មេដឹកនាំ​អាស៊ាន​ឯកភាព​បន្ត​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន

ប្រទេស​កម្ពុជា​បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ប្រកប​ដោយ​ជោគជ័យ ក្រោយ​ពី​បាន​ដំណើរ​ការ​កិច្ច​ប្រជុំ​នេះ​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​មេសា ក្រោម​កិច្ច​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​យ៉ាង​តឹងរ៉ឹង​បំផុត។

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ នេះ បាន​លើក​យក​បញ្ហា​ជំលោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មក​ពិភាក្សា ដើម្បី​ដោះស្រាយ​នៅ​ក្នុង​របៀបវារៈ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ ដែល​ទើប​បាន​បញ្ចប់​នៅ​ពេល​នេះ ដោយ​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ១០ បាន​ឯកភាព​គ្នា​ថា នឹង​បន្ត​ដោះស្រាយ​ជំលោះ​ដោយ​សន្តិវិធី​រវាង​អាស៊ាន និង​ចិន។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ លោក ហ៊ុន សែន បាន​ឆ្លៀត​ឱកាស​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ បាន​បរិហារ រិះគន់​ថា មាន​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​លោក សម រង្ស៊ី ព្រម​ទាំង​អ្នក​វិភាគ​ឯករាជ្យ​មួយ​ចំនួន បាន​និយាយ​ថា ប្រទេស​កម្ពុជា គឺ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន មិន​បាន​លើក​យក​បញ្ហា​ជំលោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​មក​ពិភាក្សា​ដោះស្រាយ​នៅ​ក្នុង​របៀបវារៈ​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​វិភាគ​បែប​នោះ គឺ​ជា​ការ​មើលងាយ​មក​លើ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក និង​ប្រជាជាតិ​កម្ពុជា ដែល​លោក​មិន​អាច​ទទួល​យក​បាន​ទេ៖ «គ្មាន​ការ​រារាំង​ណា​មួយ​ពី​ចិន អំពី​ការ​ពិភាក្សា​លើ​បញ្ហា​នេះ​ទេ។ អ្វី​ដែល​ជា​ក្របខ័ណ្ឌ​នៃ​ការ​ពិភាក្សា​នោះ ស្ថិត​នៅ​ត្រឹម​កម្រិត​ប៉ុណ្ណេះ … វេទិកា​សមុទ្រ​ចិន គឺ​ជា​វេទិកា​រវាង​អាស៊ាន និង​ចិន មិន​មាន​វេទិកា​ណា​មួយ​ជំនួស​បាន​ទេ ដោយសារ​អ្វី? ដោយសារ​តែ​វា​បាន​ចាប់​ផ្ដើម​ពី​ការ​ចុះ​ហត្ថលេខា​រវាង​អាស៊ាន ១០ ជាមួយ​នឹង​ចិន»

ប្រជុំ​អាស៊ាន ៣០៥
៤-មេសា-២០១២៖ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ថ្ងៃ​បញ្ចប់ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។ (RFA/Sok Serey)

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី គឺ​លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រមុខ​រដ្ឋាភិបាល​មិន​គួរ​ព្រួយ​បារម្ភ​ពេក​ទេ​ចំពោះ​ការ​បញ្ចេញ​មតិ​កន្លង​មក​នោះ៖ «ខ្ញុំ​បាន​ធ្វើ​លិខិត​ផ្ទាល់​មួយ ស្នើ​សុំ​ឲ្យ​សម្ដេច​នាយករដ្ឋមន្ត្រី​មក​ឆ្លើយ​បំភ្លឺ​នៅ​មន្ទីរ​រដ្ឋ​សភា ពាក់ព័ន្ធ​នឹង​ករណី​ជំហរ​របស់​ប្រទេស​កម្ពុជា ...ការងារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​នេះ​ផង​ដែរ ដើម្បី​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​តំណាងរាស្ត្រ​បាន​ដឹង ដើម្បី​ឲ្យ​ប្រជាជាតិ​បាន​យល់ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​បាន​ទទួល​ចំលើយ​ទេ»

ការ​វិភាគ​របស់​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ និង​អ្នក​វិភាគ​ឯករាជ្យ​ដែល​គេ​ស្គាល់​ថា លោក​បណ្ឌិត ឡៅ ម៉ុងហៃ នោះ គឺ​នៅ​ពេល​ដែល​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ (Hu Jintao) បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ដល់​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ តាម​ការ​អញ្ជើញ​ពី​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ សម្ដេច​ព្រះ នរោត្តម សីហមុនី និង​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​ពេល​ការ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឯ​វិមាន​សន្តិភាព។

នៅ​ពេល​នោះ​ហើយ លោក ហ៊ូ ជិនតាវ និង​លោក ហ៊ុន សែន បាន​ចូល​រួម​ធ្វើ​ជា​សាក្សី​នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ចំនួន ១០ ហើយ​ប្រទេស​ចិន បាន​សន្យា​ថា នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន ២៥០​លាន​យន់ និង​ប្រាក់​កម្ចី​ឥណទាន​ចំនួន ២០០​លាន​យន់​ទៀត សរុប​ស្មើ​នឹង​ជិត ៦០​លាន​ដុល្លារ​អាមេរិក។

បន្ថែម​លើ​នេះ​ទៀត លោក ហ៊ូ ជិនតាវ បាន​យល់​ព្រម​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​ចំនួន​រវាង ៣០០​លាន​ដុល្លារ​អាមេរិក ទៅ ៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ សំរាប់​រយៈពេល ៥​ឆ្នាំ តាម​សំណើ​របស់ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

បញ្ហា​ជំលោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ កំពុង​ក្លាយ​ជា​បញ្ហា​ក្តៅ​រវាង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ជាមួយ​ប្រទេស​ចិន។ ប្រទេស​ទាំង​នោះ​មាន​ដូចជា​ប្រទេស​វៀតណាម (Vietnam) ហ្វីលីពីន (Philippines) ម៉ាឡេស៊ី (Malaysia) និង​ប្រទេស​ប្រ៊ុយណេ (Brunei)។

សមុទ្រ​ចិន​ខាង​ត្បូង​នោះ គឺ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា មាន​ធនធាន​ប្រេង និង​ឧស្ម័ន​មហាសាល​នៅ​បាត​សមុទ្រ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​ប្រកាស​ថា មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​បាន​ឯកភាព​គ្នា​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​ភូមា ដោយសារ​តែ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា បាន​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​១ ខែ​មេសា កន្លង​មក​នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។