ទូរទស្សន៍​កម្ពុជា​ចាប់​ផ្ដើម​ប្រកួតប្រជែង​កម្មវិធី​ផ្សាយ​នៅ​ឆ្នាំ​ថ្មី

នៅ​ក្នុង​ឆ្នាំ​២០១២ នេះ ស្ថានីយ​ទូរទស្សន៍​ថ្មី​មួយ​ចំនួន បាន​ចាប់​ផ្ដើម​កម្មវិធី​ផ្សាយ​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ​ដែរ ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ចាប់​ផ្ដើម​បង្កើន​ម៉ោង​ផ្សាយ និង​បង្កើត​កម្មវិធី​ថ្មីៗ បម្រើ​ប្រជាពលរដ្ឋ​ផង​ដែរ។ នេះ​ជា​ការ​ប្រកួតប្រជែង​មួយ​ថ្មី​នៅ​ក្នុង​វិស័យ​ទូរទស្សន៍​ក្នុង​ឆ្នាំ​ថ្មី។

0:00 / 0:00

ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១២ ជា​ថ្ងៃ​ដំបូង​សំរាប់​ស្ថានីយ​ទូរទស្សន៍ ហង្សមាស បាន​ចាប់​ផ្ដើម​ផ្សាយ​សាកល្បង​កម្មវិធី​របស់​ខ្លួន​ហើយ ដើម្បី​ធ្វើ​ការ​ប្រកួតប្រជែង​ជាមួយ​ទូរទស្សន៍​ដទៃ​ទៀត ដែល​កំពុង​មាន​សកម្មភាព​នៅ​កម្ពុជា។

ទន្ទឹម​នឹង​នេះ​ដែរ ស្ថានីយ​ទូរទស្សន៍​ជាតិ ដែល​ជា​ទូរទស្សន៍​រដ្ឋ ក៏​បាន​បន្ថែម​ម៉ោង​ផ្សាយ​របស់​ខ្លួន​ដែរ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១២ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ទូរទស្សន៍​ឯកជន ដែល​មាន​ទាំង​អស់​ប្រហែល​ចំនួន ១០​ស្ថានីយ។

អគ្គនាយក​នៃ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស ដែល​ជា​ទូរទស្សន៍​ឯកជន លោក អេង ឆាយងួន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ មករា ថា ស្ថានីយ​ទូរទស្សន៍​របស់​លោក​នឹង​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ ផ្សាយ​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ១១​យប់ ដែល​នឹង​ផ្សាយ​ព័ត៌មាន​ជាតិ ព័ត៌មាន​អន្តរជាតិ និង​កម្មវិធី​ផ្សាយ​ដទៃ​ទៀត។

លោក អេង ឆាយងួន បាន​បញ្ជាក់​អំពី​គោលបំណង​នៃ​ការ​បើក​ស្ថានីយ​ទូរទស្សន៍​ហង្សមាស ដូច្នេះ៖ «ដើម្បី​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​លើក​កម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា»

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ចាប់​ពី​ថ្ងៃ​ទី​១ មករា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ចូល​ឆ្នាំ​សាកល ឆ្នាំ​២០១២ ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទ.ទ.ក.) ក៏​បាន​បន្ថែម​ម៉ោង​ផ្សាយ​របស់​ខ្លួន​ដែរ ដែល​កាល​ពី​មុន​គេ​សម្រាក​ការ​ផ្សាយ​ចាប់​ពី​ព្រឹក​ថ្ងៃ​ពុធ ដល់​ព្រឹក​ថ្ងៃ​សុក្រ។

អគ្គនាយក​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា លោក គឹម គុណវឌ្ឍន៍ មាន​ប្រសាសន៍​ថា ទូរទស្សន៍​ជាតិ​កម្ពុជា បាន​បន្ថែម​ម៉ោង​ផ្សាយ​របស់​ខ្លួន ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​ពី​១៧ ទៅ ១៨​ម៉ោង ផ្សាយ ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ លោក​បញ្ជាក់​ថា ការ​បន្ថែម​ម៉ោង​ផ្សាយ​នេះ នឹង​បង្កើត​កម្មវិធី​សំខាន់ៗ​ចំនួន ៤ រួម​មាន​ព័ត៌មាន​ពេល​ព្រឹក ដែល​នឹង​ចាប់​ផ្ដើម​ផ្សាយ​នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ។

