ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំស្តីពីសេដ្ឋកិច្ចរបស់ក្រុមរដ្ឋមន្ត្រីអាស៊ាននៅខេត្តសៀមរាបថា ខណៈពេលដែលពិភពលោកកំពុងមានវិបត្តិហិរញ្ញវត្ថុក្រុមមន្ត្រីសេដ្ឋកិច្ចនៃប្រទេសអាស៊ានមានការព្រួយបារម្ភខ្លាំង ដោយនៅក្នុងកិច្ចប្រជុំនេះក្រុមមន្ត្រីអាស៊ានបានខិតខំរកដំណោះស្រាយដោយការស្វែងរកហិរញ្ញប្បទានដើម្បីជួយដល់វិស័យពាណិជ្ជកម្មឯកជននិងសហគ្រាសតូចតាចជំរុញការនាំចេញផលិតផលនិងកែសម្រួលនិងបើកទូលាយឲ្យវិស័យឯកជនមួយចំនួនបានចូលរួមកាន់តែច្រើនលើវិស័យពាណិជ្ជកម្មនានានិងការនាំចេញ។
លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ទៀតថា ខណៈពេលដែលហិរញ្ញវត្ថុពិភពលោកកំពុងមានវិបត្តិនេះដើម្បីជួយដល់សេដ្ឋកិច្ចអាស៊ានដែលទទួលរងផលប៉ះពាល់គឺមានតែធ្វើសមាហរណកម្មសេដ្ឋកិច្ចបណ្តាប្រទេសអាស៊ានទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានឲ្យបានឆាប់រហ័សជាងមុនទើបប្រសើរ។
ចំណែកអគ្គលេខាធិការសមាគមអាស៊ាន លោក Surin Pitsuwan បានមានប្រសាសន៍ថា ក្នុងការជួបប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកនេះកិច្ចប្រជុំបានអនុម័តធ្វើយ៉ាងណាបើកចំហឲ្យទូលាយនិងលើកទឹកចិត្តដល់វិស័យឯកជននិងសហគ្រាសធុនតូចមធ្យមបានចូលរួមខាងការនាំផលិតផលចេញក្រៅប្រទេសដើម្បីជួយដល់សេដ្ឋកិច្ចអាស៊ានដែលកំពុងប៉ះពាល់។
លោក Surin Pitsuwan បានមានប្រសាសន៍ថា វាជាការសំខាន់ដែលត្រូវបើកទូលាយឲ្យសហគ្រាសធុនតូចនិងមធ្យមរបស់ឯកជនបានចូលរួមក្នុងវិស័យពាណិជ្ជកម្ម។
លោក Surin Pitsuwan បានមានប្រសាសន៍ថា ៖ "វាជាការសំខាន់ណាស់ អាស៊ានធ្វើយ៉ាងណាទាក់ទាញសហគ្រាសធុនតូចនិងមធ្យម និងវិស័យឯកជនឲ្យចូលរួមក្នុងការលើកស្ទួយសេដ្ឋកិច្ចអាស៊ាន ដោយអាស៊ានយល់ថា ឆ្អឹងខ្នងរបស់សេដ្ឋកិច្ចអាស៊ានគឺសង្ឃឹមលើសហគ្រាសធុនតូច មធ្យម និងវិស័យឯកជនយ៉ាងខ្លាំង"។
តាមមន្ត្រីអាស៊ានបាននិយាយថា ក្រុមប្រទេសសមាជិកសមាគមអាស៊ានកំពុងសម្លឹងឃើញហិរញ្ញប្បទានជាង២៥០ពាន់លានដុល្លារសហរដ្ឋអាមេរិករបស់សហគមន៍អឺរ៉ុបដែលអាស៊ានកំពុងរិះរកមធ្យោបាយធ្វើយ៉ាងណាដើម្បីយកលុយនោះឲ្យបានមកជួយដល់វិស័យឯកជននិងសហគ្រាសជំរុញការនាំចេញផលិតផលនិងពាណិជ្ជកម្ម។
មន្ត្រីអាស៊ានបានឲ្យដឹងទៀតថា ក្នុងគំនិតផ្តួចផ្តើមនៃការប្រជុំនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃកន្លងមក គឺប្រទេសអាស៊ានចំនួន១០បូកអាស៊ានចិន ជប៉ុន និងកូរ៉េ គឺមានហិរញ្ញប្បទានចំនួន១២០ពាន់លានដុល្លាររួចហើយដើម្បីជួយដល់វិស័យឯកជនសម្រាប់ការធ្វើពាណិជ្ជកម្មផលិតនិងនាំចេញផលិតផលទាំងនោះ៕
