មន្ត្រីរដ្ឋាភិបាលបានបង្ហើបឲ្យដឹងថា ប្រទេសកម្ពុជានឹងទទួលបានប្រាក់ចំណូលពីរ៉ែប្រេងក្នុងឆ្នាំដំបូងប្រហែល ១០០លានដុល្លារ នៅពេលដែលប្រទេសកម្ពុជា បានទាញយកផលរ៉ែប្រេង និងហ្គាសពីបាតសមុទ្រនៅក្នុងរយៈពេល ១ឆ្នាំ ឬ ២ឆ្នាំខាងមុខនេះ។ ដំណឹងនេះធ្វើឲ្យសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងអរផងភ័យផង បន្ទាប់ពីបានទន្ទឹងរង់ចាំដំណឹងនេះយ៉ាងអន្ទះសាអស់រយៈពេលយ៉ាងយូរឆ្នាំរួចមក។
លោក ហង់ ជួនណារ៉ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍កាលពីថ្ងៃទី៣ ខែមីនា បញ្ជាក់ពីតួលេខនៃការព្យាករចុងក្រោយបង្អស់នេះថា ៖ «នេះគ្រាន់តែស្មានជារួមលើព័ត៌មានដែលយើងមាន។ ថ្ងៃក្រោយហ្នឹងព័ត៌មានមានលក្ខណៈផ្សេងទៀត នឹងអាចមានការប្រែប្រួល តែក្នុងពេលនេះ ព័ត៌មានដែលយើងមានគឺថា ចំណូលបានពីប្រេងតែម្ដង ជាមធ្យម ខ្ញុំនិយាយជាមធ្យម ព្រោះឆ្នាំដំបូងអាចតិចតួចទេ ហើយដល់ពេលឆ្នាំក្រោយៗទៅអាចច្រើន។ អ៊ីចឹងក្នុងរយៈពេល ១០ ទៅ ១៥ឆ្នាំហ្នឹង គឺចំណូលជាមធ្យម ១០០លានដុល្លារក្នុងមួយឆ្នាំ គិតជាមធ្យម អ៊ីចឹងការប៉ាន់ស្មានមុនៗ ជួនកាលព័ត៌មានវាអត់ពិតប្រាកដ»។
កន្លងមកមានការវាយតម្លៃរបស់ស្ថាប័នអន្តរជាតិមួយចំនួនក្នុងរយៈពេលកន្លងមក ដូចជាធនាគារពិភពលោក (World Bank) អង្គការសហប្រជាជាតិផ្នែកកម្មវិធីអភិវឌ្ឍន៍ (UNDP) និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) ដែលបានប៉ាន់ប្រមាណថា ធនធានរ៉ែប្រេងធម្មជាតិអាចមានចំនួន ២ពាន់លានធុង ឬបារ៉ែល (Barrels) និងហ្គាសធម្មជាតិប្រហែល ១០លាន លានម៉ែត្រត្រីគុណនៅបាតសមុទ្រ។
លោក ជាម យៀប ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគាររដ្ឋសភា បានយល់ស្របនឹងតួលេខប៉ាន់ប្រមាណនេះ ហើយអះអាងបន្ថែមថា ៖ «ឃើញថា ឆ្នាំដំបូងយើងអាចទាក់ទាញបានជាង ១០០លានដុល្លារអាមេរិក ហើយរហូតដល់ឆ្នាំ២០២២ ឆ្នាំ២០២៣ យើងអាចបានជាង ១ពាន់លាន អានេះជាការប៉ាន់ស្មានទេ។ ការប៉ាន់ស្មានវាអាចមានត្រូវ មានខុស មិនត្រូវទាំងអស់ទេ»។
ដំណឹងនេះត្រូវបានមន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងសាទរ តែទន្ទឹមនឹងនេះ ពួកគេបានសម្ដែងការព្រួយបារម្ភខ្លាចក្រែងប្រជាជនខ្មែរមិនបានទទួលប្រយោជន៍នេះ ដោយសារតែអំពើពុករលួយ និងការចាត់ចែងផលប្រយោជន៍ប្រាក់ចំណូលមិនមានតម្លាភាព។
លោក ម៉ម សម្បត្តិ ប្រធានអង្គការសម្ពន្ធភាពកម្ពុជា ដើម្បីតម្លាភាពចំណូលធនធាន មានប្រសាសន៍នៅថ្ងៃ៦ មីនា ថា លោករំពឹងថា ប្រាក់ចំណូលបានមកពីធនធាននេះ នឹងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជនខ្មែរបានថ្លៃថ្នូរ និងប្រសើរជាងមុន។
លោកបន្តថា ៖ «ខ្ញុំគិតថា ការប៉ាន់ប្រមាណ វាយតម្លៃដំបូងនេះ វាអាចតិចជាងហ្នឹង វាអាចច្រើនជាងហ្នឹង។ ក៏ប៉ុន្តែសំខាន់បំផុត ចំពោះខ្ញុំ គឺខ្ញុំគិតអំពីគុណភាពនៃការគ្រប់គ្រងចំណូលធនធានដំបូងដែលបានមកពីប្រេង និងឧស្ម័ននេះ។ មានន័យថា យើងត្រូវត្រៀមខ្លួនធ្វើយ៉ាងណាដើម្បីអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រងចំណូលនៅឆ្នាំ២០១២ និងក្រោយឆ្នាំ២០១២នេះឲ្យមានប្រសិទ្ធភាព ឲ្យប្រជាជនខ្មែរលោកអាចទទួលផលប្រយោជន៍ពីធនធាននេះតាមរយៈកែលម្អ ឬធ្វើឲ្យប្រសើរឡើងលើវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចជាតិ ឧទាហរណ៍ដូចជា វិស័យអប់រំ វិស័យសុខាភិបាល នឹងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផងដែរ»។
