ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ ប្រកាស​ព្រះរាជ​ទ្រព្យ

អតីត​ព្រះ​មហាក្សត្រ ព្រះ​បាទ សម្តេច​ព្រះ​នរោត្តម សីហនុ ទ្រង់​បាន​ចេញ​ផ្សាយ​សេចក្តី​ជូន​ដំណឹង​មួយ​ពី​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​សីហា រាយការណ៍​ប្រាប់​ពី​ព្រះរាជ​ទ្រព្យ​ដែល​ព្រះអង្គ​មាន​ទាំងអស់​ក្នុង​ខណៈ​នេះ ។

សេចក្តី​ជូន​ដំណឹង​បង្ហាញ​ថា​ ប្រាក់​ដែល​ព្រះអង្គ​ផ្ញើ​ក្នុង​ធនាគារ​ប៉ាឡាទីន ក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ចំនួន ៣០.៣១៣,២៨​យូរ៉ូអឺរ៉ុប ស្មើ​នឹង​ជិត ៤៥.០០០​ដុល្លារ​អាមេរិក។

ក្រៅពី​នេះ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ទ្រង់​មាន​កូន​វីឡា​មួយ​នៅ​ក្រុង​សៀមរាប ដែល​បន្ទាប់ពី​ព្រះអង្គ​សោយទិវង្គត​ទៅ​នឹង​ក្លាយ​ជា​កេរមត៌ក​របស់​ព្រះ​អគ្គមហេសី នរោត្តម មុនីនាថ សីហនុ ហើយ​ក៏​នឹង​ជា​កេរដំណែល​ថ្វាយ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី បន្ទាប់ពី​ព្រះមាតា​ទ្រង់​ចូល​ទិវង្គត។

រីឯ​ផ្ទះ​កំណើត​ទី​ដែល​ព្រះអង្គ​ប្រសូត​នៅ​ក្បែរ​វិមាន​ឯករាជ្យ ហើយ​ដែល​ព្រះអង្គ​បាន​អនុញ្ញាត​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ​ ប្រើប្រាស់​រហូត​ដល់​ឆ្នាំ​២០១៤ នឹង​ប្រទាន​ជា​សម្បត្តិ​រដ្ឋ ហើយ​ពី​ឆ្នាំ​២០១៤ ត​ទៅ ក៏​នឹង​បើក​ជា​សារមន្ទីរ​ជាតិ​មួយ​ទៀត។

ចំណែក​ឯ​វាំង​ឆាងស៊ូវន​នៅ​កូរ៉េ​ខាង​ជើង និង​ដំណាក់​លួង​នៅ​ក្រុង​ប៉េកាំង​នោះ ពុំ​មែន​ជា​សម្បត្តិ​របស់​ព្រះអង្គ​ទេ តែ​ជា​ផ្ទះ​សំណាក់​សម្រាប់​ភ្ញៀវ​រដ្ឋ​របស់​ប្រទេស​ទាំង​ពីរ៕