ប្រភពព័ត៌មាន ប៊ីប៊ីស៊ី (BCC) ដែលបានចុះផ្សាយនៅថ្ងៃច័ន្ទម្សិលមិញនេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣០ ធ្នូកន្លងមកនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក វ៉ា គឹមហុង ប្រធាននៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានមានប្រសាសន៍ថា ក្នុងចំណោមបង្គោលសីមាព្រំដែនចំនួន ៣៧៥បង្គោល សម្រាប់ព្រំដែនកម្ពុជាវៀតណាម ចម្ងាយសរុបប្រវែង ១២៧០គីឡូម៉ែត្រ ១១១បង្គោលសីមាបានបោះរួចហើយ ៤៩បង្គោលទើបបានសាងសង់និងបោះរួចថ្មី ហើយសល់ពីហ្នឹងគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាវៀតណាមនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១០នេះហើយ។
ទាក់ទងនឹងការបោះបង្គោលព្រំសីមាជាមួយប្រទេសថៃវិញ លោក វ៉ា គឹមហុង មានប្រសាសន៍បន្តថា កម្ពុជានិងថៃបានធ្វើការត្រួតពិនិត្យរួមគ្នារួចហើយនូវបង្គោលចាស់ចំនួន ៧៣ ដោយផ្អែកទៅតាមកិច្ចព្រមព្រៀងគណៈកម្មាធិការរួមឥណ្ឌូចិន សៀម ក្នុងឆ្នាំ១៩០៨, ១៩០៩ និង ១៩១៩, ១៩២០ ហើយថា ក្នុងចំណោម ៤៨បង្គោលសីមា ដែលបានត្រួតពិនិត្យហើយនោះ ៣៣បង្គោលបានព្រមព្រៀងគ្នារួចហើយ នៅតែ ១៥បង្គោលប៉ុណ្ណោះ នៅមិនទាន់ចុះសម្រុងគ្នា។
លោក វ៉ា គឹមហុង បន្តថា ចំណែក ២៥បង្គោលសីមាដែលនៅសេសសល់មិនទាន់ធ្វើការចុះពិនិត្យនោះ ប្រសិនបើភាគីថៃយល់ព្រមនឹងបន្តបេសកកម្មនោះក្នុងឆ្នាំ២០១០នេះ៕
