អង្គការ​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​បុរី​កីឡា

ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​នៅ​តំបន់​បុរី​កីឡា ស្ថិត​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ បាន​ធ្វើ​ឲ្យ​អង្គការ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​គណបក្ស​ប្រឆាំង បាន​ដាក់​ការ​សង្ស័យ​ថា កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រក្រតី ទាក់ទង​នឹង​អាជ្ញាធរ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex)។

0:00 / 0:00

អង្គការ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​ពុធ ទី​២៥ មករា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល បង្កើត​ក្រុម​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ដើម្បី​ពិនិត្យ​មើល​ករណី​ជម្លោះ​រវាង​ពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ នៅ​តំបន់​បុរី​កីឡា និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex)។

​អ្នក​ភូមិ​បុរី​កីឡា​បាន​បាន​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដោយ​តវ៉ា​គ្នា​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​អភិវឌ្ឍន៍​តំបន់​នោះ។

រហូត​មក​ដល់​ថ្ងៃ​ទី​៣ មករា បាន​ផ្ទុះ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​មួយ​រវាង​ប្រជាពលរដ្ឋ និង​កម្លាំង​អាជ្ញាធរ​ខណ្ឌ​៧មករា ព្រមទាំង​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន រហូត​មាន​ចាប់​ប្រជាពលរដ្ឋ​ដាក់​គុក​ព្រៃ​ស​ចំនួន ៨​នាក់ និង​បាន​ឈូស​បំផ្លាញ​ផ្ទះ​តំបន់​នោះ​ចោល​ទាំង​អស់ ហើយ​បាន​បណ្ដេញ​ម្ចាស់​ផ្ទះ​ឲ្យ​ទៅ​នៅ​តំបន់​ភ្នំបាត ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល និង​មួយ​ចំនួន​ទៀត​បាន​បញ្ជូន​ទៅ​តំបន់​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ។ ចំពោះ​អ្នក​ដែល​ប្រឆាំង​នឹង​ផែនការ​ជម្លៀស​ចេញ​ទៅ​កាន់​កន្លែង​ថ្មី​នោះ ត្រូវ​អាជ្ញាធរ​ចាប់​យក​ទៅ​ឃុំ​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ នៅ​ជាយ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ មករា កន្លង​ទៅ។

អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ​មណ្ឌល​កំពត មក​ពី​គណបក្ស សម រង្ស៊ី។ អ្នកស្រី​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​២៥ មករា ដោយ​ចាត់​ទុក​ករណី​ទាំង​នេះ​ជា​អំពើ​អមនុស្សធម៌ រំលោភ​សិទ្ធិ​មនុស្ស និង​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់។

ក្នុង​នាម​តំណាងរាស្ត្រ អ្នកស្រី​បាន​ធ្វើ​លិខិត​ផ្ញើ​ទៅ​រដ្ឋាភិបាល​តាម​រយៈ​ប្រធាន​រដ្ឋ​សភា សុំ​ឲ្យ​អន្តរាគមន៍​លើ​រឿង​នេះ​ជា​បន្ទាន់ និង​ត្រូវ​មាន​ក្រុម​អ្នក​ស៊ើប​អង្កេត​លើ​រឿង​នេះ​អោយ​ស៊ី​ជម្រៅ និង​ឯករាជ្យ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ទេ​ពី​រដ្ឋាភិបាល។

ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នកស្រី​នៅ​តែ​ទាមទារ​បែប​នេះ​ត​ទៅ​ទៀត៖ «...ខ្ញុំ​អត់​រា​ថយ​ទេ ព្រោះ​រឿង​នេះ​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ ខុស​នឹង​ក្រមព្រហ្មទណ្ឌ​ថ្មី...»

ស្រប​ពេល​គ្នា​នេះ​ដែរ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​បរទេស​ចំនួន​៤ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ កាល​ពី​ថ្ងៃ​ទី​២៣ មករា ពាក់ព័ន្ធ​នឹង​ករណី​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​បុរី​កីឡា ហើយ​បាន​ផ្ញើ​មក​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១២។

អង្គការ​ទាំង​បួន​នោះ​ស្ថិត​ក្នុង​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស មាន​ដូច​ជា អង្គការ International Federation for Human Rights អង្គការ Human Rights Watch, Amnesty International និង​អង្គការ Witness ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ និង​ដោះស្រាយ​បញ្ហា​ចំនួន ៨​ចំណុច​ជា​សំខាន់ ក្នុង​នោះ​រួម​មាន​ទី​១ សូម​ឲ្យ​បញ្ឈប់​ការ​គំរាម​កំហែង​គ្រប់​រូបភាព និង​ចាប់​មនុស្ស​ដោយ​ខុស​ច្បាប់ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នឹង​ករណី​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​សហគមន៍​បុរី​កីឡា​នោះ។ ទី​២ រដ្ឋាភិបាល​ត្រូវ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​​លើ​ករណី​ចាប់​ប្រជាពលរដ្ឋ​បុរី​កីឡា​ជិត ៣០​នាក់ ក្នុង​នោះ​មាន​ស្រី ២២​នាក់ និង​ក្មេង ៦​នាក់ យក​ទៅ​ឃុំ​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា នៅ​ពេល​ដែល​ពួកគេ​កំពុង​តវ៉ា​រក​ដំណោះស្រាយ​បញ្ហា​បាត់បង់​ទី​ជម្រក។ ទី​៣ សុំ​ឲ្យ​ដោះលែង​អ្នក​ភូមិ​ចំនួន ៧​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោយ​ពី​ការ​ចាប់​ខ្លួន​ពួកគេ​កាល​ពី​ថ្ងៃ​ទី​៣ មករា។

