កម្ពុជា​ជូន​ដំណឹង​ទៅ​​អ.ស.ប.​អំពី​ការ​ឈ្លានពាន​របស់​ថៃ

កម្ពុជា​បាន​សម្រេច​ចិត្ត​ប្រកាស​ជូន​ដំណឹង​ទៅ​​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ដោយ​ចោទ​ថា ទាហាន​ថៃ បាន​បាញ់​​​មក​លើ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ដែល​បាន​ចុះ​​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ទៅ​ហើយ​នោះ បណ្ដាល​ឲ្យ​ខូច​ខាត​យ៉ាង​ដំណំ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ជូន​ដំណឹង​​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​៥ កុម្ភៈ​​នេះ ទៅ​​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ (United Nations Security Council) អំពី​​ទាហាន​ថៃ​​ចំនួន ៣០០​នាក់ បាន​ចូល​​​ឈ្លានពាន​ទឹក​ដី​កម្ពុជា ដោយ​ប្រើ​ពាក្យ​ថា ថៃ​បាន​ឈ្លានពាន​កម្ពុជា ទាំង​កម្រោល ដោយ​ថៃ បាន​លើក​ទ័ព​ចូល​​​តំបន់​ក្បែរ​​ប្រាសាទ​​​​ព្រះវិហារ​ច្រើន​មុខ​ព្រួញ កាល​ពី​ថ្ងៃ​ទី​៤ និង ៥ កុម្ភៈ​​នេះ។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ដែល​ផ្ញើ​ជូន​លោក ម៉ារៀ លូហ្សា រីប៊ែរ៉ូ វីយូទី (Maria Luiza Riberio Viotti) ប្រធាន​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​បង្ហាញ​ថា តំបន់​ដែល​ទាហាន​ថៃ បាន​ឈ្លាន​​ពាន​​នោះ មាន​ដូចជា ចំណុច​តំបន់​សម្បុក​ឃ្មុំ ចម្ងាយ​ពី​កាំជណ្ដើរ​ប្រាសាទ​ព្រះវិហារ ៥០០​ម៉ែត្រ និង​ចំណុច​​​វាល​ឥន្ទ្រី និង​ភ្នំ​ទ្រព្យ ដែល​មាន​​ចម្ងាយ​ប្រហែល​ពី ១.១២០ ទៅ ១.៦០០​ម៉ែត្រ ពី​បន្ទាត់​ព្រំដែន ហើយ​ទាហាន​ថៃ បាន​បាញ់​​ផ្តក់​កាំភ្លើង​ធំ​ទំហំ ១៣០ និង ១៥៥​មិល្លីម៉ែត្រ ចូល​ក្នុង​ទឹកដី​កម្ពុជា ចម្ងាយ​ប្រហែល ២០​គីឡូ​ម៉ែត្រ ដែល​បណ្ដាល​ឲ្យ​បែកបាក់​ខូចខាត​ប្រាង្គ​ប្រាសាទ​ព្រះវិហារ ដែល​ជា​កេរមរតក​របស់​បេតិកភណ្ឌ​ពិភពលោក​យ៉ាង​ធ្ងន់ធ្ងរ និង​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ រួម​ទាំង​ជន​ស៊ីវិល​​របួស និង​ស្លាប់​ ១០​នាក់​​ថែម​ទៀត។

លិខិត​ដដែល​បាល​រំឭក​ថ្ងៃ​ខែ​ដែល​ថៃ បាន​​ឈ្លានពាន​កម្ពុជា ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ មក ហើយ​បាន​ចោទ​ភាគី​ថៃ​ថា បាន​រំលោភ​​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ អង្គការ​សហប្រជាជាតិ រំលោភ​លើ​កតិកា​មិត្តភាព​តំបន់​អាស៊ី​អាគ្នេយ៍ និង​បំពាន​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ភាគី​ទាំង​ពីរ កម្ពុជា-​ថៃ ​ស្ដី​ពី​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

