អ្នក​ភូមិ​បឹង​កក់​ដុត​រូប​សំណាក​ដាក់​បណ្ដាសា​មន្ត្រី​ដែល​បំផ្លាញ​ផ្ទះ​ពលរដ្ឋ

ប្រជាពលរដ្ឋ​តំបន់​បឹង​កក់ ដែល​រងគ្រោះ​ដោយ​ការ​ឈូស​បំផ្លាញ​ផ្ទះ​សម្បែង បាន​នាំ​គ្នា​ធ្វើ​រូប​សំណាក​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ និង​អ្នក​ដឹកនាំ​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម ដុត និង​ដាក់​បណ្ដាសា ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ឈឺ​ចាប់​ចំពោះ​ការ​បាត់បង់​ទី​ជម្រក និង​សិទ្ធិ​រស់​នៅ​ដោយ​សមរម្យ​របស់​គាត់។

ពលរដ្ឋ​តំបន់​បឹងកក់ បាន​ដុត​រូប​សំណាក​អភិបាល​រង​ខណ្ឌ​ដូនពេញ គឺ​លោក សុខ ពេញវុធ និង​លោក រ័ត្ន កុសល្យ ជា​អ្នក​ដឹកនាំ​ក្រុម​ប៉ូលិស​បង្ក្រាប​ការ​តវ៉ា​ផ្សេងៗ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១១។

លោក ដួង គា អ្នក​ភូមិ​២២ ដែល​ផ្ទះ​របស់​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូ កម្ទេច​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ថ្លែង​ថា មូលហេតុ​នៃ​ការ​ដុត​រូប​សំណាក​អ្នក​ពាក់ព័ន្ធ​ទាំង​ពីរ​រូប​នេះ គឺ​ពួកគេ​យល់​ថា លោក សុខ ពេញវុធ និង​លោក រ័ត្ន កុសល្យ ជា​មន្ត្រី​ពុករលួយ​ទទួល​សំណូក​ពី​ក្រុមហ៊ុន និង​បម្រើ​ឲ្យ​ក្រុមហ៊ុន ដោយ​មិន​គិត​ពី​ការ​រង​ទុក្ខ​វេទនា​របស់​អ្នក​ភូមិ។

លោក​ថ្លែង​បន្ត​ដូច្នេះ ៖ «ទង្វើ​របស់​មន្ត្រី​សាលាក្រុង ក៏​ដូច​ជា​ក្រុមហ៊ុន ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​រហូត​ដល់​ខ្ញុំ​អស់​ផ្ទះ​រលីង អស់​ទាំង​ទ្រព្យសម្បត្តិ បង​ប្អូន​បឹង​កក់​ទាំង​អស់​នេះ​គាត់​មាន​អារម្មណ៍​មួយ​ឈឺ​ចាប់ ទឹក​ភ្នែក​រហេមរហាម រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​រូប​សំណាក​ទាំង​ពីរ​នេះ​ដុត​បញ្ជូន​គាត់​ទៅ​ឋាននរក កុំ​ឲ្យ​គាត់​កើត​ជាតិ​ណាៗ​មក ធ្វើ​តែ​អំពើ​បាប​មក​លើ​ប្រជាជន​ដែល​គាត់​រស់​នៅ​ក្នុង​ផ្ទះ ដែល​គាត់​បំផ្លិចបំផ្លាញ​សាហាវ​ព្រៃ​ផ្សៃ រំលោភ​សិទ្ធិ​មនុស្ស»

ពលរដ្ឋ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​បាន​ចូលរួម​ជាមួយ​អ្នក​ភូមិ​ទាំង​នោះ បាន​អះអាង​ថា ក្រុម​អ្នក​ភូមិ​ចូលរួម​គាំទ្រ​ពលរដ្ឋ ៨​គ្រួសារ​ដែល​បាន​បាត់បង់​លំនៅឋាន​ដោយសារ​អាជ្ញាធរ និង​មន្ត្រី​ក្រុមហ៊ុន​ស៊ូកាគូ ឈូស​បំផ្លាញ​ដោយ​មិន​បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទះ​សម្បែង​របស់​ខ្លួន​ឡើយ បើ​ទោះ​បី ជា​មាន​ការ​គំរាម​កំហែង​ពី​មន្ត្រី​ក្រុមហ៊ុន​ស៊ូកាគូ​ក៏ដោយ។

អ្នកស្រី ទេព វន្នី បន្ត ៖ «ព្រោះ​ពួក​ខ្ញុំ​យោង​ទៅ​តាម​អនុក្រឹត្យ​របស់​សម្ដេច គឺ​សម្ដេច​ថា ផ្ដល់​ដី ១២,៤៤​ហិកតារ ជូន​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​ហើយ។ ពួក​ខ្ញុំ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ទាំង​អស់​គ្នា ពួក​គាត់​ដែល​ឈូស​ផ្ទះ​ចោល កាត់​គាត់​ចេញ​នោះ​ក៏​ត្រូវ​តែ​បាន​ប្លង់​ដែរ ព្រោះ​ពួកគាត់​នៅ​តំបន់​បឹងកក់​ទាំង​អស់​គ្នា»

លោក សុខ ពេញវុធ អភិបាល​រង​ខណ្ឌ​ដូនពេញ បាន​បដិសេធ​មិន​អត្ថាធិប្បាយ ចំពោះ​ការ​ចោទ​ប្រកាន់ និង​រៀបចំ​ពិធី​​របស់​អ្នក​ភូមិ​ឡើយ ៖ «សុំ​ទោស​បង! ខ្ញុំ​អត់​បាន​ដឹង​រឿង​ហ្នឹង​ផង ខ្ញុំ​កំពុង​ជាប់​រវល់ អត់​អី​ទេ»

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បាន​ផ្ដល់​អនុសាសន៍​ដល់​ពលរដ្ឋ​តំបន់​បឹងកក់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​កំហឹង​របស់​អ្នក​ភូមិ​ប៉ុណ្ណោះ។ប៉ុន្តែ​មធ្យោបាយ​ល្អ​តាម​ផ្លូវ​ច្បាប់​នោះ ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​គួរ​តែ​ជំរុញ​បញ្ហា​នេះ​ទៅ​ផ្នែក​ប្រព័ន្ធ​តុលាការ បើ​ទោះ​បី​ជា​ពួកគាត់​ពុំ​មាន​ជំនឿ​លើ​ប្រព័ន្ធ​នេះ​ក្នុង​ពេល​បច្ចុប្បន្នយ៉ាងណា​ក្ដី។

លោក​បន្ត​ថា ៖ «ចង់​ឃើញ​ថា តើ​តុលាការ​អនុវត្ត​ទៅ​តាម​យុត្តិធម៌ ឬ​ក៏​តាម​អ្វី​ដែល​គាត់​បាន​ស្បថ ពេល​ដែល​គាត់​បាន​រៀន​ចប់​មហាវិទ្យាល័យ​ច្បាប់ ឬ​មួយ​ជា​អនុបណ្ឌិត​ច្បាប់ ឬ​បណ្ឌិត​ច្បាប់​ហ្នឹង ថា តើ​ក្នុងនាម​គាត់​អ្នក​បម្រើ​វិជ្ជាជីវៈ សេវាកម្ម​ផ្នែក​តុលាការ​នេះ ថា​តើ​គាត់​បាន​យក​មនសិការ​គាត់​មក​បម្រើ​ប្រជាពលរដ្ឋ ឬ​ក៏​អត់?»

ទោះ​យ៉ាង​ណា​ក្ដី ការ​តវ៉ា​ដោយ​ដុត​រូប​សំណាក​លោក សុខ ពេញវុធ និង​លោក រ័ត្ន កុសល្យ នៅ​ថ្ងៃ​ទី​២៨ កញ្ញា​ មិន​មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ចម្រុះ​ដូច​ពេល​មុនៗ​ឡើយ។

កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ កញ្ញា អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់​ប្រមាណ ៣០​នាក់ បាន​ប្រើ​គ្រឿង​ចក្រ​ចំនួន ២​គ្រឿង វាយ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​ភូមិ​២២ អស់​ចំនួន ៨​ល្វែង។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ មាន​យុវជន​ម្នាក់​បាន​រង​របួស​ដួល​សន្លប់ និង​បែក​ក្បាល​ដោយសារ​ការ​បង្ក្រាប​ពី​សមត្ថកិច្ច។

ករណី​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​មន្ត្រី​ក្រុមហ៊ុន​ស៊ូកាគូ អាជ្ញាធរ ​និង​កម្លាំង​សមត្ថកិច្ច​ដែល​បាន​ប្រើ​អំពើ​ហិង្សា និង​វាយ​បង្ក្រាប​អ្នក​ភូមិ​ថា ជា​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស៕