យប៉ះពាល់ដល់ប្រាសាទបុរាណកន្លងមកហើយនេះ លោកសង្ឃឹមថា អាចនឹងធ្វើឲ្យប្រាសាទនេះមានការថែរក្សាហើយមានការពារចាប់ពីពេលនេះតទៅ។
ផាន សូផាត ៖ លោកបញ្ជាក់អត្ថន័យនៃការលើកទង់ហ្នឹងឡើងវិញទៀត ថាតើមានអត្ថន័យការពារប្រាសាទហ្នឹងយ៉ាងម៉េចដែរទៅ?
សាវយុត ៖ ការលើកទង់នេះគឺជាការកំណត់នូវព្រំដែនរបស់ទីប្រាសាទបុរាណ ហើយជាព្រំដែនដែលត្រូវការពារដោយអាជ្ញាធរយូណេស្កូជាតិ ហើយនិងអង្គការបេតិកភណ្ឌពិភពលោក និងយូណេស្កូអន្តរជាតិផងដែរ ដែលចាប់ពីពេលនេះតទៅ ការប្រកាសសង្រ្គាមឬការធ្វើសង្រ្គាមហាមដាច់ខាតមិនឲ្យមានការបំពាន ឬប៉ះពាល់បំផ្លាញទៅលើកន្លែងដែលមានវត្ថុបុរាណដែលកាត់ថ្លៃមិនបាននោះទៀតទេ៕
