សំណង់​ទ្វារ​ទឹក​បុរាណ​១​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​សៀមរាប

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ថា គេ​បាន​រក​ឃើញ​ច្រក​ទ្វារ​ទឹក​បុរាណ​សម្រាប់​បង្វែរ​ទិស​ដៅ​មុខ​ទឹក​ដ៏​សំខាន់​មួយ​របស់​សម័យ​អង្គរ។

0:00 / 0:00

រដ្ឋាភិបាល​អះអាង​ថា នេះ​គឺជា​ការ​រក​ឃើញ​ដ៏​ធំ​មួយ​ដែល​ជា​ច្រើន​រយ​ឆ្នាំ​កន្លង​មក​ហើយ មិន​ដែល​ មាន​ក្រុម​អ្នកបច្ចេកទេស​ណា​ស្រាវជ្រាវ​រក​ឃើញ​នោះ​ទេ។

ក្រុម​អ្នក​បច្ចេកទេស​របស់​អាជ្ញាធរ​អប្សរា ទទួលបន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា សំណង់​ទ្វារ​ទឹក​បុរាណ​មួយ​កន្លែង​ដែល​ទើប​នឹង​រក​ឃើញ​នោះ ធ្វើ​អំពី​ថ្ម​បាយក្រៀម មាន​អាយុកាល​ជាង​ពាន់​ឆ្នាំ​មក​ហើយ។

សំណង់​ទ្វារ​ទឹក​បុរាណ​នោះ​មាន​សារសំខាន់​បំផុត​សម្រាប់​បង្ហូរ​ទឹក​យក​ទៅ​ប្រើ​ប្រាស់​លើ​វិស័យ​កសិកម្ម ការពារ​ប្រាសាទ​បុរាណ​នានា និង​ទីក្រុង​ឱ្យ​គេច​ផុត​ពី​ទឹក​ជំនន់។

លោក ហង់ ពៅ ជា​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​ផ្នែក​ទឹក និង​ព្រៃឈើ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែ​មីនា ថា តាម​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ គឺ​គេ​បាន​រក​ទ្វារ​ទឹក​បុរាណ​នោះ​ឃើញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​គ្រាន់​តែ​ថា ក្រុម​អ្នកបច្ចេកទេស​ត្រូវការ​ជួសជុល​ភាព​ខូច​ខាត​ទាំងនោះ​ឱ្យ​ប្រសើរ​ឡើង​វិញ​សិន។

លោក ហង់ ពៅ បាន​មាន​ប្រសាសន៍​ថា សំណង់​ទ្វារ​ទឹក​បុរាណ​មួយ​នោះ​មិន​មែន​មាន​តួនាទី​សំខាន់​សម្រាប់​តែ​ការ​អភិរក្ស​តំបន់​ប្រាសាទ និង​ទីក្រុង​ចាស់​កាល​ពី​សម័យ​បុរាណ​តែ​ប៉ុណ្ណោះ​ទេ គឺ​វា​ក៏​អាច​ការពារ​ទឹក​ជំនន់​សម្រាប់​តំបន់​ទីក្រុង​សៀមរាប ទាំងមូល​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ផង​ដែរ។

លោក ហង់ ពៅ៖ «វា​មាន​សំណង់​ជា​ស្ពាន​ចាស់​មួយ​​ដែល​យើង​ហៅ​ថា ស្ពាន (ធំ) ដែល​គេ​ធ្វើ​ពី​ថ្ម​បាយក្រៀម ដូច​ស្ពាន​កំពង់ក្ដី​អ៊ីចឹង។ បើ​យើង​គិត​មើល​ទៅ​ការ​ដែល​ធ្វើ​កំណត់​វិភាគ​បែប​វិទ្យាសាស្ត្រ​នៅ​លើ​ស្ពាន​ហ្នឹង វា​អត់​ទាន់​កំណត់​វិភាគ​ទេ ក៏​ប៉ុន្តែ​វា​មាន​សំណង់​មួយ​ទៀត​នៅ​ខាង​លើ ដែល​វា​ធ្វើ​តាំង​ពី​សតវត្ស​ទី​៩ យើង​ហៅ​បំពេញ​រាជ្យ​នោះ។ គឺ​ប្រព័ន្ធ​នោះ​ស្រដៀង​នឹង​បំពេញ​រាជ្យ​ហ្នឹង​ដែរ»

លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី។ លោក​បាន​មាន​ប្រសាសន៍​ថា សំណង់​ទ្វារ​ទឹក​បុរាណ​នោះ គឺ​សម្រាប់​ចែក​មុខ​ទឹក​ដែល​ចុះ​ពី​តំបន់​ភ្នំ​គូលែន ឱ្យ​ហូរ​ទៅ​តាម​ស្ទឹង​ចំនួន ៣ មាន​ស្ទឹង​រលួស ស្ទឹង​សៀមរាប និង​ស្ទឹង​ពួក ហើយ​ទ្វារ​ទឹក​នោះ ក៏​ចែក​ផ្លូវទឹក​ឱ្យ​ចូល​ទៅ​ក្នុង​បារាយណ៍​ធំៗ​ចំនួន ៣ របស់​ទីក្រុង​អង្គរ​ សម្រាប់​ធ្វើ​កសិកម្ម​ដោយ​មិន​ឱ្យ​ហូរ​ចោល​ទៅ​ក្នុង​បឹងទន្លេសាប ដោយ​មិន​បាន​ប្រើប្រាស់​​នោះ​ទេ។

លោក សុខ អាន បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រៅ​ពី​វា​មាន​តួនាទី​សំខាន់​ក្នុង​ការ​បែង​ចែក​ផ្លូវ​ទឹក​ទៅ​តាម​ស្ទឹង និង​បារាយណ៍​ធំៗ​នោះ បារាយណ៍​ធំៗ​ក៏​បាន​នាំ​ទឹក​បញ្ចូល​ទៅ​តាម​កសិណ​អង្គរធំ អង្គរ​តូច​ ​ដែល​អាច​ការពារ​ឱ្យ​មាន​និរន្តរភាព ដល់​ប្រាសាទ​បុរាណ​ផង និង​ទីក្រុង​ផង។

លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា៖ «ហើយ​ដែល​ទឹក​ហ្នឹង​ជា​មូលដ្ឋាន​ដែល​សម័យ​អង្គរ​ធ្វើ​ស្រែ។ គេ​ប្រើ​ប្រព័ន្ធ​ធារាសាស្ត្រ​តូច​ថែម​ទៀត​ទៅ​ផ្នែក​លើ​ប្រព័ន្ធ​ទាំង ៣ ទឹក​ជាង ១០០​លាន​ម៉ែត្រ​គូប​ហ្នឹង។ អ៊ីចឹង​ទឹក​ហ្នឹង​ពេល​វា​មក​ខែ​វស្សា វា​នឹង​ចូល​មក​ក្នុង​ទ្វារ​ទឹក​ទាំង​អស់​ហ្នឹង ដោយ​មិន​ហូរ​ចោល​ទៅ​បឹង​ទន្លេសាប​ទេ ហើយ​ដែល​អាច​ការពារ​មិន​ឱ្យ​មាន​ការ​លិចលង់​ប្រាសាទ និង​ការពារ​មិន​ឱ្យ​លិចលង់​ទីក្រុង​សៀមរាប ដូច​ឆ្នាំ​មុន​ទេ។ មន្ត្រី​រដ្ឋាភិបាល​មាន​គោលបំណង​ចង់​ឱ្យ​ទិសដៅ​ខ្សែ​ទឹក​ហូរ​ទៅ​តាម​លំនាំ​ដើម​នៃ​ទ្វារ​ទឹក​បុរាណ​នោះ​ឡើង​វិញ​ទៅ​លើ​តំបន់​មួយ​ចំនួន ដែល​គេ​ចង់​បាន​ឱ្យ​ដូច​ពី​សម័យ​អតីតកាល​នោះ​ដែរ»

ដោយសារ​តែ​ក្រុម​អ្នកបច្ចេកទេស និង​អ្នក​ជំនាញ​ផ្នែក​ធារាសាស្ត្រ​បាន​សិក្សា​ឃើញ​ថា ទ្វារ​ទឹក​បុរាណ​ដែល​គេ​ទើប​តែ​រក​ឃើញ​នោះ វា​មាន​តួនាទី​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​បែង​ចែក​ផ្លូវទឹក និង​ ការពារ​ប្រាសាទ​បុរាណ ព្រម​ទាំង​ទីក្រុង​សៀមរាប នា​ពេល​បច្ចុប្បន្ន​​ពី​គ្រោះ​ទឹកជំនន់​បាន​ផង​នោះ គឺ​រដ្ឋាភិបាល​មាន​ផែនការ​រៀបចំ​គម្រោង​មួយ​ឱ្យ​ធ្វើការ​ជួសជុល​ឡើងវិញ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត ទៅ​តាម​ដែល​ធ្វើ​ទៅ​បាន។ ក៏ប៉ុន្តែ​ទោះ​យ៉ាងណា ការ​ជួសជុល​សំណង់​បុរាណ​មួយ​នោះ គឺ​ត្រូវ​ប្រើ​បច្ចេកទេស​តាម​បែប​បុរាណវិទ្យា ដោយ​មិន​ឱ្យ​សំណង់​ប្រែប្រួល​ពី​ភាព​បុរាណ​ឡើយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។