ពលរដ្ឋក្នុងសហគមន៍បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មិនទទួលយកការដោះដូរដីនៅតំបន់ភ្នំបាត ទួលសំបូរ និងលុយចំនួន ៥០០ដុល្លារ ក្នុងមួយគ្រួសារជាសំណងរបស់ក្រុមហ៊ុនផានអ៊ីម៉ិចនោះទេ។ ពួកគាត់បានបង្ខំចិត្តបន្តរស់នៅក្នុងប្លុកបុរីកីឡា ហាលវាលហាលខ្យល់ បើទោះបីជាកម្លាំងសមត្ថកិច្ចបានឈូសឆាយផ្ទះសម្បែងរបស់ពួកគាត់អស់ជាងមួយខែមកហើយក៏ដោយ។
ពលរដ្ឋដែលមានទាំងក្មេងទាំងចាស់ ប្រុសស្រី ខ្លះបានស្នាក់នៅខាងមុខសំយាបផ្ទះរបស់គេ ខ្លះស្នាក់នៅក្រោមជណ្ដើរនៃអាគារក្នុងសហគមន៍បុរីកីឡា និងខ្លះបានដាំស្លនៅក្បែរពំនូកសំរាម មានជះក្លិនស្អុយ។
ស្ត្រីឈ្មោះ ប្រាក់ សុផា ដែលមានពកូនតូចនៅនឹងដៃ បានថ្លែងនៅថ្ងៃទី១៦ កុម្ភៈថា ពួកគាត់មិនអាចទទួលយកសំណងរបស់ក្រុមហ៊ុនដែលផ្ដល់ឲ្យពលរដ្ឋបាននោះ ទើបពួកគាត់តស៊ូរស់នៅក្នុងតំបន់នេះ។ គាត់បញ្ជាក់ថា បើពលរដ្ឋណាមានលុយចាប់ពី ២ពាន់ ទៅ ៣ពាន់ដុល្លារក្នុងមួយគ្រួសារបង់ទៅសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធនោះ នឹងអាចឡើងអគារដែលក្រុមហ៊ុនសាងសង់ក្នុងតំបន់បុរីកីឡាភ្លាម។
ស្ត្រី ប្រាក់ សុផា៖ «តាំងពីគេរុះផ្ទះតាំងពីថ្ងៃ៣ មករា មក វេទនាណាស់ គ្មានកន្លែងដេកកន្លែងពួនទាំងអស់ហ្នឹង។ ឥឡូវត្រង់កូនត្រង់ចៅនៅវេទនានៅមួយគ្រែហ្នឹង សុំគេខាងក្រុមហ៊ុន គេមកចាប់ទៀត។ ឃើញស្រាប់ហើយ កន្លែងនេះធុងសំរាមសុទ្ធ ខ្ញុំសុខចិត្តវេទនារស់នៅ កូនផងចៅផងទើបតែប៉ុណ្ណឹងគ្មានកន្លែងទេ សូម្បីតែគេដើរជិតក៏គេខ្ពើមដែរ។ តែធ្វើម៉េចឲ្យសម្ដេចតេជោ ជួយដោះស្រាយកូនចៅផង»។
មិនខុសគ្នានោះទេ ស្ត្រីឈ្មោះ ជុំ ង៉ាន អះអាងថា ការរស់នៅទីនេះបានប្រឈមមុខនឹងបញ្ហាសុខភាពដោយសារក្បែរគំនរសំរាមនាំឲ្យការហូបចុករបស់គាត់គ្មានអនាម័យ ហើយកន្លែងស្នាក់នៅក៏មិនសមរម្យ។ មិនត្រឹមតែប៉ុណ្ណោះសន្តិសុខក្រុមហ៊ុនផានអ៊ីម៉ិច បានដេញមិនឲ្យពលរដ្ឋរស់នៅដូច្នេះទេ ព្រោះថាធ្វើឲ្យខូចសណ្ដាប់ធ្នាប់។
ស្ត្រីឈ្មោះ ជុំ ង៉ាន៖ «នាងខ្ញុំលំបាកណាស់ដែលនៅក្រោមជណ្ដើរនេះ រាល់ថ្ងៃនេះ សូម្បីតែហូបបាយក៏មានរុយចូលនៅក្នុងចានដែរ ។ នាងខ្ញុំខ្លាចមេរោគអ៊ីចឹង សូម្បីតែថ្ងៃនេះអត់ស្រួលសោះ ពិបាកក្នុងពោះមែនទែន។ នៅក្រោមជណ្ដើរគេស្ដោះទឹកមាត់មក ជួនកាលកំពុងហូបបាយ លើក្បាលពេញពួកខ្ញុំលំបាកណាស់។ ខាងក្រុមហ៊ុន ស៊ុយ សុផាន គេមកដេញពេលកំពុងដេកអ៊ីចឹងក៏មានសន្តិសុខក្រុមហ៊ុនមកសែងគ្រែអី ជួនកាលកំពុងហូបបាយគាត់មកចាក់បាយចោល សែងគ្រែយកទៅបាត់អ៊ីចឹងទៅ»។
