អ្នកនាំពាក្យក្រសួងការបរទេសនៃរដ្ឋាភិបាលកម្ពុជា លោក គុយ គួង មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងកាលពីយប់ថ្ងៃសុក្រម្សិលមិញនេះថា រដ្ឋាភិបាលក្រុងភ្នំពេញចាត់ថា ជនជាតិភាគតិចអ៊ុយហ្គរ៍ទាំងនោះ ចូលកម្ពុជាដោយខុសច្បាប់ ដូច្នេះនឹងត្រូវបញ្ជូនទៅប្រទេសចិនវិញ។
លោក គុយ គួង បានបញ្ជាក់ថា ៖ «ពួកគាត់ទាំង ២០នាក់ហ្នឹង គឺចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ដោយសារចូលមកអត់មានលិខិតឆ្លងដែន ហើយនិងអត់មានវីសា(ទិដ្ឋាការ)ណាមួយដែលត្រូវចូលមកកម្ពុជា។ ដូច្នេះជាការបំពាន់ច្បាប់របស់កម្ពុជាហើយ ឆ្នាំ១៩៩៤ ហើយតម្រូវបញ្ជូនគាត់ចេញត្រឡប់ទៅវិញ ដោយសារគាត់ជាជនអន្តោប្រវេសន៍ខុសច្បាប់»។
ប៉ុន្តែមន្រ្តីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោកស្រី សេរ៉ា ខូម មានប្រសាសន៍ថា ជាការសំខាន់ណាស់ដែលប្រទេសហត្ថលេខីនីមួយៗ សង្គ្រោះជនភៀសខ្លួនប្រកបដោយយុត្តិធម៌ ដូចដែលខ្លួនបានចុះហត្ថលេខានៅក្នុងអនុសញ្ញាការពារជនភៀសខ្លួន ពិសេសគឺប្រទេសកម្ពុជា មានទីស្នាក់ការឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ផង។
លោកស្រី សេរ៉ា ខូម បានមានប្រសាសន៍ថា ៖ "ជាការសំខាន់ណាស់ ដែលកម្ពុជាត្រូវដោះស្រាយបញ្ហានេះឲ្យបានត្រឹមត្រូវ មុននឹងបញ្ជូនជនភៀសខ្លួនទាំងនោះ ដែលកំពុងស្វែងរកសិទ្ធិជ្រកកោនទៅឲ្យចិនវិញ ព្រោះថា បើបញ្ជូនទៅវិញដោយគ្មានការពិនិត្យពិច័យឲ្យបានច្បាស់លាស់ នោះជាការរំលោភច្បាប់ ពិសេសរំលោភអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម ព្រោះថា ជនភៀសខ្លួនអ៊ុយហ្គរ៍ទាំងនោះអាចប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ"។
សូមរំឭកជូនថា ជនជាតិភាគតិចអ៊ុយហ្គរ៍ទាំងនោះបានភៀសខ្លួនចេញពីខេត្តស៊ីនជាំង តំបន់នៅភាគពាយព្យនៃប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម ហើយមកកម្ពុជាដើម្បីស្វែងរកសិទ្ធិជ្រកកោនជាជនភៀសខ្លួននយោបាយ រត់គេចចេញពីការតាមចាប់របស់អាជ្ញាធរចិននៅបន្ទាប់ពីមានការធ្វើមហាបាតុកម្មប៉ះទង្គិចបង្ហូរឈាមជាមួយនឹងអាជ្ញាធរចិន កាលពីខែកក្កដា ឆ្នាំ២០០៩ កន្លងមកនេះ៕
