ប្រធានរដ្ឋសភាថៃ លោក ចៃ ឈីតឆុប បានប្រកាសថា លោក ស៊ុម ឆាយ នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃដោយទទួលបានសំឡេងគាំទ្រចំនួន២៩៨សំឡេងនៅខណៈដែលគូប្រជែងរបស់លោកមកពីគណបក្សប្រជាធិបតេយ្យ គឺលោក អាភីស៊ីត វីចាជិវ៉ាក់ ទទួលបានសំឡេងគាំទ្រចំនួន១៦៣សំឡេង។
លោក ស៊ុមឆាយ វង្សសុវត្ថិ វ័យ៦១ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងអប់រំ និងបានក្លាយជានាយករដ្ឋមន្ត្រីស្តីទី បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី សាម៉ាក់ ស៊ុនថរ៉ៈវេត បានត្រូវទម្លាក់ពីតំណែងដោយតុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី១០ កញ្ញាកន្លងមកនេះ។
លោក ស៊ុមឆាយ បានរៀបការជាមួយអ្នកស្រី យ៉ៅ វ៉ាផា ប្អូនស្រីរបស់លោកអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីនណាវ៉ាត់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
ប្រធានគណបក្សប្រឆាំងក្នុងសភានៃគណបក្សប្រជាធិបតេយ្យ លោក អាភីស៊ីត បានចាប់ដៃស្វាគមន៍ជ័យជម្នះរបស់លោក ស៊ុមឆាយ។
ទោះជាយ៉ាងនេះក្តីក្រុមសម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យដែលកំពុងកាន់កាប់វិមានរដ្ឋាភិបាលនៅឡើយនោះបានថ្លែងថា ពួកគេមិនគាំទ្រនិងមិនទទួលស្គាល់នាយករដ្ឋមន្ត្រីដែលជាសាច់ញាតិរបស់លោក ថាក់ស៊ីន ដែលមានជាប់ជំពាក់នឹងអំពើកឹបកេងប្រវ័ញ្ចទ្រពសម្បត្តិជាតិរាប់លានដុល្លារនោះឡើយ៕
