មានអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ មកពីតំបន់អឺរ៉ុបចំនួនជាង ២០០នាក់ បានមកចូលរួមក្នុងកិច្ចប្រជុំនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា អាស៊ាន នៅតែចាត់ទុកប្រទេសនៅតំបន់អឺរ៉ុប ជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់ និងធំជាងគេ បន្ទាប់ពីប្រទេសចិន សម្រាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មសេរី នៅគ្រាដែលមេដឹកនាំប្រទេសសមាជិកអាស៊ាន ចំនួន ១០ គ្រោងបង្កើតសហគមន៍អាស៊ាននៅឆ្នាំ ២០១៥។ នៅពេលនោះ អាស៊ាន គឺជាសហគមន៍តែមួយ វាសនាតែមួយ និងជាតំបន់ពាណិជ្ជកម្មសេរី ដោយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកជាមួយគ្នាទាំងអស់។
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន បានអំពាវនាវឲ្យអ្នកជំនួញនៅតំបន់អឺរ៉ុប មកវិនិយោគទុននៅប្រទេសកម្ពុជា ក្នុងការនាំអង្ករចេញទៅទីផ្សារអន្តរជាតិ ពីព្រោះកម្ពុជាមានសក្ដានុពលខាងវិស័យកសិកម្ម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា តំបន់ទាំងពីរ អាស៊ាន និងអឺរ៉ុប គឺមានសក្តានុពលខ្លាំង ខាងវិស័យពាណិជ្ជកម្ម ទេសចរណ៍ សេដ្ឋកិច្ច និងវិនិយោគ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «អាស៊ាន ដែលមានប្រជាជនសរុបជាង ៦០០ លាននាក់ មានស្ថិរភាពនយោបាយ និងធនធានធម្មជាតិសម្បូរណ៍បែប និងមានផលិតផលក្នុងស្រុកសរុបប្រមាណ ៣០០ ពាន់លានដុល្លារអាមេរិក និងក្លាយជាទីផ្សារមួយ ដែលនឹងផ្ដល់កាលានុវត្តន៍ភាពខ្លាំងដល់ការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម»។
ការងើបឡើងនូវសេដ្ឋកិច្ចអាស៊ាន ត្រូវបានគេមើលឃើញថា គឺជាតំបន់ ដែលមានសក្ដានុពលនៃវិស័យពាណិជ្ជកម្ម និងវិនិយោគទុន នៅលើពិភពលោក នៅគ្រាដែលតំបន់អឺរ៉ុប កំពុងតែជួបប្រទះស្ថានការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មមិនទៀងទាត់។
អគ្គលេខាធិការអាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ (Surin Pitsuwan) មានប្រសាសន៍ថា នៅឆ្នាំ ២០១០ កន្លងទៅនេះ តំបន់អឺរ៉ុប គឺជាទីផ្សារសម្រាប់ការនាំចូលទំនិញពាណិជ្ជកម្មដ៏ធំ សម្រាប់តំបន់អាស៊ាន ចំនួន ១០,៧%។ លោករំពឹងទុកថា ទំហំពាណិជ្ជកម្មនេះ គឺស្ថិតនៅដដែល នៅឆ្នាំ ២០១១។
លោក សុរិន្ទ ពិតសុវណ្ណ (Surin Pitsuwan)៖ «តំបន់អឺរ៉ុប នៅតែបន្តជាប្រភពដ៏ធំបំផុតមួយ របស់អាស៊ាន សម្រាប់ការនាំចូល និងការធ្វើពាណិជ្ជកម្ម ដែលមានទំហំជាង ១៧ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០១០ កន្លងទៅ»។
តំណាងសហភាពអឺរ៉ុប លោក ដូមីនីក ខាតទ្រី ( Dominique Catry ) មានប្រសាសន៍ថា តំបន់អឺរ៉ុប នៅតែជាដៃគូសំខាន់ និងខ្លាំងរបស់អាស៊ាន សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគទុន។
លោក ដូមីនីក ខាតទ្រី៖ «ទោះជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុប បានធ្វើឲ្យល្អប្រសើរឡើងនូវស្ថានការណ៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមក។ យើងបានឈានទៅមុខ ជាមួយនឹងផែនការយុទ្ធសាស្ត្រចាំបាច់នានា ដើម្បីឲ្យមានកំណើនសេដ្ឋកិច្ច»។
តាមការកត់សំគាល់របស់អ្នកជំនាញសេដ្ឋកិច្ច បានឲ្យដឹងថា អាស៊ានបានសម្រេចបានកំណើនសេដ្ឋកិច្ច ចំនួន ៧% នៅឆ្នាំ ២០១០ កន្លងទៅ ហើយគេរំពឹងទុកថា កំណើនសេដ្ឋកិច្ចអាស៊ាននឹងធ្លាក់ចុះមកចំនួន ៤,៥% នៅឆ្នាំ ២០១២ ដោយសារតែសេដ្ឋកិច្ចនៅប្រទេសជឿនលឿននៅតំបន់អឺរ៉ុប បន្តធ្លាក់ចុះ និងបានកាត់បន្ថយតម្រូវការនៃការនាំចេញពីតំបន់អាស៊ាន។
នៅក្នុងកិច្ចប្រជុំនេះដែរ អគ្គលេខាធិការអាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ បានលើកឡើងថា នៅឆ្នាំ ២០០៧ កន្លងទៅ មេដឹកនាំសហភាពអឺរ៉ុប បានព្រមានមកអាស៊ានថា សូមរៀបចំផ្ទះសំបែងរបស់យើងឲ្យបានរៀបរយ នៅគ្រាដែលតំបន់អឺរ៉ុប មិនទាន់ជួបវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប៉ុន្តែ នៅពេលនេះ យើងជាអាស៊ាន និយាយទៅកាន់មេដឹកនាំអឺរ៉ុបវិញថា ចូររៀបចំផ្ទះសំបែងរបស់អ្នកឲ្យបានរៀបរយ នៅគ្រាដែលសេដ្ឋកិច្ចនៅតំបន់អាស៊ានមានសក្ដានុពល៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
