អង្គការ UNDP សហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ នៅថ្ងៃសុក្រនេះបានបើកសម្ពោធផ្សព្វផ្សាយសៀវភៅជាច្រើនរយក្បាល ដើម្បីឲ្យយល់ដឹង និងការពារប្រពៃណីជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី និងខេត្តភាគឦសានកម្ពុជា នៅគ្រាដែលប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់កំពុងប្រឈមនឹងការបាត់បង់ ដោយសារកិច្ចអភិវឌ្ឍ និងការផ្លាស់ទីលំនៅ។
ឯកសារសៀវភៅចំនួនជាង ៥០០ក្បាលនោះ គឺផ្ដោតលើវិធានប្រពៃណីជនជាតិដើមភាគតិចចំនួន ៥ប្រភេទ នៅក្នុងនោះមានជនជាតិគ្រឹង, ទំពួន, ចារ៉ាយ, ប្រៅ និងព្នង នៅភាគឦសានកម្ពុជា ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរី។
ខេត្តមណ្ឌលគិរីមានជនជាតិដើមភាគតិចសរុបចំនួន ១៨ប្រភេទ ក្នុងនោះមានជនជាតិគ្រឹង, ទំពួន, ចារ៉ាយ, ប្រៅ និងព្នង ដែលមានចំនួនប្រមាណ ៧០% នៅក្នុងចំណោមប្រជាពលរដ្ឋរស់នៅទីនោះចំនួន ៦ម៉ឺននាក់។
លោក យិន សុភាព អ្នកឯកទេសច្បាប់តំបន់របស់អង្គការ UNDP និងជាអ្នកស្រាវជ្រាវចងក្រងឯកសារសៀវភៅ ស្ដីពីប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចទាំង ៥ប្រភេទខាងលើនេះ បានមានប្រសាសន៍ថា សៀវភៅនេះមានសារសំខាន់ណាស់។
លោក យិន សុភាព បានបញ្ជាក់ថា ៖ «មិនទាន់យឺតពេល ឥឡូវយើងបានចាប់ផ្ដើមធ្វើ។ អ៊ីចឹងធ្វើឲ្យវិធានទាំងអស់នេះទាន់ចាស់ទុំដែលចេះចាំប្រពៃណីទាំងអស់នេះនៅរស់។ យើងបានចងក្រងទុកជាឯកសារមួយ។ មួយទៀត វាមានប្រយោជន៍សម្រាប់ខាងយុត្តិធម៌ គឺថា របៀបរបបរស់នៅ ទស្សនៈវិជ្ជា ការគិត និងការអនុវត្តរបស់ជនជាតិដើមភាគតិច មានលក្ខណៈផ្សេងគ្នាខ្លះពីច្បាប់ជាតិ»។
ជនជាតិដើមភាគតិចឈ្មោះ ទូត លឿម ជាជនជាតិព្នងមកពីខេត្តមណ្ឌលគិរី បានថ្លែងថា មានការជីករករ៉ែមាសនៅក្នុងតំបន់របស់លោក ហើយកំពុងតែរំខានដល់ការរស់នៅរបស់គ្រួសារជនជាតិដើមភាគតិចនានា។
លោក ទូត លឿម បាននិយាយតាមរយៈអ្នកបកប្រែថា ៖ «ឥឡូវនេះ គាត់មានសំណូមពរទាក់ទងនឹងក្រុមហ៊ុនដែលបានទៅរកមាសនៅក្នុងតំបន់គាត់។ ដោយសារគាត់មានកូនចៅច្រើន អ៊ីចឹងគាត់អត់ចង់ឲ្យមានក្រុមហ៊ុនទៅរកមាសរកអី ក្នុងតំបន់សហគមន៍របស់គាត់ទេ»។
អភិបាលរងខេត្តមណ្ឌលគិរី លោក ហេង សំណាង ដែលបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅនោះដែរ បានមានប្រសាសន៍ពន្យល់ថា ៖ «គាត់មិនចង់ឲ្យក្រុមហ៊ុនចូលទៅប៉ះពារលើដីសហគមន៍របស់គាត់។ អាហ្នឹងគឺជាគំនិត គាត់ចង់បាននូវកម្មសិទ្ធិមួយនៃគ្រួសារ ដូចសង្គមផ្សេងៗ ដូចជាខេត្តក្រោមដែរ។ ប៉ុន្តែយើងត្រូវយល់ដឹងថា នៅក្នុងតំបន់ដែលគាត់រស់នៅបច្ចុប្បន្នហ្នឹង វាជាតំបន់ដែនដីរបស់រដ្ឋគ្រប់គ្រង វាមិនទាន់មានជាកម្មសិទ្ធិអ្វីផ្សេងៗទេ ប៉ុន្តែយើងអនុញ្ញាតឲ្យគាត់រស់នៅរបៀបពីមុនមក របៀបរាយប៉ាយនោះណា៎! ឋិតនៅក្នុងដែនជម្រកនៃព្រះរាជក្រឹត្យ។ អ៊ីចឹងការវិនិយោគអ្វីផ្សេងៗ គឺផ្អែកទៅលើថ្នាក់ជាតិ»។
បច្ចុប្បន្នគេកំពុងតែរៀបចំបង្កើតជាសហគមន៍ជនជាតិដើមភាគតិចចំនួន ៣៧សហគមន៍ នៅក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែជាក់ស្ដែងសហគមន៍ចំនួន ១៧ ត្រូវបានទទួលស្គាល់ដោយអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ចំនួន ៤ ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ នៅក្នុងសហគមន៍ចំនួន ៣៧នោះ។
អាជ្ញាធរមូលដ្ឋានខេត្តមណ្ឌលគិរីចង់ឃើញការបង្កើតសហគមន៍ដូច្នេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងផ្ដល់កម្មសិទ្ធិនានា និងអត្តសញ្ញាណប័ណ្ណ ពីព្រោះកន្លងមកជនជាតិដើមភាគតិចរស់នៅរាយប៉ាយ។
សៀវភៅស្ដីពីវិធានប្រពៃណីជនជាតិដើមភាគតិចចំនួន ៥ប្រភេទខាងលើនេះ ត្រូវបានអ្នកឯកទេសស្រាវជ្រាវរបស់អង្គការ UNDP ប្រចាំនៅកម្ពុជា ធ្វើការសិក្សារយៈពេល ១ឆ្នាំ កាលពីឆ្នាំ២០០៧កន្លងទៅ និងមានការកែសម្រួលច្រើនលើក រហូតដល់មានការចេញផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ៕
