អណ្ដូង​ស្នប់​ជា​ច្រើន​នៅ​ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង​មាន​ផ្ទុក​ជា​តិអាសេនិក

អណ្តូង​ស្នប់​ជា​ច្រើន​ក្នុង​ឃុំ​ព្រៃមូល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​ជាតិ​អាសេនិក​ក្នុង​កម្រិត​គួរ​ឲ្យ​ព្រួយ​បារម្ភ។

0:00 / 0:00

អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​ផ្នែក​អាសេនិក លោក សុខ ចំណាន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​២២ កញ្ញា​នេះ​ថា តាម​ការចុះ​ស្រាវជ្រាវ​កន្លង​មក បាន​រក​ឃើញ​ថា ទឹក​ដែល​ចេញ​ពី​អណ្ដូង​ស្នប់​ចំនួន​១០ ដែល​លោក​បាន​ចុះ​ទៅ​ពិនិត្យ​នោះ សុទ្ធ​តែ​មាន​ផ្ទុក​ជាតិ​អាសេនិក​ក្នុង​កម្រិត​គួរ​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់​សុខភាព​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់។

លោក សុខ ចំណាន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​មិន​ទាន់​ហ៊ាន​ប្រកាស​អាសន្ន​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា អណ្ដូង​ដែល​យើង​មើល​ឃើញ​ក្នុង​ចំណោម​១០ យើង​ឃើញ​ថា​មាន ក៏​ប៉ុន្តែ​អណ្ដូង​១០​នេះ នៅ​ក្នុង​កម្រិត​ស្ទាក់សើ្ទរ​ក្នុង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​យ៉ាង​ណា​នោះ ដោយសារ​ការធ្វើ​តេស្ត​ទៅ ម្ដង​វា​ប្រែប្រួល​អ៊ីចេះ ម្ដង​វា​ប្រែប្រួល​អ៊ីចុះ វា​អាច​កើន​ខ្លះ ថយ​ចុះ​ខ្លះ​អ៊ីចឹង​ទៅ។ ប៉ុន្តែ​ក្រោយ​ពី​មាន​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​មក ខាង​ក្រុម​ការងារ​យើង បាន​ចុះ​ទៅ​ពិនិត្យ​សា​ឡើង​វិញ យើង​ឃើញ​ថា នៅ​មាន​ដដែល មាន​ការ​ប្រែប្រួល​តិច​តួច ដូច​ថា ១០០ ឥឡូវ​ហ្នឹង ឃើញ​មាន​ការប្រែប្រួល​នៅ​សល់ ៧៥។ អ៊ីចឹង​មាន​ន័យ​ថា វា​នៅ​កម្រិត​ខ្ពស់​ដដែល»

មេឃុំ​ព្រៃមូល លោក ភោគ ឈួន មាន​ប្រសាសន៍​ថា ក្នុង​ទូទាំង​ឃុំ​មាន​អណ្ដូង​ប្រមាណ​ជិត​៣០០​អណ្ដូង។ លោក ភោគ ឈួន បាន​សម្ដែង​ពី​ការព្រួយ​បារម្ភ​ចំពោះ​ការរក​ឃើញ​ជាតិ​អាសេនិក​ក្នុង​អណ្តូង​ទឹក​នានា​ក្នុង​ឃុំ​នេះ។

លោក​បន្ត​ថា ក្រោយ​ពី​ដឹង​បញ្ហា​នេះ អាជ្ញាធរ​ឃុំ​បាន​ចុះ​ទៅ​ធ្វើ​ការផ្សព្វផ្សាយ​ទូលំ​ទូលាយ​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ចំពោះ​ផលវិបាក របៀប​ការពារ​រួច​ហើយ ៖ «យើង​បាន​ជួយ​ពន្យល់​ដែរ ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​ថា ឥឡូវ​ហ្នឹង​គាត់​ប្រើ​អណ្ដូង​កន្លែង​ហ្នឹង​វា​ញឹក​ញាប់​អស់​ហើយ អ៊ីចឹង​គាត់​ធ្លាប់​ប្រើ​យូរ​ណាស់​ហើយ វា​អត់​អី»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​ឃុំ​ព្រៃមូល ហាក់​ពុំ​មាន​ការព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ​ឡើយ។

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ អ៊ុក សារ៉េន មាន​ប្រសាសន៍​ថា ៖ «ប្រើ​អណ្ដូង​ខ្លះ ដែល​យើង​យក​ទៅ​ដាំ​ទៅ មាន​ជាតិ​កំបោរ​វា​កក​នៅ​បាត​កំសៀវ ក្នុង​អារម្មណ៍​ហ្នឹង​យើង​គិត យើង​ភ័យ​ដែរ ហើយ​ក៏​អត់​ដឹង​គិត​ថា ធ្វើ​ម៉េច​ត​ទៅ​ទៀត ចេះ​តែ​ប្រើ​ទៅ»

អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​ផ្នែក​អាសេនិក លោក សុខ ចំណាន ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ខេត្ត​កំពង់ឆ្នាំង​គឺ​ជា​ខេត្ត​គោលដៅ​មួយ​ក្នុង​ចំណោម​ខេត្ត​ចំនួន​៧ ក្នុង​ទូទាំង​ប្រទេស​ដែល​កម្មវិធី​ស្រាវជ្រាវ​ជាតិ​អាសេនិក​របស់​អង្គការ​យូនីសេហ្វ​កំពុង​ធ្វើ​ប្រតិបត្តិការ។

លោក​បន្ត​ថា ជាតិ​អាសេនិក​អាច​បង្ក​ជា​ជំងឺ​ជា​ច្រើន​យ៉ាង​ដល់​សព៌ាង្គ​កាយ​មនុស្ស ហើយ​ជំងឺ​ដែល​កើត​ឡើង​ដោយសារ​ឥទ្ធិពល​របស់​វា​គឺ​ពុំ​អាច​ព្យាបាល​ជា​ឡើយ៕