សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនៅទីនោះ បានឲ្យដឹងថាមន្ត្រីខ្មែរនិងថៃកំពុងតែចរចាគ្នាដើម្បីទប់ស្កាត់កុំឲ្យមានការផ្ទុះអាវុធនិងបង្ហូរឈាមគ្នា ។
ខាងភាគីថៃនៅតែបន្តជញ្ជូនទាហានមកកាន់វត្តខ្មែរមួយឈ្មោះ កែវសិក្ខាគិរីស្វរៈ ឬវត្តប្រាសាទព្រះវិហារ ។ សេចក្ដីរាយការណ៍ចុងក្រោយបានឲ្យដឹងថា មានទាហានថៃបានកើនឡើងដល់ចំនួនប្រមាណ៧០០នាក់ ។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍មានសេចក្ដីរាយការណ៍ថា មានការអាម៉េកាំភ្លើងដាក់គ្នារវាងទាហានថៃនិងទាហានខ្មែរ ខណៈដែលទាហានខ្មែរប្រមាណ៥០នាក់បានចូលទៅក្នុងបរិវេណវត្តប្រាសាទព្រះវិហារ ដើម្បីការពារចង្ហាន់ដែលត្រូវប្រគេនដល់ព្រះសង្ឃខ្មែរជាច្រើនអង្គនៅក្នុងវត្តនោះ ដើម្បីនឹងប្រារព្ធពិធីបុណ្យចូលព្រះវស្សាផង ។
ប្រជាពលរដ្ឋថៃបាននាំគ្នាផ្ដល់នំចំណី ម្ហូបអាហារ ដល់ទាហានឈុតខ្មៅថៃ ទោះជាយ៉ាងណាខាងទាហានខ្មែរត្រូវបានគេរាយការណ៍មកថា កំពុងជួបបញ្ហាហេវហត់អស់កម្លាំង ដោយសារមិនមានអាហារគ្រប់គ្រាន់និងមិនមានកន្លែងជ្រកភ្លៀងឡើយ ៕