យ៉ាងណាក៏ដោយពលរដ្ឋដែលបានផ្ដល់សម្ភាសន៍សុទ្ធតែបានអះអាងថា ពួកគាត់មានឯកសារបញ្ជាក់រស់នៅតំបន់នេះគ្រប់គ្រាន់។
ស្ត្រីវ័យកណ្ដាលឈ្មោះ ប្រាក់ ស្រីនាង ថ្លែងថា ពួកគាត់បានតស៊ូរស់នៅទីនេះ ដោយព្រោះមិនទទួលយកគោលការណ៍ដោះស្រាយរបស់ក្រុមហ៊ុនដែលឲ្យទៅនៅតំបន់ភ្នំបាត ទួលសំបូរ ដីមួយគ្រួសារ៥ម៉ែត្រគុណនឹង ១២ម៉ែត្រ និងលុយចំនួន ៥០០ដុល្លារនោះបានឡើយ៖ «ប្រជាពលរដ្ឋសុទ្ធតែអ្នកនៅពិត មានឯកសារគ្រប់គ្រាន់ទាំងអស់ មានតាំងពី១៩៩០ជាង មានថតអង្កេត មានស្នាក់នៅទាំងអស់ ខ្លះមានប័ណ្ណគ្រួសារ ខ្ញុំមានប័ណ្ណបោះឆ្នោត មានកាតបក្សប្រជាជនទៀត តែគេអត់ឲ្យខ្ញុំឡើង ហើយខ្ញុំមានចូលជាសមាជិកបក្សប្រជាជនទៀត»។
កាលថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ កងកម្លាំងចម្រុះបានចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់បុរីកីឡា។ ក្នុងព្រឹត្តិការណ៍នោះ ប្រជាពលរដ្ឋចំនួន ១១នាក់ត្រូវបានចាប់ខ្លួន ហើយផ្ទះជាង ២០០ខ្នងត្រូវបានកម្ទេច។
ការរុះរើនោះបានធ្វើឲ្យមានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ កងកម្លាំងអាជ្ញាធរ រួមទាំងកម្មករក្រុមហ៊ុនផានអ៊ីម៉ិច និងយុវជនមួយចំនួនផង សរុបប្រមាណ ៥០០នាក់ ឡានទឹកចំនួន ៤គ្រឿង និងគ្រឿងចក្រ ២គ្រឿងត្រូវបានប្រើប្រាស់ក្នុងការរុះរើនោះ។
គ្រានោះកងកម្លាំងប្រដាប់អាវុធ បានប្រើដំបងឆក់ ប្រើកាំភ្លើងបាញ់ឡើងលើ និងបានបាញ់ឧស្ម័នពុលដាក់ប្រជាពលរដ្ឋ ហើយកងកម្លាំងដដែល និងកម្មករក្រុមហ៊ុន បានប្រើដុំថ្មគប់ទៅលើប្រជាពលរដ្ឋបន្ថែមទៀត។
ចំណែកក្រុមប្រជាពលរដ្ឋក៏បានប្រើដុំថ្ម ដំបង ដប និងសាំង ដើម្បីតតាំងនឹងកងកម្លាំងអាជ្ញាធរដែរ ដែលបណ្ដាលឲ្យមានអ្នករងរបួសទាំងសងខាង។
ប្រជាពលរដ្ឋមួយចំនួនដែលទទួលយកសំណងទៅរស់នៅភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល និងទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ បាននាំក្រុមគ្រួសារវិលត្រឡប់មករាជធានីភ្នំពេញវិញ ដោយពួកគាត់យល់ថា នៅទីតាំងថ្មីគ្មានអ្នកណាគិតគូរពីបញ្ហាលំបាកដល់ពួកគាត់ឡើយ។
ឆ្លើយតបនឹងពលរដ្ឋនេះ ចៅសង្កាត់វាលវង់ អ្នកស្រី កែវ សាកល ដែលបានចូលរួមនៅក្នុងសន្និសីទកាសែតដែលរៀបចំដោយប្រជាពលរដ្ឋថ្ងៃទី១៦ កុម្ភៈ មានប្រសាសន៍ថា កន្លងមកក្រុមការងារសង្កាត់បានបញ្ជូនឯកសារអង្កេតការរស់នៅពាក់ព័ន្ធរបស់ប្រជាពលរដ្ឋដែលរស់នៅពិតប្រាកដទាំងអស់ទៅសាលាក្រុងហើយ។
