ការព្រួយបារម្ភអំពីសន្តិសុខនៅសាលាក្តីខ្មែរក្រហមត្រូវបានលោក Michiel Pestman មេធាវីជនជាតិហុល្លង់ការពារក្តីរបស់លោក នួន ជា ថ្លែងប្រាប់អ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី៤ មិថុនា ដូច្នេះថា ៖ "យើងមានការព្រួយបារម្ភជាខ្លាំងអំពីបញ្ហាសន្តិសុខនិងការណ៍សម្ងាត់អំពីការស៊ើបអង្កេតរបស់យើង"។
ការថ្លែងអំពីកង្វល់សន្តិសុខនិងការណ៍សម្ងាត់បានធ្វើឡើងបន្ទាប់ពីហេតុការណ៍មួយដែលលោកមេធាវី Michiel Pestman (មីឃឹល ផេស្តមែន) អះអាងថា លោកប្រទះឃើញឯកសារសម្ងាត់របស់ការិយាល័យលោកអណ្តែតក្នុងទឹកប្រឡាយនៅសាលាក្តីខ្មែរក្រហម ខណៈដែលលោកចេញពីជួបកូនក្តីរបស់លោក។
លោក Michiel Pestman បញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះ ៖ "ខ្ញុំប្រទះឃើញក្រដាសបួនសន្លឹកជាលិខិតព្រាងសម្ងាត់ដែលយើងផ្ញើទៅអ្នកផ្សេងកាលពីសប្តាហ៍មុន។ យើងបានប្រាប់រឿងនេះទៅខាងសន្តិសុខរបស់តុលាការដើម្បីសង្កេតហើយ"។
លោក Michiel Pestman ថ្លែងទៀតថា លោកមិនអាចពន្យល់ថា រឿងនោះកើតឡើងដោយរបៀបណា ដោយនរណាបានទេ ដោយគ្រាន់តែពន្យល់ថា ឯកសារទាំងនោះគួរតែកិនកម្ទេចចោល ប៉ុន្តមិនបានកម្ទេចហើយឯកសារទាំងអាចត្រូវគេលួចចេញពីការិយាល័យរបស់លោក។
ទាក់ទងនឹងហេតុការណ៍ខាងលើលោក រាជ សម្បត្តិ មន្រ្តីកិច្ចការសាធារណៈសាលាក្តីខ្មែរក្រហមថ្លែងថា ផ្នែកសន្តិសុខកំពុងស៊ើបអង្កេតរឿងនេះហើយ ហើយដែលវាជាការលឿនពេកដែលនិយាយថាមានគេលួចឯកសារទាំងនោះខណៈដែលការស៊ើបអង្កេតនៅមិនទាន់ចេញលទ្ធផលនៅឡើយ។
លោកមានប្រសាសន៍បន្ថែមដូច្នេះថា ៖ «ប៉ុន្តែជាទូទៅនៅក្នុងសាលាក្តីខ្មែរក្រហមយើងនេះ គឺរាល់ការិយាល័យនីមួយៗគឺគាត់មានភារកិច្ចទទួលខុសត្រូវរាល់គ្រប់ឯកសារទាំងអស់ដែលគាត់ត្រូវបោះចោល។ អត់មានអ្នកណាទៅលូកលាន់របស់គាត់បានទេ»។
លោក Michiel Pestman ថ្លែងបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយការបាត់ឯកសារហើយឃើញនៅក្នុងប្រឡាយទឹកនោះវាចម្លែក ហើយច្បាស់សម្រាប់លោកមិនឲ្យអាចជឿលើផ្នែកសន្តិសុខបាន។
លោកបញ្ជាក់ថា ឯកសារទាំងនោះទាក់ទងនឹងលិខិតសំណើមួយទៅលោកស្រី Helen Jarvis ដែលមិនទាន់មានការឆ្លើយតបនៅឡើយ។
លោកស្រី Helen Jarvis ប្រធានផ្នែកគាំពារជនរងគ្រោះថ្លែងថា ស្រីមិនដឹងទេអំពីលិខិតលើកឡើងខាងលើនោះ៕