លិខិត​ដដែល​នោះ​បាន​ស្រង់​ប្រសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា ៖ "ដោយ​ហេតុផល​នៃ​ការ​ឈ្លានពាន​យ៉ាង​កម្រោល​ម្ដង​ហើយ​ម្ដង​ទៀត​របស់​ប្រទេស​ថៃ​ដូច្នេះ ខ្ញុំ​សូម​អបអរ និង​ដឹង​គុណ​បំផុត បើ​សិន​ជា​ឯកឧត្ដម​អាច​​ចែកចាយ​លិខិត​នេះ​ទៅ​ដល់​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​​​ទាំង​អស់ ដើម្បី​ទុក​ជា​ឯកសារ​ផ្លូវការ"

អំឡុង​ពេល​ជម្លោះ​​មិន​ឈ្នះ​មិន​ចាញ់​ជាង​ពីរ​ឆ្នាំ​នេះ ភាគី​កម្ពុជា​មាន​គម្រោង​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ច្រើន​ដង​មក​ហើយ តែ​ភាគី​ថៃ បាន​ទទូច​សុំ​ឲ្យ​ភាគី​កម្ពុជា កុំ​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ដោយ​សុំ​ឲ្យ​ដោះស្រាយ​ជម្លោះ​ជា​ទ្វេ​ភាគី​វិញ ចំណែក​ភាគី​កម្ពុជា ក៏​បាន​យល់​ព្រម​តាម ប៉ុន្តែ​លើក​នេះ​ភាគី​កម្ពុជា បាន​ប្ដូរ​ចិត្ត។

លោក កុយ គួង រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បន្ថែម ៖ «ក្នុង​លិខិត​បាន​បញ្ជាក់​ថា កម្ពុជា​គ្មាន​ការ​ជ្រើសរើស​ក្រៅ​ពី​ការ​តប​ត​វិញ ក្នុង​ន័យ​​ការពារ​ខ្លួន ការពារ​បូរណភាព​ទឹក​ដី។ សំខាន់​គឺ​ឲ្យ​ក្រុមប្រឹក្សា​នេះ​ដឹង​ថា អ្នក​ណា​ជា​អ្នក​ឈ្លានពាន បំពាន​ច្បាប់​អន្តរជាតិ អ្នក​ណា​ឈ្លានពាន​មក​លើ​អ្នក​ណា។ សំខាន់​គឺ​កម្ពុជា ជា​អ្នក​រងគ្រោះ។ គឺ​លើក​មុន​យើង​បាន​ធ្វើ​លិខិត​ម្ដង​រួច​មក​ហើយ ឥឡូវ​នេះ​ជា​លិខិត​ទី​២ របស់​យើង​អំពី​ការ​រំលោភ​ឈ្លាន​ពាន​យ៉ាង​កម្រោល​ពី​សំណាក់​កងទ័ព​ថៃ»

ទោះ​យ៉ាង​ណា​ក្ដី ភាគី​ថៃ​នៅ​តែ​ទទូច​ដដែល ហើយ​ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​៤ កុម្ភៈ​នេះ លោក កាស៊ីត ភិរម្យ (Kasit Phiromya) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ដែល​បាន​មក​ប្រជុំ​ជាមួយ​សម​ភាគី​កម្ពុជា លោក ហោ ណាំហុង នៅ​សប្ដាហ៍​នេះ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ថា លោក​បាន​សុំ​ឲ្យ​ភាគី​កម្ពុជា ដោះស្រាយ​ជម្លោះ​នេះ​ជា​ទ្វេ​ភាគី គឺ​ជាមួយ​ថៃ បន្ត​ទៅ​ទៀត។

ជម្លោះ​ព្រំដែន​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ រវាង​កម្ពុជា-​ថៃ បាន​ចាប់​ផ្ដើម​​ប្រឈម​មុខ​ផ្នែក​យោធា​ដាក់​គ្នា​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ មក​ម្ល៉េះ ដែល​បណ្ដាល​ឲ្យ​ភាគី​ទាំង​ពីរ​ស្លាប់ និង​របួស​រៀង​ខ្លួន។

នៅ​ថ្ងៃ​ទី​៤ និង​ទី​៥ ខែ​កុម្ភៈ​នេះ កង​ទាហាន​ទាំង​ពីរ​បាន​ពើប​ប្រយុទ្ធ​ផ្ទួនៗ​គ្នា​ពីរ​លើក​ទៀត ដែល​ក្រសួង​ការបរទេស​កម្ពុជា ប្រកាស​ថា បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ និង​ជន​ស៊ីវិល​ស្លាប់ និង​របួស​ជាង ១០​នាក់។

