ថ្លែងប្រាប់អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ នៅសណ្ឋាគារ សាន់វ៉េ (Sunway) ក្នុងទីក្រុងភ្នំពេញ ក្នុងពេលដែលលោកអញ្ជើញចូលរួមសិក្ខាសាលាប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៣ សីហា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មានប្រសាសន៍ពីសារប្រយោជន៍នៃទំព័រវ៉ឹបសាយថ៍នេះថា វាអាចជួយកាត់បន្ថយប្រាក់ចំណាយការងាររបស់អង្គភាពបានច្រើន និងចំណេញពេលវេលាទៀតផង។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា ៖ «វ៉ឹបសាយថ៍ហ្នឹង ទី១ យើងផ្សព្វផ្សាយពីច្បាប់អំពីបទដ្ឋានអីផ្សេងៗ ហើយឯកសារអីផ្សេងៗទៀត ដែលគេចង់ទាក់ទង ឧទាហរណ៍ថា ឯកសារប្រកាសទ្រព្យសម្បត្តិ គិតមើលខ្ញុំត្រូវការបើពុម្ពប៉ុន្មាន? ឧបមាថា ២០ម៉ឺននាក់ ២០ម៉ឺនសម្រាប់ ហើយក្នុងម្នាក់ធ្វើ២ ៤០ម៉ឺនសម្រាប់ អស់លុយមិនតិចទេ! អ៊ីចឹងវិធីរបស់យើងខ្ញុំ ដាក់វ៉ឹបសាយថ៍ នរណាចង់ download យកចេញ ធ្វើចុះ! អ៊ីចឹងវ៉ឹបសាយថ៍ហ្នឹង គោលបំណងទី២ ឲ្យគេដកយកគោលការណ៍ណែនាំអំពីឯកសារអីផ្សេងៗ។ ទី៣ យើងខ្ញុំផ្សាយសកម្មភាពរបស់យើងខ្ញុំ ត្រឡប់ទៅវិញ តើយើងខ្ញុំធ្វើអ្វីខ្ល?»។
ក្រៅពីនេះ តាមរយៈទំព័រវ៉ឹបសាយថ៍ លោកថា អាចផ្តល់ឱកាសល្អដល់ជនអនាមិក ឬសាក្សី និងអ្នកប្តឹងពីជនស៊ីសំណូកសូកប៉ាន់ដោយងាយ និងដោយសុវត្ថិភាពទៀតផង។
លោក ឱម យ៉ិនទៀង បានថ្លែងថា ៖ «យើងសង្ឃឹមថា ការធ្វើវ៉ឹបសាយថ៍របស់យើងខ្ញុំ គឺជាស្ពានមួយទៅជនអនាមិកទាំងនោះ ដើម្បីផ្សាយថា ឥឡូវយើងបានរកឃើញថា នរណាសូកប៉ាន់នរណាអីហ្នឹងហើយ! គាត់មើល ខ្ញុំជឿជាក់ថា អូ! អាហ្នឹងជាបណ្ដឹងរបស់គាត់!»។
លោក សុន ឆ័យ មន្ត្រីបក្ស សម រង្ស៊ី មានប្រសាសន៍ថា វ៉ឹបសាយថ៍នេះអាចមានប្រយោជន៍តិចតួច ក្នុងការប្រឆាំងអំពើពុករលួយ ព្រោះថា ក្នុងចំណោមប្រជាជនខ្មែរជាង ១៤លាននាក់ អ្នកចេះប្រើប្រាស់បច្ចេកវិទ្យាទំនើបដូច្នេះ គឺមានចំនួនតិចតួចណាស់។
លោក សុន ឆ័យ បានអះអាងថា ៖ «ពីព្រោះថា យើងមានច្បាប់មួយមិនការលើកទឹកចិត្តដល់ពលរដ្ឋទេ ដែលមានមាត្រាចែងថា បើមានអ្នកណាចោទប្រកាន់មន្ត្រីណាមួយ ដែលមិនមានភស្តុតាងនោះ អាចទទួលទោសពីបទបរិហារកេរ្តិ៍អីជាដើម! ទាំងអស់នេះធ្វើឲ្យអ្នកចូលរួមហ្នឹង ពិបាកពេកទៅហើយ។ ទី២ទៀត ដូចជាការសម្រេចចិត្តរបស់មន្ត្រី ដូចជាកិច្ចសន្យាកុងត្រាសម្បទានអីៗអ៊ីចឹង គឺសុទ្ធតែលាក់កំបាំង ហើយបើសិនជាគាត់ចង់ធ្វើបែបហ្នឹង គួរតែដាក់ទាំងអស់វិញ អាឯកសារកុងត្រាអីៗទាំងអស់ហ្នឹងនៅក្នុងវ៉ឹបសាយ៍ថ៍គាត់ អាហ្នឹងយើងអាចមានផលប្រយោជន៍ច្រើនដែរ!»។
លោក ឱម យ៉ិនទៀង អះអាងថា ទំព័រវ៉ឹបសាយថ៍ភាសាខ្មែរ ដែលនឹងអាចមានជាភាសាបរទេសរបស់អង្គភាពរប្រឆាំងអំពើពុករលួយនេះ នឹងអាចដំណើរការបាននៅក្នុងរយៈពេលប្រហែល ២ខែខាងមុខនេះ៕
