ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​ត្រៀម​បញ្ជូន​ខ្លួន​យោធា​ពាក់​ផ្កាយ​ពីរ​ទៅ​តុលាការ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ត្រៀម​បញ្ជូន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន មាន​ឋានៈ​ពាក់​ផ្កាយ​ពីរ​យោធា​ម្នាក់ និង​បក្ខពួក ទៅ​កាន់​តុលាការ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៧ ខែ​សីហា ឆ្នាំ​២០១២។

0:00 / 0:00

នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សាម៉ន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ត្រៀម​បញ្ជូន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ឈ្មោះ ចាន់ ឫទ្ធីឌី ជា​ឧត្តម​សេនីយ៍​ទោ មាន​ឋានៈ​ជា​នាយ​រង​សេនាធិការ​កងទ័ព​ជើង​គោក ក្រសួង​ការពារ​ជាតិ ទៅ​តុលាការ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៧ ខែ​សីហា។ លោក​បន្ត​ថា យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន ដែល​មាន​ជន​សង្ស័យ​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​នេះ សមត្ថកិច្ច​ធ្វើ​ការ​ប្រយ័ត្ន​ប្រយែង​បំផុត។

លោក​បន្ថែម​ថា មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​ចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​ដ៏​ធំ​មួយ​នេះ បាន​ចំនួន​៤នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ជាដើម បាន​ជិត​៥គីឡូក្រាម ឬ​គិត​ជា​ប្រាក់​ប្រមាណ​២៥ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

លោក ខៀវ សាម៉ន៖ «វត្ថុ​តាង គឺ​រឹបអូស​បាន​ថ្នាំ​ញៀន​ប្រភេទ​មេតាំហ្វេតាមីន​គ្រាប់ សញ្ញា​ឌុបឡឺវ៉េ.អ៊ីការិច (WY) ជិត​៤គីឡូ គឺ​៣គីឡូ​៧​ខាំ​ជាង និង​ថ្នាំ​ញៀន​មេតាំហ្វេតាមីន ឬ​ម៉ា​ទឹកកក គឺ​មាន​ចំនួន​ជិត​១គីឡូ។ សរុប​ទាំង​អស់​គឺ ៤គីឡូ​៧ខាំ​ជាង»

លោក ខៀវ សាម៉ន បាន​បន្ត​ថា សំណុំ​រឿង​គ្រឿង​ញៀន​នេះ សមត្ថកិច្ច​ជំនាញ​បាន​ស៊ើប​អង្កេត និង​តាម​ដាន​ជាច្រើន​ឆ្នាំ ទើប​អាច​បង្ក្រាប​បាន​ជោគជ័យ។ លោក​បន្ត​ថា សំណុំ​រឿង​គ្រឿង​ញៀន​នេះ សមត្ថកិច្ច​នឹង​បន្ត​ស៊ើប​អង្កេត​បន្ត​ទៀត ដើម្បី​ស្វែង​រក​បក្ខពួក​ជន​សង្ស័យ៖ «យើង​ចាប់​បាន​ចំពោះ​តែ​មេខ្លោង​ដែល​ជា​អ្នក​ឃុបឃិត​ក្នុង​ការ​លក់ ទិញ ជាមួយ​ក្រុម​ទាំង​អស់​នេះ គឺ​ចាប់​បាន​៣​នាក់។ ប៉ុន្តែ មាន​ម្នាក់​របៀប​ជា​អង្គរក្ស ឬ​អ្នក​យាម​ផ្ទះ​របស់​ឈ្មោះ ចាន់ ឫទ្ធីឌី ទាំង​អស់​ចំនួន​៤នាក់»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​មន្ត្រី​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន និង​មាន​ព្រះរាជ​អាជ្ញា​រង​តុលាការ លោក គី ប៊ុណ្ណារ៉ា បាន​ចុះ​បង្ក្រាប​សកម្មភាព​ជួញ​ដូរ​គ្រឿង​ញៀន​១កន្លែង នៅ​ភូមិ​គ្រឹះ​មន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ​ម្នាក់ នៅ​ភូមិ​គ្រឹះ​លេខ​៤៤ ស្ថិត​ក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

យុទ្ធនាការ​នោះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ឈ្មោះ ចាន់ ឫទ្ធីឌី ជា​ឧត្តមសេនីយ៍​ទោ មាន​ឋានៈ​ជា​នាយ​រង​សេនាធិការ​កងទ័ព​ជើង​គោក និង​រក​ឃើញ​ថ្នាំ​ញៀន​ជិត​៥គីឡូក្រាម។

ទាក់​ទង​បញ្ហា​នេះ លោក គី ប៊ុណ្ណារ៉ា ព្រះរាជ​អាជ្ញា​រង​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​ជួញ​ដូរ​គ្រឿង​ញៀន​នេះ ប៉ូលិស​មិន​ទាន់​បញ្ជូន​មក​ដល់​ដៃ​តុលាការ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា សំណុំ​រឿង​នេះ​មុន​នឹង​អាច​ធ្វើ​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ភូមិ​គ្រឹះ​ដែល​សង្ស័យ​ថា​ស្ដុក និង​សម្រាប់​ចែក​ចាយ​គ្រឿង​ញៀន កម្លាំង​ជំនាញ​បាន​ចំណាយ​ពេល​ស៊ើប​អង្កេត និង​តាម​ដាន​ជាច្រើន​ឆ្នាំ ទើប​បង្ក្រាប​បាន​ជោគជ័យ៖ «ប៉ូលិស​មិន​ទាន់​បញ្ជូន​មក​តុលាការ​ទេ គឺ​កំពុង​សាកសួរ។ ខ្ញុំ​មិន​ទាន់​និយាយ​ទេ ព្រោះ​ប៉ូលិស​កំពុង​ស៊ើប​អង្កេត​នៅ​ឡើយ​សំណុំ​រឿង​នេះ»

ទោះ​យ៉ាង​ណា លោក ខៀវ សាម៉ន ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ករណី​គ្រឿង​ញៀន​នេះ សមត្ថកិច្ច​មិន​ទាន់​បញ្ចេញ​របាយការណ៍​ជា​សាធារណៈ​ទេ ព្រោះ​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ទីតាំង​ពាក់ព័ន្ធ និង​បក្ខពួក​ជន​សង្ស័យ មុន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ចាត់​ការ​តាម​នីតិវិធី​នៃ​ច្បាប់។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន ឈ្មោះ ចាន់ ឫទ្ធីឌី ជា​ឧត្តមសេនីយ៍​ទោ មាន​ឋានៈ​ជា​នាយ​រង​សេនាធិការ​កងទ័ព​ជើង​គោក នៃ​ក្រសួង​ការពារ​ជាតិ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។