បាន គីមូន ពេញ​ចិត្ត​ចំពោះ​ការ​កាត់​ទោស ឌុច ឲ្យ​ជាប់​គុក​៣៥​ឆ្នាំ

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ព្រមទាំង​ភរិយា និង​ប្រតិភូ​ជាន់​ខ្ពស់​របស់​លោក បាន​មក​ទស្សនា​នៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ឬ​គុក​ទួលស្លែង ហើយ​បាន​អុជ​ធូប ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា នេះ បាន​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​បាន​កាត់​ទោស​ឲ្យ​អតីត​មេ​គុក​ទួសស្លែង ឈ្មោះ កាំង ហ្កេចអ៊ាវ ហៅ ឌុច ឲ្យ​ជាប់​គុក ៣៥​ឆ្នាំ ក្រោម​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​រំលោភ​បំពាន​លើ​អនុ​សញ្ញា​ក្រុង​ហ្សឺណែវ (Geneva) ឆ្នាំ​១៩៤៩ ដោយ​លោក​បាន​ពណ៌នា​ថា គឺ​ជា​ការ​ផ្ញើ​សារ​យ៉ាង​ខ្លាំង​មួយ​ឲ្យ​ពិភពលោក​បាន​ដឹង​ឭ និង​លុប​បំបាត់​និទណ្ឌភាព​នៅ​កម្ពុជា។

លោក​បាន​ថ្លែង​នេះ គឺ​នៅ​ក្នុង​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ឬ​មន្ទីរ​ស-២១ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា បន្ទាប់​ពី​លោក​បាន​ទស្សនា​កន្លែង​ធ្វើ​ទារុណកម្ម​រូប​ថត​អ្នក​ស្លាប់​នៅ​ក្នុង​គុក​ទួលស្លែង និង​បាន​អុជ​ធូប​រំឭក​វិញ្ញាណក្ខន្ធ​នៅ​កន្លែង​ដាក់​តាំង​ឆ្អឹង​លលាដ៍ក្បាល​នៃ​ជន​រងគ្រោះ​នៅ​ក្នុង​គុក​ទួលស្លែង​នោះ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា​ថា វា​មិន​អាច​គ្មាន​ការ​ដាក់​ទោស​បាន​ទេ ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​បែប​នេះ ៖ "ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ទេ​អំពី​ការ​ទស្សនកិច្ច​នៅ​ថ្ងៃ​នេះ វា​ជា​ការ​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​សូម​ឲ្យ​ព្រលឹង​អ្នក​រង​គ្រោះ​ទាំង​ឡាយ​ទទួល​បាន​នូវ​យុត្តិធម៌"

បាន គីមូន ៣០៥
លោក បាន គីមូន (ជួរ​មុខ ស្ដាំ) ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១០។ (RFA/Sok Serey)

លោក បាន គីមូន បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ផង​ដែរ ឲ្យ​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​បន្ត​ទៅ​ចប់​ចុង​ចប់​ដើម ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អតីត​អ្នក​ទោស​ខ្មែរ​ក្រហម​នៅ​គុក​ទួលស្លែង លោក ជុំ មី ដែល​រួច​ផុត​ពី​ការ​ស្លាប់​បាន​ទេ ដោយសារ​តែ​លោក​កំពុង​តែ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន ដើម្បី​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​នៅ​ក្នុង​គុក​ទួសស្លែង​នេះ។ ប៉ុន្តែ​កូនស្រី​របស់​លោក ជុំ មី គឺ​នាង ជុំ កាន់ណារ៉ា អាយុ ៣០​ឆ្នាំ បាន​ថ្លែង​ជំនួស​ឪពុក​នាង​ថា នាង​រីករាយ​ណាស់ ៖ «ចាស់! អង្គការ​សហប្រជាជាតិ​ក៏​គាត់​ដឹង​ឭ ហើយ​គាំទ្រ​ខាង​ជន​រងគ្រោះ»

ទាក់ទង​នឹង​ការ​ស្នើ​សុំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន មិន​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​០០៣ លោក បាន គីមូន បាន​មាន​ប្រសាសន៍​ថា ៖ "ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ល្អ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឧបនាយករដ្ឋមន្ត្រី គាត់​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បំពេញ​តាម​នីតិវិធី​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ"

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា កន្លង​ទៅ​នេះ សាលាក្ដី​ខ្មែរ​ក្រហម​បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​មេ​គុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម ឬ​មន្ទីរ​ស-២១ ឈ្មោះ កាំង ហ្កេចអ៊ាវ ហៅ ឌុច ឬ​សំណុំ​រឿង​០០១ ឲ្យ​ជាប់​គុក ៣៥​ឆ្នាំ ក្រោម​បទ​ចោទ​ថា លោក​មាន​កំហុស​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បាន​រំលោភ​បំពាន​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩។

ឯកសារ​បាន​បញ្ជាក់​ថា មាន​ជន​រងគ្រោះ​ចំនួន​ជាង ១២.០០០​នាក់ ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​នៅ​គុក​ទួលស្លែង នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩។

សាលាក្ដី​ខ្មែរ​ក្រហម​ដដែល​មាន​ផែនការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ចំនួន ៤​នាក់​ទៀត នៃ​សំណុំ​រឿង​០០២ នៅ​ក្នុង​នោះ​មាន​លោក អៀង សារី លោក ខៀវ សំផន លោក នួន ជា និង​លោកស្រី អៀង ធីរិទ្ធ នៅ​ដើម​ឆ្នាំ​២០១១ ខាង​មុខ ក្រោម​បទ​ចោទ​អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ដោយសារ​តែ​បាន​រំលោភ​បំពាន​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ និង​បទ​រំលោភ​បំពាន​លើ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ ស្ដី​ពី​ការ​ធ្វើ​ទារុណកម្ម​សម្លាប់​រង្គាល និង​ការ​លុប​បំបាត់​សាសនា៕