កម្មវិធី​បណ្ដុះបណ្ដាល​អំពី​ជំនាញ មាន​ដូច​ជា​កម្មវិធី​កសិកម្ម កម្មវិធី​បណ្ដុះ​វិជ្ជាជីវៈ ដូច​ជា​បង្រៀន​ជំនាញ​ខ្លី និង​មធ្យម ជួសជុល​បរិក្ខារ​សង្ហារិម ជួសជុល​ម៉ូតូ និង​កម្មវិធី​ធ្វើ​ជាមួយ​ដៃគូ​មួយ​ចំនួន​ទៀត។

លោក គឹម គុណវឌ្ឍន៍ បាន​អះអាង​ថា កម្មវិធី​ទាំង​នេះ​នឹង​ចាប់​ផ្ដើម​ផ្សាយ​នៅ​ដើម​ខែ​មីនា ខាង​មុខ​នេះ វា​អាស្រ័យ​ទៅ​លើ​ពេល​វេលា​ដែល​អាច​ទៅ​បាន។ លោក​បន្ថែម​ថា លទ្ធភាព​ដែល​អាច​បង្កើន​ម៉ោង​ផ្សាយ​បាន​នេះ ដោយសារ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ព័ត៌មាន និង​រដ្ឋាភិបាល ដែល​បាន​ផ្ដល់​ម៉ាស៊ីន​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ កន្លង​ទៅ។

មន្ត្រី​គណបក្ស​ប្រឆាំង​បាន​រិះគន់​ថា ទោះ​បី​ជា​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​ជា​ទូរទស្សន៍​រដ្ឋ បង្កើត​ឡើង​រាប់​សិប​ឆ្នាំ​មក មាន​ការ​បន្ថែម​ម៉ោង​ផ្សាយ និង​បង្កើន​កម្មវិធី​ថ្មីៗ​ទៀត​ក៏ដោយ ក៏​វា​មិន​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទាំង​ស្រុង​នោះ​ឡើយ។

លោក យឹម សុវណ្ណ ជា​មន្ត្រី​នាំ​ពាក្យ​នៃ​គណបក្ស សម រង្ស៊ី។ លោក​មាន​ប្រសាសន៍​ថា ទូរទស្សន៍​ជាតិ ផ្សាយ​តែ​សកម្មភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​បាន​ផ្សាយ​អំពី​រឿង​អយុត្តិធម៌​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​នោះ​ឡើយ ដូច​ជា​ករណី​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​ដីធ្លី​ជា​ដើម។

លោក គឹម គុណវឌ្ឍន៍ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​លោក​បាន​លើក​ហេតុផល​ថា ការ​ផ្សាយ​ព័ត៌មាន​កន្លង​មក​នោះ​ផ្សាយ​ទូទៅ ពិសេស​គឺ​សកម្មភាព​របស់​រដ្ឋាភិបាល​ដែល​មន្ត្រី​រដ្ឋាភិបាល​ទាំង​នោះ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ហើយ​បាន​ជា​គេ​មើល​ឃើញ​ថា ការ​ផ្សាយ​វា​លំអៀង​នោះ។

ទូរទស្សន៍​ជាតិ​កម្ពុជា ចំណាយ​ថវិកា​អស់​ជាង ១០០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ។ បច្ចុប្បន្ន​មាន​បុគ្គលិក​សរុប​ជាង ៣០០​នាក់ ហើយ​ស្ថានីយ​ទូរទស្សន៍​នេះ​នឹង​ជ្រើសរើស​យក​បុគ្គលិក​ប្រមាណ ៧០​នាក់​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ ក្នុង​ពេល​មាន​ការងារ​ផ្សាយ​បន្ថែម​ម៉ោង៕