ពាក្យ​ស្លោក​​រំឭក​អំពី​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​គេ​ដាក់​តាម​សាលារៀន

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​រៀបចំ​ពាក្យ​ស្លោក​ស្ដី​អំពី​របប​ខ្មែរ​ក្រហម ដើម្បី​ដាក់​តាំង​នៅ​តាម​សាលា​រៀន​នានា​ទូទាំង​ប្រទេស​កម្ពុជា ដែល​ពាក្យ​ស្លោក​នេះ គឺ​ជា​ការ​រំឭក​មួយ​ដល់​យុវជន​អំពី​របប​ខ្មែរ​ក្រហម។

ពាក្យ​ស្លោក​ដើម្បី​រំឭក​អំពី​របប​ខ្មែរ​ក្រហម​ចំនួន ២​ឃ្លា ត្រូវ​បាន​គេ​ដាក់​តាម​សាលារៀន​ហើយ នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​តុលា ដោយ​ចាប់​ផ្ដើម​ពី​វិទ្យាល័យ​ពីរ នៅ​ក្នុង​ក្រុង​ភ្នំពេញ គឺ​វិទ្យាល័យ​ឫស្សីកែវ និង​វិទ្យាល័យ​ឥន្ទ្រៈទេវី។

ប្រធាន​គម្រោង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម លោកស្រី សូ ហ្វារីណា នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឯកសារ​បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ដាក់​ពាក្យ​ស្លោក​នេះ​ឡើង​នៅ​តាម​សាលារៀន ធ្វើ​ឡើង​ដើម្បី​ឲ្យ​យុវជន​ខ្មែរ​ចងចាំ​ពី​របប​ខ្មែរ​ក្រហម ដោយ​រក្សា​នូវ​ការ​អត់ឱន​ឲ្យ​គ្នា យល់​អធ្យាស្រ័យ​គ្នា និង​ដើម្បី​កុំ​ឲ្យ​មាន​ខ្មែរ​ក្រហម​ម្ដង​ទៀត។

លោកស្រី សូ ហ្វារីណា បាន​បន្ថែម​ថា ៖ «គោល​បំណង​មួយ​ទៀត​ចង់​បង្ហាញ​ថា ត្រូវ​មាន​អី​ដើម្បី​រំឭក​អំពី​របប​ហ្នឹង ដូច្នេះ​ការ​ដែល​យើង​រំឭក អាច​មាន​វិធី​ច្រើន ហើយ​វិធី​ក្នុង​ការ​ដាក់​ពាក្យ​ស្លោក ឬ​ហៅ​ថា បូជនីយដ្ឋាន មិន​ចាំ​បាច់​ថា ដាក់​នៅ​ក្នុង​បូជនីយដ្ឋាន​ធំៗ​ទេ។ ការ​ដាក់​តាម​សាលារៀន ក៏​ជា​វិធី​មួយ​ដែរ ដើម្បី​រំឭក និង​ដើម្បី​គោរព​ដល់​ជន​រងគ្រោះ»

ពាក្យ​ស្លោក​ទាំង​ពីរ​ឃ្លា​នោះ មាន​ការ​និយាយ​ពី​សម័យ​ខ្មែរ​ក្រហម គឺ​ដើម្បី​អត់ឱន និង​អធ្យាស្រ័យ​ឲ្យ​គ្នា ហើយ​មួយ​ឃ្លា​ទៀត​ដាក់​ថា ការ​រៀន​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ដើម្បី​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍។

ពាក្យ​ស្លោក​ទាំង​ពីរ​នេះ រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ហើយ​ត្រូវ​គេ​គ្រោង​នឹង​ដាក់​នៅ​ក្នុង​សាលារៀន​ជា​ផ្ទាំង​ធំៗ ដោយ​ឆ្លាក់​នៅ​លើ​ឈើ និង​ឆ្លាក់​លើ​ដែក​អីណុក ដើម្បី​ដាក់​ក្នុង​សាលារៀន​ចំនួន ១.៧០០​សាលា​រៀន នៅ​ក្នុង​ប្រទេស​កម្ពុជា។

កសិករ​នៅ​ខេត្ត​តាកែវ អ្នកស្រី សេង ស៊ុនទី ថ្លែង​ថា ពាក្យ​ស្លោក​នោះ​មិន​សូវ​មាន​ប្រយោជន៍​ប៉ុន្មាន​ទេ​សម្រាប់​យុវជន ដោយសារ​តែ​អ្នក​ទាំង​នោះ​មិន​បាន​ឆ្លង​កាត់​របប​នោះ ដូច្នេះ​អ្នកស្រី​ជឿ​ថា មិន​សូវ​មាន​យុវជន​ចាប់​អារម្មណ៍​ឡើយ ៖ «ប៉ុន្តែ​សម្រាប់​មនុស្ស​ចាស់ លោកគ្រូ​អ្នកគ្រូ​ដែល​គាត់​បាន​ឆ្លង​កាត់ គាត់​ច្បាស់​ជា​គិត​ហើយ»

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បញ្ជាក់​បន្ថែម​ថា ៖ «ខ្លឹមសារ​វា​ប្រសើរ​ហើយ សម្រាប់​ឲ្យ​យុវជន​យើង​ចងចាំ​នូវ​ការ​ឈឺ​ចាប់​ដែល​កើត​មាន​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ ជា​ការ​ពិត ប្រវត្តិសាស្ត្រ​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​បណ្ដុះ​ឆន្ទៈ»

របប​ខ្មែរ​ក្រហម​បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ​១៩៧៥ ហើយ​ត្រូវ​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រហែល ១​លាន ៧​សែន​នាក់​បាត់​បង់​ជីវិត​ដោយ​ការ​កាប់​សម្លាប់ បង្អត់​អាហារ ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម និង​ការ​ធ្វើ​ទារុណកម្ម។

កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ការ​ចាប់​ផ្ដើម​កាន់​អំណាច ការ​គ្រប់គ្រង និង​ការ​កាប់​សម្លាប់ ក៏​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ ដោយ​គិត​ពី​ថ្នាក់​ទី​៩ រហូត​ដល់​ថ្នាក់​ទី​១២​ផង​ដែរ៕