ចំណែកលោក សុន ឆ័យ សមាជិកសភាគណបក្ស សម រង្ស៊ី ក៏បានបារម្ភប្រហាក់ប្រហែលគ្នានេះដែរ ៖ «យើងមានការស្នើរំឭកពីម្ចាស់អំណោយ ជាពិសេសខាងធនាគារពិភពលោក ក៏ដូចជាខាងអង្គការសហប្រជាជាតិ ខាងអភិវឌ្ឍន៍ ដូចជា UNDP រំឭករដ្ឋាភិបាល ក៏ដូចជារំឭកសភាអំពីកាតព្វកិច្ចរបស់ជាតិក្នុងការបង្កើតឲ្យមានច្បាប់គ្រប់គ្រងថវិកាដែលបានមកពីប្រេង គេបារម្ភថា ប្រេងជារបស់មួយដែលយើងទទួលបាន ហើយអាចអស់វិញ។ ការមិនគ្រប់គ្រងផលប្រេងឲ្យបានត្រឹមត្រូវ វាអាចទៅជាផលវិបាកដល់សង្គមធ្ងន់ធ្ងរ ដូចជាយើងយកមកមិនបានបម្រើវិស័យសំខាន់របស់ជាតិ»។
ទាក់ទងទៅនឹងការព្រួយបារម្ភអំពីការបាត់បង់ប្រាក់ចំណូលនេះ កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានថា អង្គការក្រៅរដ្ឋាភិបាលនានា រួមទាំងមន្ត្រីបក្សប្រឆាំង ដូចជាភ័យហួសហេតុពេកអំពីប្រាក់ចំណូលប្រេងនេះនៅពេលដែលគេមិនទាន់ដឹងថា តើទំហំធនធានប្រេងនោះមានបរិមាណប៉ុន្មានពិតប្រាកដ ដោយលោកបានប្រើពាក្យថា «មិនទាន់ដឹងថា មានមាស ឬក៏អត់ផង ស្រាប់តែនាំគ្នាភ័យខ្លាចអត់ក្រដាសខ្ចប់»។
ជាទូទៅប្រជាជនខ្មែរ និងអង្គការនានា បានដាក់ក្ដីរំពឹងយ៉ាងមុតមាំថា ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា អាចក្លាយជាអ្នកមាន ក្នុងពេលកម្ពុជា ទាញយករ៉ែប្រេងធម្មជាតិដែលគេរំពឹងថា នឹងមាននៅឆ្នាំក្រោយនេះ។
ក៏ប៉ុន្តែលោក ហង់ ជួនណារ៉ុន ថ្លែងថា ប្រាក់ចំណូលប្រេងនឹងមិនមានបរិមាណច្រើនដូចវិស័យកាត់ដេរ និងទេសចរណ៍ទេ ព្រោះថា រ៉ែប្រេងនៅសមុទ្រខ្មែរមិនសម្បូរដូចនៅសមុទ្រក្នុងតំបន់មជ្ឈិមបូព៌ាទេ ដូច្នេះហើយទើបរដ្ឋាភិបាលមិនសូវរំជួលចិត្តប៉ុន្មានទេ ព្រោះថា រ៉ែនៅក្រោមដីពិបាកមើលឃើញជាក់នឹងភ្នែក ខុសពីធនធានគេអាចមើលឃើញនៅលើដី។
លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ដូច្នេះ ៖ «តាមពិតសម្បត្តិរបស់យើង សម្បត្តិដែលមិនអាចកាត់ថ្លៃបានហ្នឹង គឺជាប្រាសាទបូរាណ ឬមួយក៏ធនធានកៅស៊ូ ឬក៏ស្រូវអីហ្នឹងទេ ព្រោះថា អ្វីដែលនៅក្រោមដីយើងមើលអត់ឃើញផង យើងចេះតែប៉ាន់ស្មានៗ ហើយយើងគ្រាន់តែចំណាយពេលធ្វើសិក្ខាសាលា ធ្វើស្អីៗហ្នឹងមិនដឹងជាអស់លុយប៉ុន្មានទេ...»។
លោកបន្តថា សព្វថ្ងៃនេះរដ្ឋាភិបាលមិនទាន់បានទទួលប្រាក់ចំណូលពីពាណិជ្ជកម្មប្រេងនៅឡើយទេ គឺបានត្រឹមប្រាក់ចំណូលដែលក្រុមហ៊ុនបង់តាមបែបជាប្រាក់រង្វាន់ ដើម្បីបានទទួលការអនុញ្ញាតក្នុងដំណាក់កាលរុករកប្រេងតែប៉ុណ្ណោះ ហើយកន្លងមករដ្ឋាភិបាលបានទទួលប្រាក់រង្វាន់នេះបានប្រហែល ២០លានដុល្លារតែប៉ុណ្ណោះ។ លោករំពឹងថា ប្រាក់ចំណូលខាងវិស័យប្រេងនេះ មានចំនួនតិចតួចណាស់បើប្រៀបធៀបទៅនឹងប្រាក់ចំណូលផ្សេងៗទៀត ដូចជាប្រាក់ចំណូលផ្នែកវិស័យកាត់ដេរដែលមានចំនួនជាង ៣ពាន់លានដុល្លារ វិស័យទេសចរណ៍ចំនួន ១,៧ពាន់លានដុល្លារ៕
