កម្ពុជា​និង​ថៃ​គ្រោង​ចរចា​គ្នា​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ

មន្ត្រី​ថៃ​និង​មន្ត្រី​កម្ពុជា នឹង​ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ដោះស្រាយ​ពី​បញ្ហា​ក្នុង​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​ពិភពលោក ។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា រដ្ឋមន្រ្តី​ការ​បរទេស​ថៃ លោក នុបផាដុន ផត្តាម៉ា បាន​អះអាង​ថា លោក​នឹង​នាំ​គណៈ​ប្រតិភូ​ថៃ​ទៅ​ចូលរួម ដើម្បី​ធ្វើការ​ចរចា​ទ្វេ​ភាគី​ជាមួយនឹង​មន្រ្តី​ខ្មែរ នៅ​ថ្ងៃ​ទី២ និង​ទី​៣ ខែ​ឧសភា ខាងមុខ​នេះ តាម​ការ​អញ្ជើញ​ពី​អង្គការ​អប់រំ​វិទ្យាសាស្រ្ត និង​វប្បធម៌ នៃ​សហប្រជាជាតិ ដែល​ហៅកាត់​ថា យូណេស្កូ (UNESCO) ។

យូណេស្កូ​ចង់​ឲ្យ​ភាគី​ទាំង​ពីរ​ជជែក​ពិភាក្សា​គ្នា​អំពើ​សំណើ​របស់​កម្ពុជា ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ។

គេសង្ឃឹមថា ការ​មិន​ចុះសម្រុង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ជុំវិញ​ដែន​សីមា​នៃ​ប្រាសាទ​ព្រះវិហារ នឹង​ត្រូវ​បាន​ដោះស្រាយ​មុន​ពេល​គណៈកម្មាធិការ​មរតក​ពិភពលោក ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ខាងមុខនេះ ។

តុលាការ​អន្តរជាតិ អាយ​ស៊ី​ជេ (ICJ) កាលពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ បាន​សម្រេច​ថា​ប្រាសាទ​ព្រះវិហារ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ៕