ចំណែក​កាសែត​ថៃ ឌឹ ណេហ្សិន (The Nation) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​នេះ​ថា អ្នក​ភូមិ​ថៃ​ម្នាក់​បាន​ស្លាប់ និង​ទាហាន​ថៃ ៤​នាក់​របួស​ និង​​ទាហាន​ថៃ ៤​នាក់​ផ្សេង​ទៀត​ត្រូវ​បានភាគី​កម្ពុជា​​ចាប់​ខ្លួន ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ ទី​៤ ខែ​កុម្ភៈ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​ទៅ​វិញ​ក្រោយ​ពេល​ប្រយុទ្ធ ហើយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​ប្រាវ​ទៀត​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥ ខែ​កុម្ភៈ ព្រឹក​ឡើង បណ្ដាល​ឲ្យ​ទាហាន​ថៃ​ម្នាក់​ស្លាប់ និង ៤​នាក់​ទៀត​របួស។ ក៏ប៉ុន្តែ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ថា ទាហាន​ថៃ រួម​ទាំង​ជនស៊ីវិល ១៦​នាក់​បាន​ស្លាប់ ហើយ​កម្ពុជា ចាប់​ខ្លួន​ទាហាន​ថៃ ៥​នាក់។

ទាក់ទង​ទៅ​នឹង​ជម្លោះ​ប្រដាប់​អាវុធ​នេះ​ដែរ សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា សហរដ្ឋ​អាមេរិក​បាន​តាម​ដាន​ព្រឹត្តិការណ៍​ទំនាស់​​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​យ៉ាង​ដិតដល់ អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ កម្ពុជា-​ថៃ ឲ្យ​ចេះ​អត់ធ្មត់​ដាក់​គ្នា​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​នៅ​ក្នុង​តំបន់​អាស៊ី​ដូចគ្នា។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ស្រង់​សម្ដី អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​អាមេរិក លោក ហ្វីលីព ក្រៅដ៍ឡី (Philip Crowley) ដោយ​បាន​អំពាវនាវ​ថា ៖ "សហរដ្ឋ​អាមេរិក​សុំ​ជំរុញ​ភាគី​ទាំង​ពីរ​ឲ្យ​អត់ធ្មត់​ខ្លាំង​បំផុត ហើយ​ប្រកាន់​យក​រាល់​​ជំហាន​ណា​​ដែល​អាច​កាប់​បន្ថយ​ភាព​តានតឹង ដើម្បី​ចៀសវាង​ការ​ប៉ះទង្គិច​គ្នា​ទៅ​ថ្ងៃ​ក្រោយ​ទៀត"

ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ-​កម្ពុជា លើក​នេះ បាន​ធ្វើ​ឲ្យ​អង្គការ​សមាគម​ប្រជាជាតិ​អាស៊ាន (ASEAN) ព្រួយ​បារម្ភ​ផង​ដែរ។

អគ្គលេខាធិការ​សមាគម​អាស៊ាន លោក​បណ្ឌិត ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) មាន​ប្រសាសន៍​ថា លោក​បាន​ទាក់ទង​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ គឺ​លោក ហោ ណាំហុង និង​លោក កាស៊ីត ភិរម្យ (Kasit Piromya) ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ​កុំ​ឲ្យ​ក្ដៅ​ក្រហាយ​ដាក់​គ្នា​ផង​ដែរ ហើយ​សុំ​ឲ្យ​ភាគី​ទាំង​ពីរ​ចូល​តុ​ចរចា​គ្នា​ជា​បន្ទាន់។

លោក ស៊ូរិន ពិតសិវណ្ណ ដែល​ជា​ជនជាតិ​ថៃ ហើយ​ត្រូវ​បាន​កាសែត​ថៃ ឌឹ ណេហ្សិន ស្រង់​សម្ដី​ដែរ​នោះ បាន​បញ្ជាក់​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​​ទាហាន​ថៃ និង​ទាហាន​ខ្មែរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​សន្តិសុខ និង​សេចក្ដី​ទុក​ចិត្ត​ក្នុង​តំបន់ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច ដែល​កំពុងតែ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់៕