លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើបែបនេះទៅកាន់អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅក្នុងវេទិកាវិនិយោគអាមេរិក និងអាស៊ាន នៅឯខេត្ត សៀមរាប នៅល្ងាចថ្ងៃទី១៣ ខែកក្កដា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការលើកលែងពន្ធនាំសំលៀកបំពាក់ និងផលិតផលផ្សេងទៀតនៅក្នុងវិស័យកាត់ដេរពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក នឹងជួយបង្កើនការងារដែលមានប្រាក់ឈ្នួលខ្ពស់សម្រាប់ពលរដ្ឋនៅកម្ពុជា៖ «យើងក៏ចង់បានអោយទំហំពាណិជ្ជកម្មនេះរីកលូតលាស់ថែមទៀត តាមរយៈការលើកលែងពន្ធ និងការមិនចប់កូតា ដែលអាចផ្ដល់ការងារកាន់តែច្រើនជូនចំពោះពលរដ្ឋនៅកម្ពុជា ហើយធុរកិច្ចនៅកម្ពុជា នឹងមានលទ្ធភាពកាន់តែច្រើនដើម្បីបង្កើននូវបៀវត្សចំពោះកម្មករ កម្មការិនីរបស់យើង»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន មិនទាន់បានឆ្លើយតបចំពោះសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះនៅឡើយ។ ប៉ុន្តែអ្នកស្រី ហ៊ីលឡារី គ្លិនតុន បានអះអាងថា នឹងកៀរគរអ្នកវិនិយោគអាមេរិក មកកាន់តំបន់អាស៊ីឲ្យបានកាន់តែច្រើនថែមទៀត។
អ្នកស្រីសង្ឃឹមថា ការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់នេះ នឹងស្ថិតក្នុងក្របខណ្ឌសំខាន់ចំនួន ៤ ដែលធានានិរន្តរភាពក្នុងវិស័យសេដ្ឋកិច្ច៖ «ត្រូវមានលក្ខខណ្ឌចំនួន ៤ គឺការបើកចំហ ការគិតគូរពីសិទ្ធិសេរីភាព តម្លាភាព និងយុត្តិធម៌ ដែលយើងរំពឹងថា លក្ខខណ្ឌទាំងនោះនឹងអាចធ្វើទៅបានព្រមៗគ្នា»។
កាលពីឆ្នាំ២០១១ កន្លងទៅ សហរដ្ឋអាមេរិកបាននាំចូលទំនិញរបស់ខ្លួនដែលមានតម្លៃជាង ៦៧ ពាន់លានដុល្លារមកកាន់តំបន់អាស៊ាន។ ដោយឡែកកម្ពុជា បាននាំចេញផលិតផលកាត់ដេរទៅកាន់សហរដ្ឋអាមេរិកដែលមានតម្លៃជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។