ហេតុការណ៍នេះកើតឡើងនៅពេលដែលពួកគេបានជួបប្រជុំគ្នាក្នុងកម្មវិធីបំពាក់បូដល់សមាជិកថ្មីនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានសមាជិកចូលរួមប្រហែល ១៥.០០០នាក់។ ក្រុមគ្រូពេទ្យបានស្វះស្វែងដឹកក្រុមសិស្សដែលដួលសន្លប់ទាំងនោះតាមរថយន្តសង្គ្រោះបន្ទាន់ ដើម្បីយកទៅសង្គ្រោះព្យាបាល។
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកក្រុងភ្នំពេញ ហៅពេទ្យសម្ភពក្រុង និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម បានព្យាយាមជួយសង្គ្រោះដល់ក្រុមសិស្សដោយដាក់សេរ៉ូម និងដាក់អុកស៊ីហ្សែន ដើម្បីជំនួយការដកដង្ហើមដល់ក្រុមយុវសិស្សដែលបានដួលសន្លប់ជាង ៥០ នាក់នោះ។
អ្នកស្រីវេជ្ជបណ្ឌិត ហ្គឺលីនដា លូកាស (Gerlinda Lucas) ប្រធានមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម មានប្រសាសន៍ថា ក្រុមគ្រូពេទ្យគ្រប់ផ្នែកទាំងអស់បានជួយសង្គ្រោះក្រុមសិស្សដែលដួលសន្លប់នោះ បានទាន់ពេលវេលា និងបានធូរស្រាលហើយ៖«ខ្ញុំគិតថា ខ្លួនមនុស្សខ្លះវាអត់ស៊ាំនឹងកម្ដៅថ្ងៃ ហើយក្មេងខ្លះស៊ាំនឹងកម្ដៅថ្ងៃ។ ករណីហ្នឹងមិនមែនកើតឡើងតែចំពោះក្មេងនោះទេ វាកើតឡើងលើមនុស្សទូទាំងពិភពលោក។ ពេលដែលយើងមិនបានត្រៀមសម្រាប់នៅក្រោយឲ្យបានស្រួលបួល អ៊ីចឹងយើងត្រូវសន្លប់ ព្រោះយើងខ្សោះជាតិទឹក។ អ៊ីចឹងរឿងហ្នឹង គឺយើងអាចការពារបាន ប្រសិនបើយើងឲ្យទឹកទៅក្មេងទាំងនោះញាំមុនពេលដែលក្មេងទាំងនោះ នៅក្រោមកម្ដៅថ្ងៃ ហើយមិនមែនតែក្មេងទេ សូម្បីតែមនុស្សចាស់ក៏ដូចគ្នាដែរ»។

ប្រធានមន្ទីរអប់រំយុវជន និងកីឡា ក្រុងភ្នំពេញ លោក ជា ជាតិ មានប្រសាសន៍ថា មុនពេលកើតហេតុគឺអាកាសធាតុក្ដៅខ្លាំង ហើយហប់ខ្យល់ ដែលធ្វើឲ្យសុខភាពរបស់សិស្សមួយចំនួនមិនអាចទប់ទល់បាន ទើបបណ្ដាលឲ្យសន្លប់បែបនេះ។
លោកបានបន្តទៀតថា ការជួយសង្គ្រោះបានទាន់ពេល និងឆាប់បំផុត ដោយសារតែមានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់នៅប្រចាំការនៅនឹងកន្លែងរៀបចំពិធីជួបជុំគ្នា នាពហុកីឡាដ្ឋានជាតិអូឡាំពិក នោះ៖«ដល់ពេកក្ដៅអ៊ីចឹងទៅ ដូចថា អុកស៊ីហ្សែនមិនគ្រប់ ហើយក្មួយៗហ្នឹងមានអាការៈមិនស្រួល។ ឃើញអាការៈមិនស្រួលខ្ញុំក៏បានទាក់ទងទៅមន្ទីរសុខាភិបាលឲ្យដឹក ចេញភ្លាមៗមកកុំឲ្យទុក។ ដូច្នេះគាត់ដឹកមកភ្លាមៗមក ដាក់នៅទីនេះ (មន្ទីរពេទ្យបង្អែកក្រង និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម)»។
ក្រុមគ្រួសារ និងមិត្តភ័ក្ដិរបស់សិស្សដែលដួលសន្លប់ខ្លះ ស្លន់ស្លោមកដល់មន្ទីរពេទ្យនៅពេលដែលទទួលដំណឹងថា កូនរបស់ពួកគាត់ដួលសន្លប់ ហើយសិស្សខ្លះជួយបក់ខ្យល់បន្ថែម ឲ្យអ្នករងគ្រោះ។
យុវសិស្ស អន ស្រីល័ក្ខ មានទឹកមុខស្រស់ស្រាយបន្តិចវិញ ក្រោយពីបានជួយសង្គ្រោះបានថ្លែងថា នាងអង្គុយយូរពេកធ្វើឲ្យស្ពឹកជើង ហើយវិលមុខដកដង្ហើមលែងរួច៖ «ប្រហែលជាអង្គុយយូរដែរ ទើបស្ពឹកដៃស្ពឹកជើង។ ប៉ុន្តែឥឡូវបានស្រួលវិញហើយ»។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺកើតមានករណីយុវសិស្សដួលសន្លប់ជាច្រើនលើក ដូចជានៅខេត្តកំពង់ចាម នៅខេត្តពោធិ៍សាត់ និងនៅទីក្រុងភ្នំពេញ នេះជាដើម។ ចំណែកឯមូលហេតុពិតប្រាកដនោះ ក្រុមមន្ត្រីជំនាញនៅមិនទាន់ហ៊ានអះអាងថា យ៉ាងណានៅឡើយទេ៕
