កម្ពុជា-​ថៃ​នៅ​មិន​ទាន់​ឯកភាព​គ្នា​រឿង​ដក​កង​ទ័ព

ភាគី​ថៃ និង​ភាគី​កម្ពុជា នៅ​មិន​ទាន់​បាន​ចុះ​សម្រុង​ជាមួយ​គ្នា​នៅ​ឡើយ​ទេ ដើម្បី​កង​ទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន ទំហំ​ជាង ១៧​គីឡូ​ម៉ែត្រ​ក្រឡា តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១២ ថា កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ នៅ​មិន​ទាន់​អាច​ដក​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន​នោះ​នៅ​ឡើយ​ទេ ដោយសារ​តែ​ក្រុម​ការងារ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា-​ថៃ (GBC) នៅ​មិន​ទាន់​បាន​ចុះ​សម្រុង​ជាមួយ​គ្នា​លើ​ការ​កំណត់​ពេល​វេលា និង​ចំនួន​កងទ័ព។

លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រសួង​ការពារ​ជាតិ​ថា ក្រុម​ការងារ​ចម្រុះ​កម្ពុជា និង​ថៃ នៅ​តែ​បន្ត​ដោះស្រាយ៖ «តែ​រឿង​ជាក់ស្ដែង​មួយ​ចំនួន គឺ​ហាក់​ដូច​ជា​មិន​ទាន់​មាន​ស្អី​ដែល​ធ្ងន់ធ្ងរ​ដូច​មុន​ទៀត​ទេ។ ...​ឥឡូវ​ហ្នឹង​វា​ធូរស្រាល​បាន​មួយ​ចំណែក ...​អា​រឿង​ហ្នឹង​គឺ​មាន​បញ្ហា​ខ្លះ គឺ​វា​ត្រូវ​តែ​ឯកភាព​គ្នា​ទាំង​ពីរ​ដែរ បើ​មិន​អ៊ីចឹង​វា​ធ្វើ​អី​កើត វា​ត្រូវ​តែ​ឯកភាព​ទាំង​សង​ខាង ធ្វើ​យ៉ាង​ណា ថ្ងៃ​ណា ពេល​ណា?»

ទាក់ទង​នឹង​បញ្ហា​នៃ​ការ​ពន្យារ​ពេល​ការ​ដក​កងទ័ព​នេះ អ្នក​វិភាគ​នយោបាយ និង​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​ក្រុម​ការងារ​នេះ គឺ​ជា​បន្ទុក​ថ្មី​មួយ​ទៀត ធ្វើ​ឲ្យ​ការ​ដោះស្រាយ​ប្រឈម​មុខ​នឹង​ភាព​ស្មុគស្មាញ។

លោក សុខ ទូច៖ «អ៊ីចឹង​បើ​គេ​ចង់​ដោះស្រាយ មិន​ចាំបាច់​បង្កើត​អី​ទេ។ យើង​យក​អ្វី​ដែល​ជា​តួនាទី​របស់​អាស៊ាន​មក​ប្រើប្រាស់​ទៅ​វា​ចប់​ហើយ ក្រោម​ការ​សង្កេតការណ៍​របស់​ឥណ្ឌូនេស៊ី​ហ្នឹង ពីព្រោះ​ពេល​ដែល​ថៃ មក​ឈ្លានពាន ខ្មែរ​មាន​បាន​បង្កើត​គណៈកម្មការ​ដែរ​ឬ​ទេ? អ៊ីចឹង​វា​គ្រាន់​តែ​ជា​ជំងឺ​ពន្យារ​កំណើត​នៃ​ជំងឺ​លាប់​របស់​ប្រទេស​ថៃ តែ​ប៉ុណ្ណឹង​ទេ»

អស់​រយៈពេល ៨​ខែ​មក​ហើយ តាំង​ពី​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ គឺ​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ នៅ​មិន​ទាន់​បាន​ដក​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ​នៅ​ឡើយ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា Marty Natalegawa) ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​បញ្ជាក់​ថា ប្រទេស​ឥណ្ឌូនេស៊ី បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​បញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​មក​ឈរ​ជើង និង​ត្រួត​ពិនិត្យ​លើ​បទ​ឈប់​បាញ់​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ។

កន្លង​មក​ប្រទេស​ឥណ្ឌូនេស៊ី មាន​គំរោង​ការ​បញ្ជូន​អ្នក​សង្កេតការណ៍​សរុប​ចំនួន ៣០​នាក់ គឺ​ឈរ​ជើង​នៅ​ភាគី​កម្ពុជា ១៥​នាក់ និង​ភាគី​ថៃ ចំនួន ១៥​នាក់។ ប៉ុន្តែ​ផែនការ​នោះ​ត្រូវ​បាន​ពន្យារ​រហូត​ដល់​ពេល​នេះ ដោយសារ​ត្រូវ​រង់ចាំ​ការ​សំរេច​ពី​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា-​ថៃ ជា​មុន​សិន។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក យុទ្ធសក្ដិ សាស៊ីប្រាផា (Yuthasak Sasiprapha) ដែល​ជា​សហ​ប្រធាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា-​ថៃ​នោះ បាន​ឯកភាព​គ្នា​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​ចម្រុះ​កម្ពុជា-​ថៃ មួយ​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ដើម្បី​ដោះស្រាយ​ឲ្យ​មាន​ការ​ដក​កងទ័ព​តាម​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ ប៉ុន្តែ​ការ​ដក​កងទ័ព​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ។

ទាក់ទង​នឹង​វិស័យ​កងទ័ព​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១២ បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​លំហាត់​យោធា​រួម​គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​សហរដ្ឋ​អាមេរិក គឺ​ជា​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ឲ្យ​មាន​ជំនាញ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា លំហាត់​យោធា​រួម​គ្នា​នោះ ឬ​ហៅ​ថា ឆ្មាំ​អង្គរ ឆ្នាំ​២០១២ កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​កំពត និង​ខេត្ត​កំពង់ស្ពឺ ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ដល់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១២ ដែល​មាន​កងទ័ព​សរុប​ជាង ៥០០​នាក់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។