អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានប្រកាសជូនសាធារណជនអំពីនីតិវិធីនៃដំណើរការសំណុំរឿងក្ដីលេខ ០០៤ របស់អតីតមេដឹកនាំខ្មែរក្រហមដែលផ្ដោតការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ជនរងគ្រោះ និងសាក្សី សិទ្ធិរបស់ជនសង្ស័យ និងលក្ខខណ្ឌតម្រូវនានានៃកិច្ចស៊ើបអង្កេត។
ក្នុងសេចក្ដីប្រកាសព័ត៌មានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា សហព្រះរាជអាជ្ញាអន្តរជាតិ លោក អេនឌ្រូ ខេលី (Andrew Cayley) បានគូសបញ្ជាក់ថា សេចក្ដីថ្លែងរបស់លោកទាក់ទងនឹងនីតិវិធីនេះ គឺធ្វើឡើងដោយអនុលោមតាមវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម។
ចំណុចសំខាន់ៗរួមមាន ការដាក់សំណើសុំឱ្យបំពេញកិច្ចស៊ើបសួរ និងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែម ដោយមានបញ្ចូលឧក្រិដ្ឋកម្មនានាបន្ថែមទៀតដែលត្រូវបានប្រព្រឹត្តចំពោះប្រជាជនខ្មែរក្រោមនៅខេត្តតាកែវ និងខេត្តពោធិ៍សាត់។
សហព្រះរាជអាជ្ញាអន្តរជាតិនឹងស្នើសុំឱ្យសហចៅក្រមស៊ើបអង្កេតធ្វើការជូនដំណឹងដល់សាធារណជន និងដើមបណ្ដឹងរដ្ឋប្បវេណី សក្ដានុពលនានា អំពីទីតាំងឧក្រិដ្ឋកម្មជាក់លាក់ទាំងឡាយដែលមានបញ្ចូលនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ និងទាំងក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមនៃសំណុំរឿងលេខ ០០៤។
ទោះជាយ៉ាងណាក្ដី នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះគេមិនឃើញមានឈ្មោះសហព្រះរាជអាជ្ញាជាតិ គឺលោកស្រី ជា លាង ចូលរួមនោះទេ។
កន្លងមកថ្មីៗនេះ សហព្រះរាជអាជ្ញាអន្តរជាតិ លោក អេនឌ្រូ ខេលី តែឯកតោភាគីក៏ធ្លាប់បានស្នើឲ្យសហចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេតបន្ថែមទៅលើករណី ០០៣ ផងដែរ។ ប៉ុន្តែត្រូវបានសមភាគីរបស់លោក គឺលោកស្រី ជា លាង មិនបានចូលរួមសហការទេ ដោយផ្ដល់ហេតុផលថា ការចាប់ខ្លួនជនសង្ស័យបន្ថែមយកមកវិនិច្ឆ័យទោស ក្រៅតែពីករណី ០០១ និង ០០២ នឹងនាំមកនូវអស្ថិរភាពនយោបាយដែលអាចធ្វើឲ្យប្រទេសកម្ពុជា ផ្ទុះសង្គ្រាមសាជាថ្មី៕
