ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ជាដៃគូរដ៏សំខាន់សម្រាប់អាស៊ាន។ តែមិនទាន់មានការវិនិយោគនៅតំបន់អាស៊ានបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ ប្រទេសកម្ពុជារំពឹងថា នឹងទាក់ទាញអ្នកវិនិយោគពីសហរដ្ឋអាមេរិក បានច្រើនជាងប្រទេសសមាជិកអាស៊ានដទៃ លុះត្រាតែកម្ពុជាធានាឲ្យភាពប្រសើរឡើងនូវកិច្ចព្រមព្រៀងវិនិយោគ ឬបរិយាកាសអាជីវកម្មជាដើម។
តំបន់អាស៊ានក្លាយទីតាំងសំខាន់សម្រាប់អ្នកវិនិយោគបរទេស ដែលមានចំនួនប្រជាជនជាង ៦០០ លាននាក់។ ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសអាស៊ានបានបង្កើតក្រុមប្រឹក្សាការពិភាក្សារវាងផ្នែកឯកជនក្នុងការលើកកម្ពស់ផ្នែកវិនិយោគរវាងតំបន់អាស៊ាន។
ក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកអាជីវកម្មរបស់អាស៊ាន (ASEAN-BAC) បានបង្កើតឡើងដោយប្រមុខរដ្ឋាភិបាលអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៧ នៅប្រទេសប្រ៊ុយណេ កាលពីឆ្នាំ ២០០១ ដែលមានគោលបំណងសំខាន់ គឺលើកកម្ពស់ភាពជាដៃគូររវាងរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីសម្រេចឲ្យបាននៅសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥។ ក្រុមប្រឹក្សានេះ ដោះស្រាយនិងឆ្លើយតបទៅផ្នែកឯកជន ចំពោះបញ្ហាទាំងឡាយណា សម្រាប់ការអនុវត្តន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន ហើយផ្នែកឯកជន ក៏អ្នកផ្ដល់ ឬកំណត់វិស័យអាទិភាពសម្រាប់ប្រមុខរដ្ឋាភិបាលអាស៊ានដែរ។
របាយការណ៍ដែលសិក្សាដោយសាកលវិទ្យាល័យជាតិសិង្ហបុរីអំពីសក្ដានុពល និងភាពប្រកួតប្រជែងវិនិយោគរវាងអាស៊ានប្រចាំឆ្នាំ ២០១២ ថា តំបន់អាស៊ានមានចំណុចខ្លាំងក្នុងការទាក់ទាញវិនិយោគ។ របាយការណ៍ដដែលបញ្ជាក់ថា ជាង ៣៦% នៃអាជីវកម្ម បានបង្ហាញថា ប្រទេសអាស៊ាននឹងផ្ដល់ចំណុចល្អបំផុត សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ហើយ ៨៨% នៃអាជីវកម្មមានគម្រោងនឹងបង្កើនការវិនិយោគយ៉ាងហោចណាស់ក្នុងប្រទេសសមាជិកអាស៊ានមួយចំណោមប្រទេសអាស៊ានទាំង ១០។
លទ្ធផលអង្កេតបានបង្ហាញថា ប្រទេសសមាជិកអាស៊ាន ដែលផ្ដល់លទ្ធភាពល្អបំផុតសម្រាប់ស្ថាប័នវិនិយោគផ្ទាល់ពីបរទេស មានប្រទេសសិង្ហបុរី វៀតណាម ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ឡាវ និងភូមា ឬមីយ៉ាន់ម៉ា។ ដោយឡែកប្រទេស ហ្វីលីពីន ប្រ៊ុយណេ និងប្រទេសកម្ពុជា ស្ថិតនៅលំដាប់ថ្នាក់ចុងក្រោយ សម្រាប់ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ក្នុងរយៈពេលបីឆ្នាំខាងមុខ។
ការអង្កេតបានបង្ហាញទៀតថា បញ្ហាប្រឈមដែលបង្កផលលំបាកដល់បរិយាកាសអាជីវកម្ម និងវិនិយោគក្នុងរង្វង់អាស៊ានជាទូទៅ មានដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់ជាដើម ហើយប្រទេសសមាជិកអាស៊ានដែលកម្រិតទាបបំផុតនៃបញ្ហាប្រឈមទាំងនោះ គឺប្រទេសសិង្ហបុរី និងប្រទេសប្រ៊ុយណេ។
ទីប្រឹក្សាពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក អគ្គរដ្ឋទូត រ៉ុង ខឺត (Ron kirt) មានប្រសាសន៍ថា ការទាក់ទាញការវិនិយោគ នៅប្រទេសកម្ពុជា លុះត្រាតែប្រទេសកម្ពុជាកែលំអបញ្ហាទាំងឡាយ ដែលទាក់ទងនឹងការគោរពកិច្ចព្រមព្រៀងវិនិយោគ ដោយលោកមានប្រសាសន៍បន្ថែមថា អត្ថប្រយោជន៍មួយ ដែលយើងមើលឃើញនៅក្នុងចំណោមប្រទេសអាស៊ាន គឺការផ្លាស់ប្ដូរសេដ្ឋកិច្ចបិទ មកជាប្រទេស ដែលប្រកាន់យកសេដ្ឋកិច្ចបើកចំហទៅកាន់ទីផ្សារខាងក្រៅ និងជាសង្គមមួយ ប្រកបដោយប្រជាធិបតេយ្យជាដើម។
