អាជ្ញាធរសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរារាំងមិនឲ្យព្រះសង្ឃក្នុងវត្តអង្គមេត្រី ទទួលចង្ហាន់ពីពលរដ្ឋនិងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ក្នុងពិធីបន់ស្រន់ឲ្យមានការដោះលែងពលរដ្ឋតំបន់បឹងកក់ ១៥នាក់ ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារព្រៃស នៅថ្ងៃទី២៦ ឧសភា។
ចៅអធិការវត្តអង្គមេត្រី ព្រះតេជគុណ យឹង ភារម្យ មានថេរដីកាថា អាជ្ញាធរបានសាកសួរនៅពេលដែលឃើញមានពុទ្ធបរិស័ទជាច្រើនបានធ្វើដំណើរមកដល់បរិវេណវត្ត។ ព្រះតេជគុណមានថេរដីកាបន្តថា ការធ្វើពិធីអ្វីមួយនៅក្នុងវត្តនេះ ទាល់តែសុំច្បាប់ពីអាជ្ញាធរដែនដីជាមុនសិន៖ «ពេលដែលយើងចូលមកគាត់ឃើញមនុស្សច្រើន។ អ៊ីចឹងគាត់ខ្លាចការពារមនុស្សអត់បាន ដល់អ៊ីចឹងគាត់ថា បើយើងចូលមកចូលទៅអ៊ីចឹងប្រគេនចង្ហាន់ហើយសូមកុំធ្វើអីនៅក្នុងបរិវេណវត្តឲ្យសោះ ព្រោះកុំឲ្យវាប៉ះពាល់។ ជាទូទៅយើងធ្វើអីក៏យើងត្រូវសុំច្បាប់ គេដែរព្រោះអីយើងធម្មតា យើងនៅវត្តយើងនៅក្រោមច្បាប់គេ»។
ចៅសង្កាត់ព្រៃវែង រងទី១ លោក គង់ សំអុល បានឆ្លើយតបថា បន្ទាប់ពីលោកបានទៅសាកសួរព្រះសង្ឃរួចមក ហើយដឹងថា ពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាអ្នករៀបចំកម្មវិធីនេះ លោកពុំបានរារាំងអ្វីទេ៖ «ក្រែងលោគណបក្សនយោបាយផ្សេងៗយើងចុះទៅធ្វើសកម្មភាពនៅវត្តអ៊ីចឹងណា។ ឃើញលើកផ្លាកលើកអ៊ីចឹងទៅមិនទុកចិត្តណា។ យើងទៅពិនិត្យមើលផ្លាកនោះ គឺសុំទាមទារឲ្យពន្ធនាគារនោះ ដើម្បីដោះលែងអ្នកទោស»។
ទន្ទឹមនឹងគ្នានេះ នៅឯខ្លោងទ្វារវត្ត រថយន្តឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនក៏បានចាក់មេក្រូ យ៉ាងកងរំពង។
អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក ចាន់ សុវ៉េត ថ្លែងថា នេះជាចេតនាក្នុងការរំខានរបស់អាជ្ញាធរ។ លោកថាការជួបជុំគ្នានេះ ជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយមិនចាំបាច់សុំច្បាប់ទៅអាជ្ញាធរជាមុននោះទេ៖ «ខ្ញុំបានមើលឃើញថា ទីវត្តអារាម ហើយនៅពេលដែលបងប្អូនសហគមន៍បុរីកីឡា បឹងកក់មកដល់ទីនេះ យើងឃើញថា ខាងគណបក្សនយោបាយក៏គេយកមេក្រូយកអីមកចាក់ផ្សាយ រំខានមិនឲ្យមានការជជែកគ្នាអ៊ីចឹង។ ហើយយើងឃើញថា មានការឃ្លាំមើលពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់ច្រកល្ហកទាំងអស់ បើទោះបីជាមិនមានការរារាំងជាទ្រង់ទ្រាយធំ ក៏ប៉ុន្តែដូចជាមានការកត់សម្គាល់ដូចជាមានការរើសយកក្រដាសដែលប្រជាពលរដ្ឋលោកសរសេរដើម្បីឧទ្ទិសសុំឲ្យមានការដោះលែងមនុស្សនោះ ក៏ជារឿងមួយដែលយើងឃើញថា ធ្វើអ្វីម្យ៉ាងដែលយើងមានការព្រួយបារម្ភ»។
នៅក្នុងពិធីបន់ស្រន់ ស្ត្រីអ្នកភូមិបឹងកក់ម្នាក់ បានកោរសក់ចំពោះមុខព្រះ៖ «ខ្ញុំកោរសក់នេះគ្មានអ្វីថ្វាយព្រះអង្គ មានតែកោរសក់ថ្វាយដល់ព្រះអង្គ ជួយដល់គ្នាខ្ញុំដែលមានទុក្ខ។ តុលាការអយុត្តិធម៌ ដាក់គំនាប... ពឹងផ្អែកលើឫទ្ធិបារមីព្រោះអីមនុស្សលោកជួយគ្នាឯងមិនបាន»។
បណ្ដាញអង្គការសមាគមជាតិ អន្តរជាតិ និងប្រជាពលរដ្ឋបានដើរដង្ហែឆ្ពោះទៅមណ្ឌលអប់រំកែប្រែម១ និងម២ ហើយបានឈរស្រែកនៅខាងមុខពន្ធនាគារព្រៃស ទាមទារឲ្យដោះលែងពលរដ្ឋតំបន់បឹងកក់ទាំង១៥នាក់៖ «យកម្ចាស់ទៅដាក់គុកឲ្យអាចោររួចខ្លួន។ សុំឲ្យតុលាការរួចខ្លួន។ អនុសាសន៍របស់សម្ដេចប្រមុខរដ្ឋាភិបាល អ្នកដែលមានជម្លោះដីធ្លីគឺមិនត្រូវជាប់ពន្ធនាគារដាច់ខាត»។
ស្វាមីរបស់តំណាងអ្នកភូមិបឹងកក់ម្នាក់ ឈ្មោះ តុល ស្រីពៅ គឺលោក ប៉ោ គុណ្ណារ៉ា អះអាងនៅមុខពន្ធនាគារថា តុលាការផ្ដន្ទាទោសអ្នកភូមិដោយអយុត្តិធម៌៖ «កូនវាលំបាកហើយព្រោះអីកូនវាធ្លាប់ដេកជាមួយម្ដាយវា ឥឡូវកូនវាយំរាល់យប់។ សូមអំពាវនាវឲ្យតុលាការដោះលែងប្រពន្ធខ្ញុំមកវិញ។ ដោះលែងអ្នកទាំង ១៥នាក់នោះមកវិញ។ ព្រោះតុលាការកាត់តាមផ្លូវច្បាប់ខ្ញុំអស់ចិត្តហើយ ព្រោះតុលាការអត់បានកាត់តាមផ្លូវច្បាប់សោះ ធ្វើនេះធ្វើតាមបញ្ជាគេហ្មង»។
ក្រុមអ្នកតវ៉ាបញ្ជាក់ថា ពួកគេនឹងទាមទារជាបន្តទៀត រហូតទាល់តែមានការដោះលែងពលរដ្ឋបឹងកក់ទាំង ១៥នាក់នោះមកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
