សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​ផ្តន្ទា​ទោស មូរ សុខហួរ

ទោះ​បី​ជា​លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពត បាន​ព្យាយាម​ប្តឹង​ផ្តល់​ក្នុង​ករណី​បរិហារ​កេរ្តិ៍ ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​សាលា​ឧទ្ធរណ៍​ក៏ដោយ នៅ​ទី​បំផុត​តុលាការ​នេះ​សម្រេច​បន្ត​ផ្តន្ទាទោស​លោកស្រី​ជា​ដដែល។

0:00 / 0:00

តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ពុធ ២៨ តុលា បាន​ប្រកាស​បន្ត​ការផ្តន្ទា​ទោស​លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ជា​បន្ត​ទៀត ដោយ​បាន​តម្កល់​សាលក្រម​របស់​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ ចាត់​ទុក​ថា​ជា​បាន​ការ​នៅ​ក្នុង​ការផ្តន្ទាទោស​ផាក​ពិន័យ​លោកស្រី ចំនួន​សរុប​១៦​លាន​៥​សែន​រៀល ក្រោម​បទ​បរិហារ​កេរ្តិ៍​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ។

លោក សេង ស៊ីវុត្ថា ជា​ចៅក្រម​ជម្រះ​ក្តី​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ នៅ​ក្នុង​ចំណោម​ចៅក្រម​ប្រឹក្សា​ចំនួន​២​រូប​ទៀត បាន​អាន​សាលដីកា​នៅ​ចំពោះ​មុខ​លោកស្រី មូរ សុខហួរ និង​លោក គី តិច ជា​មេធាវី​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​២៨ តុលា ថា តុលាការ​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ ចាត់​ទុក​ជា​បាន​ការ ហើយ​បាន​បើក​ផ្លូវ​ឲ្យ​លោកស្រី​បន្ត​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត។

លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​នៃ​គណបក្ស​សមរង្ស៊ី ដែល​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​ដោយ​គ្មាន​មេធាវី​ការពារ​ក្តី​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត ក្រោយ​ពី​ការ​ប្រកាស​សាលដីកា​នោះ​ថា វា​ជា​សាលដីកា​ក្រោម​សម្ពាធ​នយោបាយ។

លោកស្រី មូរ សុខហួរ មានប្រសាសន៍​ដូច្នេះ ៖ «ជា​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាពនយោបាយ​និង​គាប​សង្កត់។ ការ​សង្ឃឹម​របស់​ខ្ញុំ ខ្ញុំ​នៅ​តែ​មាន​ការ​សង្ឃឹម​បន្ត​ទៀត ហើយ​ខ្ញុំ​សូម​ប្រកាស​នៅ​ពេល​នេះ ខ្ញុំ​នឹង​ឡើង​ទៅ​ដល់​តុលាការ​កំពូល»

ប្រតិកម្ម​នៅ​នឹង​ការ​ប្រកាស​សាលដីកា​ខាង​លើ​នេះ លោក គី តិច ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សាលដីកា​ដែល​បាន​ប្រកាស​នេះ គឺ​យុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក ហើយ​លោក​បាន​បដិសេធ​ថា គ្មាន​សម្ពាធ​នយោបាយ​ណា​មួយ​ជុំវិញ​សំណុំ​រឿង​នេះ​ទេ។

លោក គី តិច មាន​ប្រសាសន៍​ថា ៖ «វា​មាន​យុត្តិធម៌​ណាស់ ព្រោះ​តុលាការ​ពីរ​ថ្នាក់​ហើយ​ដែល​មាន​ការ​សម្រេច​នេះ​ដូច​គ្នា អ៊ីចឹង​ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ថា​វា​មាន​យុត្តិធម៌ សម្ដេច ហ៊ុន សែន»

សុខ សេរី ៖ គាត់​បាន​បន្ទោស​ថា នេះ​ជា​រឿង​នយោបាយ តើ​លោក​ទទួល​យក​បាន​ទេ? គី តិច ៖ រឿង​ថា​ជា​សាធារណៈ ហើយ​អត់​មាន​ភស្តុតាង​អ៊ីចឹង វា​អត់​ត្រឹម​ត្រូវ​ទេ។

គេ​សង្កេត​ឃើញ​មាន​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​មួយ​ចំនួន តំណាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល តំណាង​ស្ថានទូត​អាមេរិក អង់គ្លេស និង​ក្រុម​អ្នក​កាសែត​ជាច្រើន​នាក់​ទៀត បាន​មក​ចូល​រួម​តាម​ដាន​ដំណើរ​ការ​នៃ​សវនាការ​សាធារណៈ​នោះ។

លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា តុលាការ​មិន​ឯករាជ្យ​នៅ​ក្នុង​ការ​សម្រេច​នោះ។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ដូច្នេះ ៖ «អ្នក​ដែល​គ្រប់គ្រង​អំណាច​តែងតែ​ទទួល​បាន​នូវ​ជោគជ័យ ព្រោះ​តុលាការ​ស្រុក​យើង​ជា​តុលាការ​មួយ​ដែល​គេ​មើល​ឃើញ​គ្រប់​គ្នា​ថា ជា​តុលាការ​ដែល​មិន​មាន​លក្ខណៈ​ឯករាជ្យ ហើយ​ក៏​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ»

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថៃ្ង​ទី​៤ ខែ​សីហា កន្លង​ទៅ បាន​ប្រកាស​ផ្តន្ទាទោស​លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី ដោយ​បាន​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១៦​លាន​៥​សែន​រៀល ស្មើ​នឹង​ចំនួន​ប្រមាណ​៤.១០០​ដុល្លារ​អាមេរិក ក្រោម​បទ​បរិហារកេរ្តិ៍​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថៃ្ង​ទី​២៣ ខែ​មេសា កន្លង​ទៅ ចំពោះ​អ្វី​ដែល​លោកស្រី​បាន​បើក​សន្និសីទ​កាសែត ប្រកាស​អំពី​គម្រោង​ប្តឹង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោម​បទ​បរិហារ​កេរ្តិ៍៕