អ្នកស្រីជំរុញឲ្យប្រជាពលរដ្ឋស្វែងរកការដោះស្រាយជាមួយក្រុមហ៊ុនបន្តទៀត៖ «តាមសាលាក្រុងគាត់បានតម្រូវឲ្យអ្នកដែលមានឯកសារគ្រប់គ្រាន់ទៅជួបក្រុមហ៊ុនផ្ទាល់តែម្ដង។ គាត់យកឯកសារដែលមានទៅជួបក្រុមហ៊ុន ក្រុមហ៊ុនគាត់ចរចាជាមួយតស៊ូទៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន បានទេ នៅថ្ងៃទី១៦ កុម្ភៈ ដោយសារគាត់មិនទទួលទូរស័ព្ទ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត បានបែងចែកពលរដ្ឋសហគមន៍បុរីកីឡាជាបីប្រភេទ គឺទី១ បន្ទាប់ពីមានការឈូសឆាយផ្ទះសម្បែងមក មានពលរដ្ឋជាង ៦០គ្រួសារដែលក្រុមហ៊ុនបញ្ជូនទៅទួលសំបូរ និងជាង ១០០គ្រួសារក្រុមហ៊ុនបញ្ជូនទៅនៅភ្នំបាត ហើយប្រភេទទី៣ មានពលរដ្ឋ ១២៦គ្រួសារទៀតកំពុងរស់នៅសហគមន៍បុរីកីឡាដដែល។
លោកថា អ្នកបន្តរស់នៅក្នុងសហគមន៍បុរីកីឡា បានប្រឈមមុខជាង គឺពួកគាត់អស់ផ្ទះសម្បែង បាត់បង់មុខរបរ រស់នៅក្នុងសភាពភ័យខ្លាច ដោយសារតែសន្តិសុខដេញជារៀងរាល់យប់ រីឯក្មេងៗមិនបានទៅសាលា។ លោកថា នេះជាជម្លោះដ៏រ៉ាំរ៉ៃរវាងពលរដ្ឋ និងក្រុមហ៊ុន ដែលរដ្ឋាភិបាលត្រូវតែដើរតួជាអ្នកសម្របសម្រួលដោះស្រាយឲ្យពលរដ្ឋ ជាពិសេសទីជម្រកគឺជាបញ្ហាចម្បង។
លោក អំ សំអាត៖ «ហើយបើសិនជារាជរដ្ឋាភិបាលបង្ខំ បានន័យថា អាជ្ញាធរបង្ខំឲ្យទទួលយកសំណងរបស់ក្រុមហ៊ុន ឬក៏មិនដោះស្រាយជូនប្រជាពលរដ្ឋ គឺជាករណីមួយដែលរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សិទ្ធិមានលំនៅឋានរបស់ប្រជាពលរដ្ឋ»។
នៅថ្ងៃព្រហស្បតិ៍ ទី១៦ កុម្ភៈ ពលរដ្ឋសហគមន៍បុរីកីឡា បាននាំគ្នាធ្វើសន្និសីទកាសែតទាមទារក្រុមហ៊ុនសាងសង់២អគារបន្ថែមទៀតទៅតាមកិច្ចសន្យាចំនួន ១០អគារដោះដូរឲ្យពលរដ្ឋ ដែល រដ្ឋាភិបាលបានប្រគល់ដីតំបន់នោះទៅឲ្យក្រុមហ៊ុនផានអ៊ីម៉ិច វិនិយោគតាំងពីឆ្នាំ២០០៣ ហើយបញ្ជាក់ប្រាប់ពីគោលបំណងនៃការសាងសង់អាគារលេខ៩ ពីព្រោះកន្លងមកក្រុមហ៊ុននេះបានអះអាងថាក្ស័យធនមិនអាចសាងសង់បាន។ ពលរដ្ឋអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងពលរដ្ឋសហគមន៍បុរីកីឡាចំនួន ៧នាក់ កំពុងជាប់នៅពន្ធនាគារព្រៃសជាបន្ទាន់ ដែលជាប់ចោទពីបទបង្ករបួសស្នាមដល់សមត្ថកិច្ចចុះអនុវត្តការងារ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