ក្រុមហ៊ុន​ផានអ៊ីម៉ិច ត្រូវ​ធានា​រ៉ាប់រង​លើ​កិច្ចសន្យា​សង់​ផ្ទះ​បាន​គ្រប់​ចំនួន​ជា​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា។ នៅ​ពេល​មាន​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ ត្រូវ​ធានា​រ៉ាប់រង​ចំពោះ​ការ​ផ្ដល់​សំណង​សមរម្យ ​និង​មាន​ជម្រក​ត្រឹមត្រូវ ស្រប​ទៅ​តាម​និយាម ឬ​ស្តង់ដារ​អន្តរជាតិ។ ត្រូវ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ​ចំពោះ​ករណី​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​សហគមន៍​បុរី​កីឡា និង​មូលហេតុ​អ្វី​បាន​ជា​កង​កម្លាំង​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ។ ទី​៤ សមត្ថកិច្ច​អាជ្ញាធរ និង​ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​មក​លើ​ប្រជាពលរដ្ឋ និង​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា ឲ្យ​បាន​ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព។

សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស​ក៏​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ដោយ​សុំ​ឲ្យ​បញ្ឈប់​ការ​អនុវត្ត​គោលការណ៍​នយោបាយ​បណ្ដេញ​ប្រជាពលរដ្ឋ​ពី​ទីលំនៅ​ទាំង​ហ្វូងៗ ត​ទៅ​ទៀត។
អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត បាន​ថ្លែង​គាំទ្រ​ចំពោះ​សេចក្ដី​ស្នើ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នោះ។

កន្លង​មក​អង្គការ​លោក រួម​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទៀត ក៏​បាន​ស្នើ​សុំ​លើ​ចំណុច​សំខាន់ៗ​ស្រដៀង​គ្នា​នេះ​ដែរ ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​បញ្ជាក់ ឬ​ឆ្លើយ​តប​មក​វិញ​នោះ​ទេ។

កាល​ពី​ថ្ងៃ​អង្គារ ទី​២៤ មករា សហគមន៍​ចំនួន​៧ ដែល​ត្រូវ​រដ្ឋាភិបាល​ជម្លៀស​ចេញ​ឲ្យ​ទៅ​នៅ​ជាយ​ក្រុង​ភ្នំពេញ បាន​នាំ​គ្នា​ចូល​រួម​ដង្ហែ​ញត្តិ​ទៅ​ប្រគល់​ជូន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ដែល​ពួកគាត់​ខំ​បោះ​ឆ្នោត​ឲ្យ ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច លើ​លក្ខខណ្ឌ​ចំនួន ៣​ចំណុច ក្នុង​នោះ​ត្រូវ​សង់​អគារ​ស្នាក់​នៅ​ចំនួន​២ ថែម​ទៀត ដើម្បី​គោរព​ទៅ​តាម​ពាក្យ​សន្យា​របស់​ក្រុមហ៊ុន​ថា​សង់ ១០​អគារ សម្រាប់​ឲ្យ​ពួក​គាត់​រស់​នៅ។ ទី​២​សូម​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ ៧​នាក់​ដែល​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន និង​ទី​៣ សុំ​ឲ្យ​ក្រុមហ៊ុន​សង​ការ​ខូចខាត​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដែល​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឈូស​បំផ្លាញ​កាល​ពី​ថ្ងៃ​៣ មករា កន្លង​ទៅ។

លោក យ៉េង វីរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ លោក​មាន​ប្រសាសន៍​ថា ករណី​បុរី​កីឡា គឺ​ជា​រឿង​វិវាទ​កិច្ចសន្យា និង​វិវាទ​ដីធ្លី ដូច្នេះ​គេ​ត្រូវ​តែ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ។ ប៉ុន្តែ​ការ​សម្រេច​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ទី​នោះ ធ្វើ​ឡើង​ដោយ​ពុំ​មាន​ដីកា​សម្រេច​ពី​តុលាការ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ពុំ​មាន​ការ​ឆ្លើយ​តប​ចំពោះ​សំណើ និង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ដោយ​ទុក​ពេល​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា ជា​អ្នក​ដោះស្រាយ និង​ឆ្លើយ​តប​ចំពោះ​បញ្ហា​អស់​ទាំង​នេះ។

មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស លោក ទិត សុធា មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា បញ្ហា​ទាំង​នោះ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច និង​ភាគី​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត។

ទោះ​យ៉ាង​ណា​ក្តី​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស បាន​សរសេរ​ទៅ​ជូន​រដ្ឋាភិបាល​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​ផ្ដល់​ជា​អនុសាសន៍​ថា កម្ពុជា​គួរ​តែ​គោរព​ទៅ​តាម​កាតព្វកិច្ច​ច្បាប់​ដើម្បី​តម្រូវ​ឲ្យ​លើក​ស្ទួយ និង​ការពារ​សិទ្ធិ​របស់​មនុស្ស និង​សេរីភាព​ដែល​ជា​គ្រឹះ​សំខាន់​បំផុត​នោះ។

អង្គការ​ទាំង​នោះ​បញ្ជាក់​ថា អំពើ​បណ្ដេញ​មនុស្ស​ចេញ​ពី​លំនៅឋាន​ដូច​សព្វថ្ងៃ​នេះ ជា​ចំណុច​ខ្មៅ​មួយ​នៅ​លើ​កិត្តិនាម​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ។

កម្ពុជា​សព្វថ្ងៃ​អាច​មាន​គ្រោះថ្នាក់​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ប្រជាពលរដ្ឋ​សាមញ្ញ គឺ​ការ​រស់​នៅ​លើ​ដី​មួយ​កន្លែង​ដែល​ក្រុម​អ្នក​មាន​ទ្រព្យធន ហើយ​និង​បក្ស​ពួក​របស់​រដ្ឋាភិបាល​ចង់​បាន៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។