កម្ពុជា​គ្រោង​ធ្វើ​សមយុទ្ធ​គ្រប់គ្រង​គ្រោះ​អាសន្ន

រដ្ឋាភិបាល​មាន​គម្រោងការ​ធ្វើ​សមយុទ្ធ​ដ៏​ធំ​មួយ​ដើម្បី​គ្រប់គ្រង​គ្រោះ​អាសន្ន​នៅ​គ្រា​ដែល​មាន​ការ​ធ្លាក់​យន្ត​ហោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ដោយ សុខ សេរី
2010.01.30
អាកាសចរណ៍​៣០៥ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ឈរ​យាម​នៅ​មុខ​យន្តហោះ ក្នុង​អំឡុង​ពេល​បើក​សម្ពោធ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ ខាំបូឌា​អង្គរ​អ៊ែរ ជា​ផ្លូវការ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​២៧ កក្កដា ២០០៩។
AFP Photo/Tang Chhin Sothy

ពិធី​ដែល​គេ​រៀបចំ​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថៃ្ង​ទី​២ ខែ​កុម្ភៈ សប្តាហ៍​ក្រោយ​នេះ នៅ​ក្នុង​បរិវេណ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​មាន​លោក សុខ អាន ជា​ឧប​នាយ​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ចូលរួម​ធ្វើ​អធិបតី។

លោក ផៃ ស៊ីផាន ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថៃ្ង​សៅរ៍​ថា គេ​គ្រោង​នឹង​បង្កើត​ព្រឹត្តិការណ៍​មួយ​ប្រៀប​បាន​ដូច​ជា​ការ​ពិត​នៅ​ក្នុង​ពិធី​នោះ។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ៖ «គឺ​ដើម្បី​ហ្វឹកហ្វឺន​ឲ្យ​មាន​លក្ខណៈ​ត្រៀម​ជា​ស្រេច បើ​សិន​ជា​គ្រោះ​អាសន្ន​នឹង​កើត​ឡើង​ជាយថាហេតុ​ណា​មួយ ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដែល​កើត​ចេញ​ពី​គ្រោះថ្នាក់ឬ​មហន្តរាយ​ជា​យន្តហោះ»

សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ប្រទេស​កម្ពុជា ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន បាន​បង្ហាញ​ថា នៅ​ក្នុង​ពិធី​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នោះ​នឹង​មាន​ការ​ដុត​ប្រេង​និង​កង់​ទ្បាន​ចាស់ៗ ដើម្បី​បង្កើត​ជា​អណ្តាត​ភ្លើង និង​ផ្សែង​ខ្មួលខ្មាញ់ ប្រៀប​ដូច​ជា​ការ​ធ្លាក់​យន្តហោះ​ដូច្នោះ​ដែរ ដើម្បី​ធ្វើ​សមយុទ្ធ។

សេចក្តី​ថែ្លង​ការណ៍​នោះ​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​អំទ្បុង​ពេល​នៃ​ការ​ធ្វើ​សមយុទ្ធ គេ​នឹង​រៀបចំ​ឲ្យ​មាន​ការ​ប្រកាស​អាសន្ន​ទៅ​ដល់​ក្រុម​សង្រ្គោះ មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ រថយន្ត​ពេទ្យ​ដែល​មាន​ស៊ីរ៉ែន រថយន្ត​សង្គ្រោះ និង​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​នគរបាល​ក្រុង​ភ្នំពេញ។

ពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា បើ​សិន​ណា​លោក​ស្រី​មិន​បាន​ដឹង​ជា​មុន​អំពី​ការ​ធ្វើ​សមយុទ្ធ​នោះ លោក​ស្រី​និង​គ្រួសារ​ប្រជាពលរដ្ឋ​នានា​នឹង​មាន​ការ​តក់ស្លុត​ជា​មិន​ខាន។