លោក រ៉ុង ខឺគ មានប្រសាសន៍បន្ថែមថា ចំណុចសំខាន់ដែលប្រទេសកម្ពុជាអាចទាក់ទាញចំនួនអ្នកវិនិយោគ ស្ថិតនៅលំដាប់ខ្ពស់ជាងប្រទេសសមាជិកអាស៊ានដទៃទៀត គឺប្រទេសត្រូវមានការយកចិត្តទុកដាក់ចំពោះច្បាប់ កម្លាំងពលកម្ម និងបញ្ហាផ្សេងទៀត ទាក់ទងនឹងបរិយាកាសវិនិយោគឲ្យកាន់តែប្រសើរ។
លោក រ៉ុង ខឺគ៖ «ហេតុផលសំខាន់ដែលប្រទេសកម្ពុជាចង់ទាក់ទាញអ្នកវិនិយោគិនរបស់សហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទីមួយនោះ គឺប្រទេសកម្ពុជាត្រូវដោះស្រាយបញ្ហាប្រឈម នានាដែលអ្នកវិនិយោគជាទូទៅត្រូវការនោះមានដូចជា តម្លាភាព នីតិរដ្ឋ ការការពារ ពលកម្មជំនាញ និងទីតាំងល្អជាដើម»។
លោកមានប្រសាសន៍បន្តថា អ្នកវិនិយោគនានាមិនចង់ឲ្យមានការរើសអើងនានា ចំពោះការវិនិយោគនៅក្នុងប្រទេសណាមួយ ហើយប្រសិនជាប្រទេសកម្ពុជាអាចដោះស្រាយបញ្ហាទាំងនោះបាន ការវិនិយោគរបស់សហរដ្ឋអាមេរិកមាននិន្នាការនិងកើនឡើង នៅប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ មានប្រសាសន៍ថា ទំនងអាស៊ាន និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមរយៈពេលយូរឆ្នាំមកហើយ។ ប៉ុន្តែ មិនទាន់មានវេទិកាពិភាក្សាអំពីបរិយាកាសអាជីវកម្មឬវិនិយោគនៅឡើយទេ។ លោក ចម ប្រសិទ្ធិ បានបញ្ជាក់ថា នៅពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាននេះ បានរៀបចំវេទិកាធុរកិច្ចអាស៊ាន (Business Forum) សហរដ្ឋអាមេរិក ដែលបានធ្វើឡើងខែឧសភា ២០១២ កន្លងទៅ។
សហរដ្ឋអាមេរិក និងអាស៊ាន ជាដៃគូរពាណិជ្ជកម្មសំខាន់រវាងគ្នាទៅវិញទៅមក ដោយលោកបញ្ជាក់ថា ប្រទេសអាស៊ានទាំង ១០ បច្ចុប្បន្នកំពុងក្លាយទីដៅសំខាន់សម្រាប់ការវិនិយោគរបស់អ្នកវិនិយោគិនសហរដ្ឋអាមេរិក ដោយលោកបញ្ជាក់ថា ទាំងផ្នែកឯកជន និងរដ្ឋាភិបាល ត្រូវមានការពិភាក្សាក្នុងការលើកកម្ពស់បរិយាកាសវិនិយោគរវាងអាស៊ាន។
លោក ចម ប្រសិទ្ធិ ៖ «ពីមួយឆ្នាំទៅមួយឆ្នាំ ពីការប្រជុំមួយទៅការប្រជុំមួយទៀត យើងបានឃើញមានបញ្ហាជាច្រើន ហើយយើងមិនត្រូវលើកបញ្ហាដដែលៗ មកទេ។ ពីមុនយើងមានការជួបជុំគ្នារវាង ផ្នែកឯកជន យើងស្ដាប់អ្នកនិយាយ ហើយយើងកត់ទុក ហើយយើងជម្រាបលា។ ឆ្នាំក្រោយ យើងកត់ទុក និងនិយាយលាដដែល។ កត្តានេះបញ្ជាក់ថា យើងមិនអាចរកដំណោះស្រាយបានទេ។ ប៉ុន្តែ ពេលនេះ យើងអង្គុយពិភាក្សាដើម្បីរកដំណោះស្រាយ»។
លោក ចម ប្រសិទិ្ធ បន្ថែមថា រាល់ការពិភាក្សាទាំងនោះ ចាំចាច់ត្រូវរកដំណោះស្រាយឲ្យបានប្រកបដោយប្រសិទ្ធភាព ដែលជាពេលវេលាសមស្របរបស់ប្រទេសអាស៊ាននិងសហរដ្ឋអាមេរិក។
របាយការណ៍ដែលសិក្សាដោយសាកលវិទ្យាល័យជាតិសិង្ហបុរីស្ដីអំពីសក្ដានុពល និងភាពប្រកួតប្រជែងវិនិយោគ រវាងអាស៊ានប្រចាំឆ្នាំ ២០១២ ដដែល បានបង្ហាញថា ឧបសគ្គមួយចំនួននៃបរិយាកាសអាជីវកម្មនៅក្នុងប្រទេសសមាជិកអាស៊ាន មានដូចជា អំពើពុករលួយ ដែលកើតមានក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ ភូមា ឬមីយ៉ាន់ម៉ា និងបញ្ហាទាក់ទងនឹងច្បាប់ផ្សេងៗ កើតមានក្នុងប្រទេសឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសថៃ។ ហើយបញ្ហាទាក់ទងនឹងច្បាប់ និងបែបបទរដ្ឋបាលកើតមាននៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី វៀតណាម ភូមា ឬមីយ៉ាន់ម៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
