នេះជាការថ្លែងរបស់លោក ខៀវ កាញារីទ្ធ នៅក្នុងសន្និសីទកាសែតមួយជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើននាក់នៅឯក្រសួងព័ត៌មាន ។
លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ៖ «សិទ្ធិការពារខ្លួនមិនខុសទេ ប៉ុន្តែបើយើងអាចចៀសបានការប្រឈមមុខដោយអាវុធនិងការប៉ះទង្គិចដោយអាវុធនោះជាការល្អបំផុត ។ ដូចខ្ញុំបាននិយាយមិញហើយ យើងកំពុងមានប្រៀបផ្លូវច្បាប់ ផ្លូវនយោបាយ ផ្លូវការទូត យើងប្រើប្រៀបនេះជាការល្អបំផុត ។ ពិតមែនតែថៃគាត់នៅជំទាស់ថា តុលាការអន្តរជាតិទទួលស្គាល់តែព្រះវិហារនៅក្នុងអធិបតេយ្យរបស់បូរណភាពទឹកដីខ្មែរ ប៉ុន្តែតុលាការអន្តរជាតិក្រុងឡាអេមិនបាននិយាយថាតំបន់ហ្នឹងជារបស់អ្នកណា ។ តាមពិតថៃនិយាយអ៊ីចឹងខុសហើយ តាមពិតនៅពេលដែលតុលាការអន្តរជាតិក្រុងឡាអេកាត់ថា ព្រះវិហារនៅលើដីខ្មែរគឺផ្អែកលើផែនទីឆ្នាំ១៩០៧នេះ ដែលបានបញ្ជាក់ច្បាស់អំពីចំណុចហ្នឹងហើយ ហើយថៃក៏គាត់បានទទួលស្គាល់បញ្ហានេះដែរ» ។
លោក ខៀវ កាញារីទ្ធ ជាអ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនយកចុង អាវុធដើម្បីដោះស្រាយបញ្ហាជាមួយនឹងទាហានថៃនោះទេ ប៉ុន្តែបើចៀសមិនរួចនោះកម្ពុជាក៏មិនខ្វះសព្វាវុធដែរ ។
លោកបានឲ្យដឹងទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃថៃបានបញ្ជូនកងទ័ពចូលមកតំបន់ក្បែរប្រាសាទព្រះវិហារដែលនេះគឺជាការគំរាមត្រង់ៗមកលើប្រទេសកម្ពុជា ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «គាត់បានយកលេសដើម្បីយកអន្តរាគមន៍សុំលែងព្រះសង្ឃដែលបានចូលមកឈ្លានពាននៅក្នុងទឹកដីកម្ពុជា នៅថ្ងៃ១៥ កក្កដានោះ ។ ឥឡូវនេះគាត់បានបន្ថែមទ័ព គាត់មានបំណងមួយហាក់ដូចជាចង់ជំរុញការកាន់កាប់នេះទៅជាលក្ខណៈអចិន្ត្រៃយ៍តែម្ដង ។ ដូច្នេះគឺជាស្ថានភាពមួយដែលយើងមិនអាចទទួលបានទេនូវស្ថានភាពនេះ» ។
នៅថ្ងៃនេះដែរក្រុមសមាគមនៃអង្គការក្រៅរដ្ឋាភិបាលនៃសង្គមស៊ីវិលបានថ្កោលទោសដល់ការឈ្លានពានរបស់ទាហានថៃចូលមកបូរណភាពដែនដីរបស់ប្រទេសកម្ពុជា ក្នុងតំបន់ប្រាសាទព្រះវិហារនេះ ដោយគាំទ្រឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅអង្គការសហប្រជាជាតិ ។
នៅក្នុងលិខិតនោះបានអំពាវនាវឲ្យរដ្ឋាភិបាលខ្មែរបង្ខំឲ្យថៃគោរពព្រំដែនតាមកិច្ចព្រមព្រៀងរវាងបារាំងនិងសៀម ឆ្នាំ១៩០៤ និង ១៩០៧ ហើយសុំឲ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ជួយអនុវត្តសាលក្រមតុលាការអន្តរជាតិក្រុងឡាអេ ។ ហើយក៏បានអំពាវនាវឲ្យសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងអស់ ចូលរួមថ្កោលទោសនិងដាក់ការគាបសង្កត់ថៃឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា ។
លោក ខៀវ កាញារីទ្ធ ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា ភាគីថៃបានព្យាយាមជំទាស់ការលើករបៀបវារៈរបស់អង្គប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន ដែលនឹងនិយាយអំពីបញ្ហាកម្ពុជានិងថៃនៅក្បែរតំបន់ប្រាសាទព្រះវិហារនោះ ។
លោកបញ្ជាក់ថាកម្ពុជាមានឯកសារនិងវត្ថុតាងគ្រប់គ្រាន់ ដើម្បីប្តឹងទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ អំពីបញ្ហាថៃបំពានមកលើបូរណភាពទឹកដីនៃប្រទេសកម្ពុជា ៕