ពលរដ្ឋ​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «បើ​សិន​ជា​ខ្ញុំ​មិន​បាន​ដឹង​ទេ នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មួយ​ភ័យ​ខ្លាំង​មែនទែន ថា​តើ​មាន​អ្វី​កើត​ឡើង? ពីព្រោះ​ដោយ​ហេតុ​ថា យើង​ធ្លាប់​ជួប​ដូច​ដែល​យើង​ធ្លាប់​ជួប​កន្លង​មក ដូច​ជា​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា ១៩៩៧ អ៊ីចឹង។ វា​ជា​មេរៀន​មួយ វា​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ដោយ​យើង​មិន​បាន​គិត​ថា វា​នឹង​កើត​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ»

សុខ សេរី ៖ ចំពោះ​ជន​បរទេស​ដែល​ទើប​តែ​ចុះ​ពី​លើ​យន្តហោះ ឧបមា​ថា​មក​ពី​ថៃ ពី​សាំងហ្គាពួរ គ្នា​អត់​ដឹង​អី​សោះ តើ​លោក​ស្រី​យល់​ថា គាត់​នឹង​ចលាចល​យ៉ាង​ម៉េច​ដែរ? ពលរដ្ឋ ៖ មិន​ថា​តែ​ជន​បរទេស​ស្ដាប់​ភាសា​ខ្មែរ​មិន​បាន​ទេ សូម្បី​តែ​ជនជាតិ​ខ្មែរ​ដែល​ភាសា​ខ្មែរ​ខ្លួន​ឯង​ហ្នឹង ព័ត៌មាន​មួយចំនួន​នោះ​ក៏​មិន​បាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ។

អ្នក​បើក​ទ្បាន​តាក់ស៊ី​ម្នាក់​ប្រចាំការ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ថែ្លង​ថា ៖ «ខ្ញុំ​បាន​ដឹង​ហើយ ខ្ញុំ​មិន​ជា​ភ័យ​ខ្លាច​អី​ដែរ ហើយ​ម៉្យាង​ខ្ញុំ​ក៏​បាន​ផ្សព្វផ្សាយ​ទៅ​មិត្តភ័ក្តិ​ខ្ញុំ​ដែល​រត់​តាក់ស៊ី​នៅ​ពោធិ៍ចិនតុង​ហ្នឹង​ឲ្យ​វា​បាន​ដឹង​ដែរ អត់​អី​ទេ!»

គេ​បាន​កត់​សម្គាល់​ថា គម្រោងការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ខាង​មុខ​នេះ​ជា​លើក​ទី​២​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​នៅ​ក្នុង​ខេត្ត​កំពត កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៧​កន្លង​ទៅ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២២​នាក់​បាន​ស្លាប់ នៅ​ក្នុង​នោះ​មាន​ជនជាតិ​កូរ៉េ ១៣​នាក់ ជនជាតិ​ឆេក ៣​នាក់ ជនជាតិ​រុស្ស៊ី ១​នាក់ និង​ក្រុម​អ្នក​បើកបរ​យន្តហោះ​ជនជាតិ​ខែ្មរ​ចំនួន ៥​នាក់​ផងដែរ។

យន្តហោះ​ដែល​បាន​ធ្លាក់​កាល​ពី​ឆ្នាំ​២០០៧​នោះ គឺ​ប្រភេទ AN-24 ហោះ​ហើរ​ពី​ខេត្ត​សៀមរាប ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្លាក់​ក្នុង​ព្រៃ​នៃ​ភ្នំ​បូកគោ ខេត្ត​កំពត ក្រោម​អាកាស​ធាតុ​ភ្លៀង​និង​ខ្យល់​ខ្លាំង​នៅ​ពេល​នោះ។

ការ​រៀបចំ​ធ្វើ​សមយុទ្ធ​នៅ​សប្តាហ៍​ក្រោយ​នេះ គេ​បាន​យល់​ឃើញ​ថា គឺ​ដើម្បី​ស្តារ​ឲ្យ​មាន​ការ​ទុក្ខ​ចិត្ត​និង​ប្រសិទ្ធភាព​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​ពេល​ដែល​មាន​ការ​ធ្លាក់​យន្ត​ហោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។