លោក ចម ប្រសិទ្ធ៖ កម្ពុជា​មិន​ទាន់​គិត​ពី​ការ​ចូល​ជា​ដៃគូ​ពិភាក្សា​សេដ្ឋកិច្ច​ក្រៅ​តំបន់

កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៤៤ នៅ​ខេត្ត​សៀមរាប រយៈពេល​១សប្តាហ៍ បាន​បញ្ចប់​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​សីហា។

0:00 / 0:00

នៅ​ក្នុង​កិច្ច​ជួប​ប្រជុំ​នោះ ក្រុម​បណ្ដា​ប្រទេស​អាស៊ាន​ខ្លះ បាន​ចាប់​ផ្ដើម​ឈាន​ទៅ​រក​ការ​ពង្រីក​ភាព​ជា​ដៃគូ​ជាមួយ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​ពង្រឹង​ផ្នែក​សេដ្ឋកិច្ច។

តើ​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ាន​ដែរ​នោះ នឹង​ចូល​ជា​សមាជិក​នៃ​ប្រទេស​ជា​ដៃគូ​ពិភាក្សា​សេដ្ឋកិច្ច​ក្រៅ​តំបន់​ដែរ ឬ​ទេ?

ប្រមុខ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៤៤ បាន​ឱ្យ​ដឹង​ថា ក្រុម​ប្រទេស​ជា​ដៃគូ​ពិភាក្សា​ផ្នែក​សេដ្ឋកិច្ច បាន​ចាត់​ទុក​ប្រទេស​អាស៊ាន​ទាំង​១០ គឺ​ជា​ស្នូល​ដើម្បី​ឈាន​ទៅ​រក​ការ​បង្កើត​រចនាសម្ព័ន្ធ​ធនធាន​ថ្នាក់​តំបន់​មួយ ជួយ​ដល់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៤៤ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៣១ ខែ​សី​ហា ថា ក្នុង​ការ​ជួប​ប្រជុំ​គ្នា​ជា​ច្រើន​ថ្ងៃ​មក​នេះ ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន នឹង​ឈាន​ទៅ​រក​ការ​ពង្រីក​ដៃគូ​ពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្រៅ​តំបន់ ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​របស់​គេ​ឱ្យ​រឹងមាំ។

លោក ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ទៀត​ថា ប្រទេស​អាស៊ាន​មួយ​ចំនួន អាច​នឹង​ចូល​រួម​នៅ​ក្នុង​ភាព​ជា​ដៃគូ​ពិភាក្សា​សេដ្ឋកិច្ច ដែល​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សហរដ្ឋអាមេរិក ដោយ​មាន​កម្រិត​ស្តង់ដារ​ខ្ពស់​មួយ។ ក៏ប៉ុន្តែ ប្រទេស​ខ្លះ​អាច​នឹង​មិន​ទាន់​ចូល​រួម​នៅ​ឡើយ។ ចំណែក​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​បាន​គិត​ទៅ​ដល់​ការ​ចូល​ជា​សមាជិក​នៃ​ប្រទេស​ជា​ដៃគូ​ពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​តំបន់​នោះ​ទេ។

លោក ចម ប្រសិទ្ធ៖ «ដៃគូ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ និង​ប្រើប្រាស់​អាស៊ាន ធ្វើ​ជា​ស្នូល​កណ្ដាល​នៃ​ការ​ឈាន​ទៅ​រក​ការ​បង្កើត​រចនាសម្ព័ន្ធ​ធនធាន​ថ្នាក់​តំបន់​មួយ ក្នុង​ការ​ជួយ​ដល់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ បញ្ហា​នេះ​វា​នឹង​មាន​ទំនាក់​ទំនង​រវាង​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ បូក​ជាមួយ​ប្រទេស​ចិន កូរ៉េ ជប៉ុន អូស្ត្រាលី ណូវែលហ្សេឡង់ ហើយ​និង​ឥណ្ឌា»

លោក សុរិន ពិតសុវណ្ណ ជា​អគ្គលេខាធិការ​នៃ​សមាគម​អាស៊ាន បាន​ចាត់​ទុក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៤៤ ដែល​មាន​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា ធ្វើ​ជា​ប្រធាន​នោះ​ថា គឺ​បាន​នាំ​មក​នូវ​ភាព​លូតលាស់​ជាច្រើន សម្រាប់​បណ្ដា​ប្រទេស​អាស៊ាន។ លោក សុរិន ពិតសុវណ្ណ បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា គឺ​ជា​សមាជិក​ក្មេង​ខ្ចី​មួយ​នៅ​ក្នុង​សមាគម​អាស៊ាន ក៏ប៉ុន្តែ កម្ពុជា​បាន​ចែក​ចាយ​នូវ​ការ​រីក​លូត​លាស់​យ៉ាង​ច្រើន​សម្រាប់​អាស៊ាន។

ក្នុង​ការ​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៤៤ នេះ គេ​មើល​ឃើញ​ថា ប្រទេស​ក្រៅ​តំបន់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​តំបន់​ទីផ្សារ​ពាណិជ្ជកម្ម​សេរី​អាស៊ាន។

សហរដ្ឋអាមេរិក បាន​សម្លឹង​ឃើញ​ថា តំបន់​អាស៊ាន គឺ​ជា​កូន​សោ និង​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំ​ខាន់​មួយ ដែល​មាន​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ហើយ​សហរដ្ឋអាមេរិក នឹង​ចូល​រួម​ពាក់ព័ន្ធ​ជាមួយ​សេដ្ឋកិច្ច​របស់​អាស៊ាន បន្ត នៅ​ក្នុង​រយៈពេល​ពី​២០​ទៅ​៣០ឆ្នាំ​ខាង​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។