មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានសំដែងការគាំទ្រចំពោះសំណើរបស់សហរដ្ឋអាមេរិក ដែលបានស្នើសុំឲ្យមានកិច្ចប្រជុំកំពូលអាស៊ាន និងសហរដ្ឋអាមេរិក លើកទី២ ដែលគេគ្រោងរៀបចំធ្វើនៅក្នុងទីក្រុងញីវយ៉ក ឬទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅចុងឆ្នាំ២០១០នេះ ដែលគេនឹងផ្ដោតលើកិច្ចសហប្រតិបត្តិការនានា រវាងបណ្ដាប្រទេសសមាជិកអាស៊ាន ចំនួន១០ ជាមួយនឹងសហរដ្ឋអាមេរិកនោះ។
ប្រទេសចំនួន១០ ជារដ្ឋសមាជិកនៃសមាគមអាស៊ាន បានឯកភាពគ្នាលើសំណើរបស់សហរដ្ឋអាមេរិកនោះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ថ្នាក់រដ្ឋមន្ត្រីការបរទេស នៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ដែលទើបតែបានចប់ទៅថ្មីៗ នេះ។ ប៉ុន្តែពេលវេលាជាក់លាក់ គេនៅមិនទាន់បានកំណត់នៅឡើយទេ។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Hillary Clinton បានលើកសំណើនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅក្នុងប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោកស្រី សឿង រដ្ឋចាវី ដែលបានវិលត្រឡប់មកពីការចូលរួមនៅក្នុងកិច្ចប្រជុំនោះ កាលពីថ្ងៃទី២៤ ខែកក្កដាថ្មីៗនេះ បានមានប្រសាសន៍ថា ៖ «រដ្ឋមន្ត្រីការបរទេសទាំងអស់ បានឯកភាពគ្នាថា នឹងឲ្យមានកិច្ចប្រជុំកំពូលអាស៊ានជាមួយនឹងសហរដ្ឋអាមេរិក ជាលើកទី២ នៅសហរដ្ឋអាមេរិក នៅក្នុងឆ្នាំហ្នឹង យើងមិនទាន់ដឹងខែណាទេ។ រីឯលោកឧបនាយករដ្ឋមន្ត្រី (ហោ ណាំហុង) លោកបានស្នើដែរថា គួរធ្វើនៅវ៉ាស៊ីនតោន មិនគួរធ្វើនៅញីវយ៉ក ភ្ជាប់នឹងមហាសន្និបាតអង្គការសហប្រជាជាតិទេ។ ដើម្បីឲ្យកិច្ចប្រជុំកំពូលនេះ មានអត្ថន័យដ៏សំខាន់ជាប្រវត្តិសាស្ត្រដ៏សំខាន់»។
ប្រទេសនានាជារដ្ឋសមាជិករបស់សមាគមអាស៊ាន មានចំនួន១០ គឺធ្លាប់បានរៀបចំកិច្ចប្រជុំកំពូលរវាងអាស៊ាន និងសហរដ្ឋអាមេរិកលើកដំបូង កាលពីខែវិច្ឆិកា ឆ្នាំ២០០៩កន្លងទៅ នៅក្នុងប្រទេសសឹង្ហបូរី ក្រោយពីកិច្ចប្រជុំកំពូល (APEC) នៅទីនោះ។
កិច្ចប្រជុំកំពូលរវាងអាស៊ាន និងសហរដ្ឋអាមេរិកជាលើកដំបូងនោះ គឺបានផ្ដោតលើការបង្កើតក្រុមមន្ត្រីឥស្សរជន រវាងសហរដ្ឋអាមេរិក និងអាស៊ាន ហើយនិងបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការគ្នា នៅក្នុងតំបន់ និងដោះស្រាយបញ្ហានានានៅលើពិភពលោកនេះ។
លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី នឹងជាអ្នកនាំពាក្យ បានអត្ថាធិប្បាយជុំវិញបញ្ហានេះថា លោកចង់ឃើញកិច្ចប្រជុំកំពូលអាស៊ាន នឹងសហរដ្ឋអាមេរិកនោះ ផ្ដោតការយកចិត្តទុកដាក់ផងដែរ លើការដោះស្រាយព្រំដែន រវាងកម្ពុជា និងវៀតណាម ហើយនិងកម្ពុជា ជាមួយនិងថៃ ៖ «គឺជាបញ្ហាអាទិភាព ទាំងព្រំដែនខាងលិច និងព្រំដែនខាងកើត។ បរទេសកំពុងតែមានមហិច្ឆតាឈ្លានពានទឹកដីយើង។ បញ្ហានេះ គឺជាបញ្ហារវាងកម្ពុជា និងប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសថៃ។ ទី២ គឺផ្ទៃក្នុងកម្ពុជា។ អ្វីដែលយើងចាប់អារម្មណ៍ខ្លាំងបំផុត គឺការកែតម្រង់ប្រព័ន្ធតុលាការ»។
សហរដ្ឋអាមេរិក និងសមាគមអាស៊ាន ដែលមានប្រទេសជារដ្ឋសមាជិកចំនួន ១០ប្រទេសនោះ បានក្លាយជាដៃគូរសន្ទនាជាមួយគ្នា ចាប់តាំងពីឆ្នាំ១៩៧៧ មក។
ប្រទេសជារដ្ឋសមាជិកទាំង ១០នោះ មានកម្ពុជា ថៃ លាវ វៀតណាម ភូមា សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី ប្រ៊ុយណេ និងម៉ាឡេស៊ី៕
