កិច្ច​ប្រជុំ​ប៉ូលិស​អាស៊ាន​ចប់​ជា​ស្ថាពរ

កិច្ច​ប្រជុំ​ ASEAN-NAPOL នៅ​​ក្នុង​ប្រទេស​កម្ពុជា រយៈ​ពេល​ជិត​មួយ​សប្ដាហ៍​ ត្រូវ​បាន​​បញ្ចប់​ជា​ស្ថាពរ​ហើយ នៅ​ថ្ងៃ​​២៧ ខែ​ឧសភា ឆ្នាំ​២០១០​នេះ។
ដោយ សុខ សេរី
2010-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្តសញ្ញា​អាស៊ាន។
និមិត្តសញ្ញា​អាស៊ាន។
Photo: ORACLE ThinkQuest

កិច្ច​ប្រជុំ​លើក​ទី​៣០ របស់​ប៉ូលិស​អាស៊ាន (ASEAN-NAPOL) នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា រយៈ​ពេល​ជិត​មួយ​សប្ដាហ៍​នោះ បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​ឧសភា ដោយ​មាន​ការ​ប្រកាស​រួម​គ្នា​ថា ប៉ូលិស​ប្រទេស​នានា​ជា​សមាជិក​អាស៊ាន ចំនួន​១០ បន្ត​កិច្ច​សហការ​គ្នា​កាន់​តែ​រឹង​មាំ និង​ជិត​ស្និទ្ធ​ថែម​ទៀត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ការ​ជួញ​ដូរ​អាវុធ និង​អំពើ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

បទ​ល្មើស​ឧក្រិដ្ឋកម្ម​ធំ​ៗ ដែល​មន្ត្រី​ប៉ូលិស​ប្រទេស​សមាជិក​អាស៊ាន បាន​ឯកភាព​គ្នា​កម្ចាត់​នោះ មាន​ដូច​ជា បទ​ល្មើស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន អំពើ​ភេរវកម្ម អំពើ​ជួញ​ដូរ​មនុស្ស ប្រឆាំង​ការ​រត់​ពន្ធ​គ្រឿង​ញៀន ការ​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់ បទ​ល្មើស​លើ​ផ្ទៃ​សមុទ្ទ បទ​ល្មើស​ធនាគារ​ពាណិជ្ជកម្ម បទ​ល្មើស​បច្ចេកវិទ្យា ការ​ក្លែង​បន្លំ​ឯកសារ​ឆ្លង​ដែន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្កើត​តារាង​ទិន្នន័យ និង​ព័ត៌មាន​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ចែក​រំលែក​ព័ត៌មាន​សំងាត់។

លោក​ឧត្ដម​សេនីយ៍​ឯក គៀត ចាន្ថារិទ្ធិ ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី ក្រោយ​ពី​ការ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​ឧសភា​នេះ​ថា ៖ «កិច្ច​ប្រជុំ​នេះ​សំខាន់ គឺ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ ការណ៍​នៅ​ក្នុង​ប្រទេស​អាស៊ាន ហើយ​និង​ប្រទេស​ដៃ​គូ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន នៅ​ក្នុង​ហ្នឹង មាន​អំពើ​ភេរវកម្ម ដែល​ជា​អំពើ​មួយ យើង​អាច​និយាយ​ថា វា​អត់​រើស​គោល​ដៅ​ទេ។ ភេរវកម្ម​យើង​ដឹង​ហើយ​ថា ពេល​វា​អាច​ធ្វើ​ទៅ​បាន គឺ​គាត់​ធ្វើ​ហើយ អ៊ីចឹង​ប្រទេស​ទាំង​អស់ ជា​សមាជិក​អាស៊ាន មាន​ភារកិច្ច​ចាំបាច់​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​គ្នា ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត»

កិច្ច​ប្រជុំ​រយៈ​ពេល​ជិត​មួយ​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា​នេះ បាន​ចូល​រួម​ដោយ​ក្រុម​មេ​ប៉ូលិស​មក​ពី​ប្រទេស​សមាជិក​អាស៊ាន ចំនួន​១០ មាន​ដូច​ជា កម្ពុជា វៀតណាម លាវ ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ភូមា និង​ប្រ៊ុយណេ ចំនួន​សរុប ២០​០នាក់។

កន្លង​មក មាន​ការ​សហការ​គ្នា រវាង​ប៉ូលិស​ប្រទេស​អាស៊ាន និង​កម្ពុជា ក្នុង​ការ​រួម​គ្នា​ចាប់​មេ​ភេរវជន​មួយ​ចំនួន ដូច​ជា​កាល​ពី​ចុង​ឆ្នាំ​២០០២ និង​ដើម​ឆ្នាំ​២០០៣ កន្លង​ទៅ មេ​បណ្ដាញ​ភេរវកម្ម JI ឈ្មោះ Hambali នៃ​បណ្ដាញ Al-Qaeda ត្រូវ​បាន​គេ​ដឹង​ថា បាន​មក​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​តំបន់​បឹងកក់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្រោយ​ពី​បាន​វាយ​ប្រហារ​អំពើ​ភេរវកម្ម នៅ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី សម្លាប់​មនុស្ស ២០២​នាក់ និង​រង​របួស ៨៨​នាក់។

កាល​ពី​ឆ្នាំ​២០០៤ កន្លង​ទៅ អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន Hambali បាន​នៅ​ក្នុង​ក្រុង​អយុធ្យា​ប្រទេស​ថៃ ហើយ​បាន​ប្រគល់​ខ្លួន​ឲ្យ​ទៅ​សហ​រដ្ឋ​អាមេរិក។

តុលាការ​ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​២០០៤ បាន​កាត់​ទោស​ជន​សង្ស័យ​ភេរវករ​ចំនួន ៥​នាក់ ក្នុង​នោះ មាន​ជន​ជាតិ​ថៃ បី​នាក់ ជន​ជាតិ​អេស៊ីប​ម្នាក់ និង​ជន​ជាតិ​ខ្មែរ​ចាម​ម្នាក់ ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត ក្រោម​បទ​ចោទ​ថា មាន​ផែនការ​វាយ​ប្រហារ​អំពើ​ភេរវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល