ពលរដ្ឋ​នៅ​បឹងកក់​ប្រតិកម្ម​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​សាលា​រាជធានី

ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​សម្ដែង​ប្រតិកម្ម​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ចំពោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ប្រកាស​ថា ប្រជាពលរដ្ឋ​ទើប​តែ​បាន​ចាប់​ផ្ដើម​ចូល​មក​រស់​នៅ​ក្នុង​តំបន់​នោះ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣។

0:00 / 0:00

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២១ ខែ​ធ្នូ អះអាង​ថា នៅ​ឆ្នាំ​១៩៨៧-​១៩៨៨ ពុំ​ទាន់​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បឹង​កក់​នៅ​ឡើយ​ទេ ទើប​តែ​ក្នុង​ឆ្នាំ​១៩៩៣ ប្រជាពលរដ្ឋ​បាន​ចាប់ផ្ដើម​ឆ្លៀត​ចូល​កាន់​កាប់ ហើយ​សង់​សំណង់​បណ្ដោះ​អាសន្ន​មិន​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​បឹង​កក់​ក្លាយ​ជា​តំបន់​មិន​រៀបរយ។

អ្នក​រស់នៅ​ក្នុង​ភូមិ​២២​នៃ​តំបន់​បឹង​កក់ អ្នកស្រី ទេព វណ្ណី បាន​បង្ហាញ​ច្បាប់​ចម្លង​បញ្ជី​គ្រួសារ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ និង​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ ហើយ​អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​មិន​អាច​ទទួល​យក​បាន​ឡើយ​រាល់​ការ​អះអាង​របស់​សាលា​រាជធានី​ភ្នំពេញ។

អ្នកស្រី​បន្ត​ថា ៖ «រដ្ឋាភិបាល និង​ក្រុមហ៊ុន​ពិភាក្សា​ឲ្យ​មែនទែន​រឿង​ដោះស្រាយ​ឲ្យ​ប្រជាជន មិន​មែន​ពិភាក្សា​យក​ចំណុច​មក​ចោទ​ប្រកាន់​ប្រជាជន បំផ្លើស​ប្រជាជន​ទេ បើ​គាត់​ធ្វើ​អ៊ីចឹង​គេ​ឈប់​គោរព​ហើយ​រដ្ឋាភិបាល​នេះ គេ​លែង​ជឿ អស់​ជំនឿ​ចិត្ត​ហើយ។ គាត់​ត្រូវ​រក​វិធី​សាស្ត្រ​មក​ដោះស្រាយ មិន​មែន​យក​វិធីសាស្ត្រ​បោកប្រាស់ បញ្ឆោត​គេ កុហក បំផ្លើស​យក​មក​ផ្សាយ​ជា​ព័ត៌មាន​ចេញ​ជា​ផ្លូវការ​អ៊ីចឹង​ទេ គឺ​អត់​ត្រឹមត្រូវ​សោះ ព្រោះ​ពួកគាត់​សុទ្ធតែ​អ្នក​ចេះ​ដឹង»

ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់​ម្នាក់​ទៀត លោក ពេជ្រ ឆាង និយាយ​ថា លោក​មិន​ព្រម​ទទួល​យក​ទេ​នូវ​សំណង​ជា​ប្រាក់​ចំនួន ៨.០០០​ដុល្លារ និង​ប្រាក់​រៀល​ចំនួន ២​លាន​រៀល​នោះ​ទេ ហើយ​លោក​សូម​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផ្ដល់​សំណង​​ដល់​ពួក​គាត់​ឲ្យ​បាន​សមរម្យ​ស្រប​តាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដី​ពី​ការ​អភិវឌ្ឍន៍។

លោក ពេជ្រ ឆាង បន្ថែម​ថា ៖ «អនុសាសន៍​សម្ដេច​ចុង​ក្រោយ​ថា លក់​កន្លែង​ហ្នឹង​ថ្លៃ​ទៅ​ទិញ​កន្លែង​នោះ​ថោក បើ​លក់​កន្លែង​ហ្នឹង​ថោក​ទៅ​ទិញ​កន្លែង​នោះ​ថ្លៃ អ៊ីចឹង​ប្រជាជន​ដាច់​បាយ​ងាប់​ហើយ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។

នាយក​អង្គការ​សិទ្ធិ​លំនៅឋាន លោក ស៊ា ភិរម្យ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​សង្គ្រាម ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្វះស្វែង​រក​ទី​កន្លែង​រស់នៅ​ពេល​ឃើញ​ទី​ណា​ទំនេរ​ដែល​អាច​រស់នៅ​បាន​គឺ​ពួក​គាត់​តាំង​ទី​លំនៅ​នៅ​ទី​នោះ ដូច​គ្នា​នេះ​ដែរ​ចំពោះ​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់។

លោក ស៊ា ភិរម្យ បន្ត​ថា ការ​អះអាង​យក​ត្រូវ​តែ​រៀង​ៗ​ខ្លួន​រវាង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​មិន​អាច​ឈាន​ទៅ​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​បាន​ឡើយ ៖ «ដំណោះស្រាយ​ល្អ​គឺ​យើង​ដាក់​លើ​តុ​មក ជជែក​គ្នា ហើយ​យើង​សិក្សា ពិភាក្សា​ជាមួយ​គ្នា​ទៅ​យើង​អាច​នឹង​រក​ឃើញ​ថា តើ​អ្វី​ដែល​ជា​ការ​ពិត»

ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​មាន​គម្រោង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ដើម្បី​បង្ហាញ​ប្រតិកម្ម​របស់​ពួក​គាត់​ជា​ផ្លូវការ​ទៅ​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ៕