កម្ពុជា​បដិសេធ​ព័ត៌មាន​ថា​បុត្រី​ហ៊ុនសែន​មាន​គម្រោង​គ្រប់គ្រង​ក្រុមហ៊ុន​CATS

រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ព័ត៌មាន​ថា បុត្រី​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុង​មាន​គម្រោង​កាន់កាប់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​សេវាកម្ម​ចរាចរណ៍​ផ្លូវ​អាកាស​កម្ពុជា (CATS)។

អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​២៣ វិច្ឆិកា បដិសេធ​ព័ត៌មាន​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ថៃ​ដែល​បាន​លើក​ឡើង​ថា បុត្រី​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុង​មាន​គម្រោង​កាន់​កាប់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​សេវាកម្ម​ចរាចរណ៍​ផ្លូវ​អាកាស​កម្ពុជា (CATS)​នោះ។

សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ធ្វើ​បន្ទាប់​ពី​បាន​ចាត់​តាំង​មន្រ្តី​ទៅ​ត្រួត​ពិនិត្យ​និង​គ្រប់គ្រង​ក្រុមហ៊ុន CATS ជា​បណ្តោះ​អាសន្ន​នោះ គឺ​ជា​វិធានការ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​និង​សុវត្ថិភាព​ជូន​ថ្នាក់​ដឹក​នាំ​តែ​ប៉ុណ្ណោះ។

បន្ទាប់​ពី​មាន​ការ​សម្រេច​យ៉ាង​ច្បាស់​លាស់​របស់​តុលាការ​កម្ពុជា​រួច​ហើយ រដ្ឋាភិបាល​នឹង​ប្រកាន់​យក​ជំហរ​មួយ​ជាក់​លាក់ អំពី​កិច្ច​ដំណើរការ​នៃ​ការ​គ្រប់គ្រង​ក្រុមហ៊ុន CATS នេះ។

សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ថា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា សូម​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​នេះ ហើយ​សម្តែង​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​មាន​ការ​ប្រឌិត​ឡើង​នូវ​ព័ត៌មាន​បែប​នេះ។

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា កន្លង​មក​នេះ​រដ្ឋាភិបាល លោក អាភីស៊ិត វេឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ ឬ​កិច្ច​ព្រមព្រៀង​នានា ដូច​ជា​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ស្តី​ពី​សំណុំ​រឿង​ក្តី​ប្រាសាទ​ព្រះវិហារ។

ថ្មីៗ​នេះ​រដ្ឋាភិបាល​លោក អាភីស៊ិត បាន​សម្រេច​លុប​ចោល​ជា​ឯកតោ​ភាគី​នូវ​អនុស្សរណៈ​យោគ​យល់​គ្នា ស្តី​ពី​ការ​រៀបចំ​ចរចា​ដើម្បី​ឈាន​ទៅ​ដល់​ការ​ធ្វើ​អាជីវកម្ម​រួម ប្រេង​និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា​ខ្ពង់​រាប​បាត​សមុទ្រ ដែល​ត្រូវ​ដើរ​ទន្ទឹម​គ្នា និង​ការ​ចរចា​កំណត់​ព្រំដែន​សមុទ្រ​នៅ​តំបន់​នោះ ហើយ​បាន​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០០១​កន្លង​មក។ ទង្វើ​ទាំង​អស់​នេះ​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ការ​រំលោភ​ទាំង​កំរោល​នូវ​គោល​ការណ៍​ច្បាប់​អន្តរជាតិ​ទាក់​ទង​ទៅ​នឹង​កាតព្វកិច្ច​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី ពហុ​ភាគី ឬ​សន្ធិ​សញ្ញា​ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​ទីក្រុង​វីយែន ស្តី​ពី​នីតិ​សន្ធិ​សញ្ញា​ឆ្នាំ​១៩៦៩។

សេចក្តី​ថ្លែង​ការណ៍​បាន​អះអាង​ថា មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ជា​រដ្ឋ​ហត្ថលេខី​លើ​រាល់​កិច្ច​ព្រមព្រៀង និង​សន្ធិ​សញ្ញា​អន្តរជាតិ​ទាំង​ឡាយ​ដែល​មាន​ជា​ធរមាន ហើយ​រដ្ឋាភិបាល​កម្ពុជា​ពុំ​ដែល​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ណា​មួយ​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ឡើយ៕